ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​ចំនួន​៥០​រូប មកពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ “High Level Segment – Leader’s Submit and Ministerial Segment Plenary” នៃ​សន្និសីទ​កំពូល​រដ្ឋ​ជា​ភាគី​លើក​ទី​១៥ នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវៈចម្រុះ (CBD-COP 15) តាមរយៈ​ប្រព័ន្ធ​រូបភាព និង​សំឡេង ( អន​ឡាញ​)​។​

កិច្ចប្រជុំ​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១​ដែល​បាន​ដឹកនាំ និង​សម្របសម្រួល​ដោយ លោក Huang Runqiu រដ្ឋមន្ត្រី​អេកូឡូស៊ី និង​បរិស្ថាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ដែលជា​តំណាង​នៃ​ប្រទេស​ជា​សមាជិក និង​អ្នកពាក់ព័ន្ធ​រាប់ពាន់នាក់​។
គួរ​បញ្ជាក់ថា​កិច្ចប្រជុំ​នេះ​រៀបចំឡើង​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សហការ​ជាមួយនឹង​លេខាធិការដ្ឋាន UN-CBD ក្នុង​គោលបំណង​ធានាបាន​នូវ​ការគាំទ្រ​សម្រាប់​កម្រិត​នយោបាយ​ពី​បណ្តា​ថ្នាក់ដឹកនាំ​នៅលើ​ពិភពលោក លើ​ដំណើរ​ការរៀបចំ​ក្របខណ្ឌ​ការងារ​ជីវៈចម្រុះ​សកល​ក្រោយ​ឆ្នាំ​២០២០ (Post-2020 GBF) រួមទាំង​ការពិនិត្យ និង​សម្រេច​លើ​សេចក្តី​ថ្លែង​ការរួម​ទីក្រុង​គួ​ន​មីង (Kunming Declaration)​។​
ក្នុង​ពិធី​ចាប់ផ្តើម​នៃ​កិច្ចប្រជុំ​នេះ បណ្តា​ថ្នាក់ដឹកនាំ​នៅលើ​ពិភពលោក បានធ្វើ​សេចក្តីថ្លែងការណ៍​ដើម្បី​បង្ហាញ​ពី​ឆន្ទៈ និង​ជំហរ​រួម​ក្នុង​ការគាំទ្រ​ដល់​ការរៀបចំ និង​ជម្រុញ​លើ​ការអនុម័ត​ក្របខណ្ឌ​ការងារ​ជីវៈចម្រុះ​សកល​ក្រោយ​ឆ្នាំ​២០២០ នេះ រួមទាំង​មធ្យោបាយ​ធនធាន​ដើម្បី​គាំទ្រ និង​ធានាបាន​នូវ​ប្រសិទ្ធភាព​ក្នុងពេល​អនុវត្ត សំដៅ​ឈាន​ឆ្ពោះទៅ​សម្រេចបាន​នូវ​របៀបវារៈ​ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ ព្រមទាំង​ចក្ខុ​វ​វិស័យ​ឆ្នាំ​២០៥០ ស្តីពី​ការរស់នៅ​ដោយ​ភាពសុខដុមរមនា​ជាមួយ​ធម្មជាតិ​។​
ជា​លទ្ធផល កិច្ច​ប្រជុំបាន​ផ្តោត​សំខាន់​លើ​ការលើក​កំពស់​ការអភិរក្ស​ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី (​ការកសាង​អនាគត​រួមគ្នា​សម្រាប់​ជីវិត​ទាំងអស់​នៅលើ​ផែនដី​) និង​បាន​ពិនិត្យ និង​ពិភាក្សា​លើ​សកម្មភាព​ការងារ រួមមាន​៖ ១/​ការលើក​កំពស់​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ជា​មធ្យោបាយ​ដល់​ការធានាបាន​នូវ​អាហារ សុខភាព ការងារ ពាណិជ្ជកម្ម និង​ការអប់រំ​; ២/​ការផ្សាភ្ជាប់​រវាង​ថវិកា និង​ការកសាង​សមត្ថភាព​ដើម្បី​កំពស់​ប្រព័ន្ធ​អេកូឡូស៊ី​; និង ៣/​ការលើក​កំពស់​សកម្មភាព និង​គំនិត​ផ្តួចផ្តើម​ក្នុងការ​អនុវត្ត​រួមគ្នា​រវាង​ជីវៈចម្រុះ ការប្រែប្រួល​អាកាសធាតុ និង​ដី​/​សមុទ្រ​។ ទន្ទឹមនឹងនេះ និង​តាមរយៈ​កិច្ចប្រជុំតុមូល បណ្តា​ថ្នាក់ដឹកនាំ​ក៏បាន​បន្ត​កិច្ចពិភាក្សា​លើ​ប្រធានបទ​ចំនួន​៤ ជា​បន្តទៀត រួមមាន​៖ ១/​ការយកចិត្តទុកដាក់​ស្តារ​ធនធាន​ជីវៈចម្រុះ​ឡើងវិញ​; ២/​ការលុបបំបាត់​បញ្ហា និង​កង្វះខាត​ហិរញ្ញប្បទាន​ជីវៈចម្រុះ និង​ការធានា​នូវ​មធ្យោបាយ​សម្រាប់​ការអនុវត្ត​; ៣/​ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍន៍​ដោយ​ចីរភាព​; និង ៤/​ចំណេះដឹង អ​វា​នុ​វត្ត និង​ការបែងចែក​ផលប្រយោជន៍​៕សរន