ដោយៈ សុផល / ភ្នំពេញ​៖ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​(CMA) និង​សម្ព័ន្ធ​សហគមន៍ កសិកម្ម​កម្ពុជា (CACA) បាន​ចុះហត្ថលេខា លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ដើម្បី​លើកកម្ពស់ ការទទួលបាន​សេវា​ហិរញ្ញវត្ថុ ចំណេះដឹង​ហិរញ្ញវត្ថុ និង​កិច្ច​សហ ប្រតិបត្តិការ រវាង​វិស័យ​កសិកម្ម និង​មីក្រូហិរញ្ញវត្ថុ នា​រសៀល​នា​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ តាមរយៈ​ប្រព័ន្ធ​អន​ឡាញ Zoom ។

​ថ្លែង​ក្នុង​កម្មវិធី​ដែលមាន​ការចូលរួម​ពី​តំណាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រមទាំង ធនាគារជាតិ​នៃ​កម្ពុជា លោក គា បូរាណ ប្រធាន​ក្រុមប្រឹក្សា ភិ​បាល នៃ​សមាគម មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​សង្កត់ធ្ងន់ថាៈ «​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​នេះ មាន​គោលបំណង លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​កិច្ចសហប្រតិបត្តិការ នៃ​ស្ថាន​ប័ន​ទាំងពីរ តាមរយៈ​ការបញ្ជ្រាប​ចំណេះដឹង ហិរញ្ញវត្ថុ ដល់​សមាជិក​សហគម​ន៍ ការសិក្សា ស្រាវជ្រាវ ការអនុវត្ត​គម្រោង​រួមគ្នា ដើម្បី​ដោះស្រាយ បញ្ហា​ប្រឈម​នានា ក្នុង​វិស័យ​ទាំងពីរ និង​ដើម្បី​ជំរុញអោយមាន​ការ ទទួលបាន​សេវា​ហិរញ្ញវត្ថុ ប្រកបដោយ​ការទទួលខុសត្រូវ និង​និរន្តរភាព​។​»

​លោក រ័ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ នៃ​ធនាគារជាតិ​នៃ​កម្ពុជា បានបញ្ជាក់​ក្នុង សន្ទរកថា របស់លោក​ថាៈ ឥណទាន​ក្នុង​វិស័យ​កសិកម្ម​ក្នុង​ឆ្នាំ​២០២០ មាន​ចំនួន ១៩,៣ ភាគរយ នៃ​ឥណទាន សរុប​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ (២៧,៥ ទ្រី​លាន​រៀល​) ដែល​ស្មើនឹង ៥,៣ ទ្រី​លាន​រៀល ឬ​ជិត ១.៣០០ លាន​ដុល្លា​អាមេរិក​។​

​លោក​បាន​បន្តទៀតថាៈ «​វិស័យ​កសិកម្ម ជា​វិស័យ​ដ៏​មាន​សក្តានុពល និង​ដើរតួនាទី យ៉ាងសំខាន់ ក្នុងការ​គាំទ្រ ដល់​កំណើន​សេដ្ឋកិច្ចជាតិ ហើយ​វិស័យនេះ​បាន​និង កំពុងមាន ការវិវត្ត យ៉ាងខ្លាំង ពី​ការធ្វើ​កសិកម្ម​បែប​ប្រពៃណី ទៅជា​ការធ្វើ​កសិកម្ម តាមបែប​ទំនើប ឬ​កសិឧស្សាហកម្ម តាមរយៈ​ការធ្វើ​ពិពិធ​កម្ម ដើម្បី​ឆ្លើយតប ទៅនឹង​តម្រូវការ​ក្នុងស្រុក និង​ការនាំចេញ​។ ការផ្លាស់ប្តូរ​នេះ ទាមទារ​ជា​ចាំបាច់ នូវ​ធនធានមនុស្ស និង​បច្ចេកទេស​ថ្មីៗ ហើយ​ជាពិសេស ស្ថិតនៅក្នុង​បរិបទ នៃ​ការរីក​រាលដាល ជាស​កល នៃ​ជំងឺ​កូ​វីដ​១៩​នេះ ការទទួលបាន​សេវា​ហិរញ្ញវត្ថុ សម្រាប់​វិស័យ​កសិកម្ម គឺជា​កម្លាំងចលករ​មួយ យ៉ាងសំខាន់ ក្នុងការ​លើកកម្ពស់ ផលិតកម្ម​របស់​កសិក​រ សហគមន៍​កសិកម្ម និង​អ្នកផ្គត់ផ្គង់ ក្នុងការ​ស្តារ និង​លើកកម្ពស់​សេដ្ឋកិច្ចជាតិ​។​»

​ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម នៅ​កម្ពុជា ប្រកបដោយ​ភាពរឹងមាំ និង​និរន្តរភាព លោក​ឧកញ៉ា ហង់ សុគន្ធ ប្រធាន​ក្រុមប្រឹក្សាភិបាល សម្ព័ន្ធ​សហគមន៍​កសិកម្ម​កម្ពុ​ជា បាន​មានប្រសាសន៍ ថាៈ «​ពិតណាស់ ដែល​យើង​ត្រូវ​អភិវឌ្ឍន៍​តាមរយៈ​ការពង្រឹង សមត្ថភាព របស់​សហគមន៍ កសិកម្ម និង​សហភាព​សហគមន៍​កសិក​ម្ម​នឹង​ដែល ត្រូវការ ការចូលរួម​ជា​ចាំបាច់ ពី​ភាគី​ពាក់ព័ន្ធ​នានា ជាពិសេស​ពី​វិស័យ​ហិរញ្ញវត្ថុ​។​»

​លោក ស្រ៊ុន សុខុម អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​កោតសរសើរ ចំពោះ​សម្ព័ន្ធ​សហគមន៍​កសិកម្ម​កម្ពុ​ជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ដែល​បាន​ចុះហត្ថលេខា លើ​អនុស្សរណៈ នៃ​ការ​យោគ យល់​គ្នា​នេះ ដើម្បី​រួមគ្នា អភិវឌ្ឍន៍​វិស័យ​កសិកម្ម នៅ​ជនបទ​កម្ពុជា​។ លោក​រំពឹងថាៈ «​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​រវាង​សម្ព័ន្ធ​សហគមន៍​កសិកម្ម កម្ពុជា និង​សមាគម មីក្រូហិរញ្ញវត្ថុ​កម្ពុជា ឆ្លើយតប​ទៅនឹង​អភិក្រម​នៃ​ភាពជា​ដៃគូ ព្រមទាំង​ចូលរួម​លើកកម្ពស់ បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ នៅក្នុង​វិស័យ​កសិកម្ម​ជាពិសេស សម្រាប់​គ្រួសារ​កសិករ នៅ​ជនបទ នៃ​ប្រទេស​កម្ពុជា​។​»

​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​នេះ ក៏មាន​អម​ផងដែរ នូវ​វេទិកា​ពិភាក្សា ស្តីពី «​ការទទួលបាន​សេវា​ហិរញ្ញវត្ថុ សម្រាប់​វិស័យ​កសិកម្ម​» ដែល​បានលើកឡើង ពី​បញ្ហា​ប្រឈម​របស់​កសិករ ឬ​សហគមន៍​កសិកម្ម​ក្នុងការ ទទួលបាន សេវា​ហិរញ្ញវត្ថុ ហើយ​និង​មានការ​បង្ហាញ នូវ​សេវាកម្ម​ខ្លះៗ​ដែលមាន ស្រាប់ ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដើម្បី​អាច​ឆ្លើយ តប​នឹង​តម្រូវការ សម្រាប់​វិស័យ​កសិកម្ម​។

​សម្ព័ន្ធ​សហគមន៍​កសិកម្ម​កម្ពុ​ជា ត្រូវបាន​បង្កើតឡើង​ដោយ​មហាសន្និបាត​កំណើត ដំបូង នា​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ និង​ទទួលបាន​វិញ្ញាបនបត្រ បញ្ជាក់​ការចុះបញ្ជី​ពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ គឺជា​រចនាសម្ព័ន្ធ​ចាត់តាំង​កំពូល របស់​សហគមន៍ កសិកម្ម និង​សហភាព​សហគមន៍ កសិកម្ម ដែល​ត្រូវបាន​បង្កើតឡើង ក្នុង​គោលបំណង​ឲ្យ​មាន តំណាង​ស្របច្បាប់ ក្នុង​ក្របខ័ណ្ឌ​ជាតិ ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍ ព្រមទាំង​ជួយ​សម្របសម្រួល ផ្តល់​សេវាកម្ម​គាំទ្រ ពង្រឹង​និង​ពង្រីក សមត្ថភាព​របស់​សមា​ជិ​ក ឲ្យ​ធានាបាន​នូវ ភាពជោគជ័យ ក្នុងការ​បំពេញ បេសកកម្ម និង​មុខងារ​របស់ខ្លួន នៅក្នុង​ការអភិវឌ្ឍ វិស័យ​កសិកម្ម សង្គម និង​សេដ្ឋកិច្ច​។ ដោយ​គិត​ត្រឹម​ដំណាច់ឆ្នាំ​២០២០ សម្ព័ន្ធ សហគមន៍​កសិកម្ម​ក​ម្ពុ​ជា មាន​សមាជិក​សរុប ចំនួន ១.២០០ ជា​សហគមន៍​កសិកម្ម និង ១១ ជា​សហភាព​សហគមន៍​កសិកម្ម ដែលមាន​សមាជិក សរុប ១៤៤.៣០៦ នាក់ ដែល​ក្នុងនោះ សមាជិក​ជា​ស្ត្រី ៦២,៧៩% ស្មើនឹង ៩០.៣០៦ នាក់ និង​មាន​ដើម ទុន​សរុប​ប្រមាណ ៩៩,៤៨៩ (​កៅសិប​ប្រាំបួន​ពាន់ បួន​រយ​ប៉ែតសិប​ប្រាំបួន​) លាន​រៀល​។​

​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (​ស​.​ម​.​ក​.) គឺជា​សមាគមវិជ្ជាជីវៈ មិន​រកប្រាក់​ចំណេញ មាន​គោលដៅ​ធានា​អោយបាន​ថា ប្រជាជន​កម្ពុជា​គ្រប់រូប ទទួលបាន​នូវ​សេវា ហិរញ្ញវត្ថុ ផ្លូវការ ប្រកបដោយ​ភាព​សំបូរបែប ទាន់ពេលវេលា​តាមរយៈ​ប្រព័ន្ធ ហិរញ្ញវត្ថុ ប្រកបដោយ និរន្តរភាព​។ សមាគម​អាច​សម្រេច​គោលដៅ​នេះ​បាន តាមរយៈ​ការសម្របសម្រួល ជាមួយ​ប្រតិ​ប​ត្ត​ករ ព្រមទាំង​ពង្រឹង​ទំនាក់ទំនង ជាមួយ​អាជ្ញាធរ ម្ចាស់ជំនួយ អ្នកផ្តល់​ឥណ ទាន និង​វិនិយោគ​គិ​ន​។ សមាគម មីក្រូហិរញ្ញវត្ថុ​កម្ពុជា គឺជា​តំណាង​ស្របច្បាប់ របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​សមាជិក ដែល​ត្រូវបាន​ចុះបញ្ជី នៅ​ក្រសួងមហាផ្ទៃ និង​ត្រូវបាន​ទទួលស្គាល់ ដោយ​ធនាគារ ជាតិ​នៃ​កម្ពុជា​។

​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា មាន​សមាជិក​ចំនួន ១១៥ រួមមាន គ្រឹះស្ថាន​មីក្រូ ហិរញ្ញវត្ថុ ទទួល​ប្រាក់​បញ្ញើ​ចំនួន​៦ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មិន​ទទួល​ប្រាក់​បញ្ញើ ចំនួន ៧០ ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ ចំនួន​១២ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ ចំនួន ២៣ និង​ធនាគារ​ចំនួន ៤​។ សមាជិក​របស់​របស់​សមាគម (​ដោយ​មិន​ប​ញ្ជូ​ល​ទិន្នន័យ ធនាគារ​) បាន​នឹង​កំពុងផ្តល់​ឥណទាន សរុប​ជាង ៧ ប៊ី​លាន​ដុល្លា​អាមេរិក ជូន​អតិថិជន ចំនួន​ជិត ២ លាន​នាក់ ខណៈ​អតិថិជន ដាក់​ប្រើ​បញ្ញើ​មាន​ចំនួន ២,៨ លាន​នាក់ ដែលមាន​ប្រាក់​បញ្ញើ សរុប​ប្រមាណ ៣,៨ ប៊ី​លាន​ដុល្លា​អាមេរិក​៕/V​-PC