​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ យោធា​អ៊ីរ៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៣​តុលា​ថា​ខ្លួន​បាន​សាកល្បង​ដោយ​ជោគជ័យ​នូវ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​សម្រាប់​ទីតាំង “​រសើបៗ​” ក្នុងអំឡុង​សមយុទ្ធ​នៅ​ភាគ​កណ្តាល​ប្រទេស​អ៊ីរ៉ង់​បន្ទាប់ពី​មាន​ការព្រមាន​ពី​អ៊ីស្រាអែល​និង​អាម៉េរិក​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។​

​លោក​ឧត្តមសេនីយ៍ អា​មៀរ កា​ដឺ រ៉ា​ហ៊ី​មហ្សា​ដេ ជា​មេបញ្ជាការ​មូលដ្ឋានទ័ព​អាកាស ត្រូវបាន​ដក​សម្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Fars ដោយ​និយាយថា​”​ប្រព័ន្ធ​ការពារ​អាកាស​របស់​​ប្រទេស​ត្រូវ​បាន​រៀបចំ​យ៉ាង​ល្អឥតខ្ចោះ​ដើម្បី​ការពារ​ទីតាំង​សំខាន់​និង​រសើប​តាមរយៈ​ប្រព័ន្ធ​ការពារ​ពហុ​ស្រទាប់​”​។​

​សមយុទ្ធ ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​អង្គារ បាន​រួម​បញ្ចូល​ប្រព័ន្ធ​ការពារ​អាកាស “Majid” របស់​កងទ័ពជើងគោក​ជាមួយ​ប្រព័ន្ធ “Dezful”​នៃ​កង​ឆ្មាំ​បដិវត្តន៍​វរជន​ដើម្បី​បំផ្លាញ​​មី​ស៊ី​ល​បញ្ជា​ទិស​ដែល​កំពុង​ហោះ​ចូលមក​។​

​តំបន់​ភាគ​កណ្តាល​របស់​អ៊ីរ៉ង់​គឺជា​ទីតាំង​នៃ​រោងចក្រ​ចម្រាញ់​អ៊ុយ​រ៉ានី​ញ៉ូម​និង​ទីតាំង​នុយក្លេអ៊ែរ​ផ្សេងទៀត​។​

​សមយុទ្ធ​នៅ​ទីនោះ​បាន​កើត​ឡើង​មុន​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​ដែល​រំពឹង​ទុក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដោយ​បេសកជន​សហភាព​អឺរ៉ុប​ម្នាក់​ដើម្បី​សម្របសម្រួល​កិច្ចពិភាក្សា​ស្តី​ពី​ការស្តារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ពោរពេញ​ដោយ​បញ្ហា​ឡើងវិញ​រវាង​ទីក្រុង​តេ​ហេ​រ៉ង់​និង​ប្រទេស​មហាអំណាច​រួម​ទាំង​សហរដ្ឋ​អាម៉េរិក​។​

​លោក​រ៉ា​ហ៊ី​មហ្សា​ដេ​បាន​និយាយថា​”​ខែល​ការពារ​ដ៏​រឹងមាំ​និង​ពហុ​ស្រទាប់​ប្រឆាំងនឹង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​បញ្ជា​ទិស​គឺជា​គោលបំណង​មួយ​នៃ​សមយុទ្ធ​ការពារ​ដែនអាកាស​រួមគ្នា​ដែល​ត្រូវ​​បាន​អនុវត្ត​ប្រកបដោយ​ជោគជ័យ​”​។​

​ប្រមុខ​កងពល​ការពា​រ​អាកាស​លោក​ឧត្តមសេនីយ៍ត្រី​អា​មីរ៉ា​លី ហា​ជី​ហ្សា​ដេ បាន​និយាយថា ប្រព័ន្ធ​ការពារ​អាកាស​ទាំងនេះ​ចាប់ពី​ពេលនេះ​តទៅ​ត្រូវបាន​ដាក់ពង្រាយ​ទូទាំង​ប្រទេស​។​

​លោក​បាន​និយាយថា “​យើង​មិន​មាន​សមត្ថភាព​នេះ​ទេ​កាលពី ១៥ ឆ្នាំមុន​។ យើង​ពឹងផ្អែក​លើ​ឧបករណ៍​បរទេស​សម្រាប់​ប្រព័ន្ធ​រ៉ា​ដា​និង​ប្រព័ន្ធ​មី​ស៊ី​លពី​ដី​ទៅ​អាកាស​”​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ IRNA បាន​និយាយថា រ៉ា​ដា​និង​ប្រព័ន្ធ​ឃ្លាំ​មើល​អេឡិចត្រូនិចក៏​ត្រូវបា​ន​ដាក់ពង្រាយ​នៅក្នុង​ប្រតិបត្តិការ​នេះ​ផង​ដែរ​៕

​សមយុទ្ធ ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​អង្គារ បាន​រួម​បញ្ចូល​ប្រព័ន្ធ​ការពារ​អាកាស “Majid” របស់​កងទ័ពជើងគោក​ជាមួយ​ប្រព័ន្ធ “Dezful” នៃ​កង​ឆ្មាំ​បដិវត្តន៍​វរជន​ដើម្បី​បំផ្លាញ​មី​ស៊ី​លបញ្ជា​ទិ​ស​ដែល​កំពុង​ហោះចូលម​ក