ដោយៈ ប​.​ខុន / ភ្នំពេញៈ ព្យុះ​ទី​១៨ Komoasu បាន​រលាយ​ហើយ តែ​មិនមាន​ឥទ្ធិពល ទឹកភ្លៀង​ច្រើន ដល់​តំបន់​អាង​ទន្លេមេគង្គ ដូច​ការរំពឹងទុក​នោះទេ ទឹកទន្លេ​មេគង្គ អាច​ងើប ឡើង​តិចតួច ឯ​ទឹក​បឹង​ទន្លេសាប ក៏​នៅ​បន្ត​ងើបឡើង​តិចៗ ជា​លំដាប់ ឈានទៅរក​កម្រិត កម្ពស់ ៦ ម៉ែត្រ នៅពេល​ខាងមុខ​។​

​លោក ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជាម​ន្ត្រី​ជំនាញ​ជលសា​ស្ត្រ ក្រសួង​ធន ធាន​ទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ ២០២១​ថាៈ ព្យុះ​ទី​១៨ Komoasu បាន​រលាយ​ហើយ តែ​មិនមាន​ឥទ្ធិពល ទឹកភ្លៀង​ច្រើន ដល់​តំបន់ អាង​ទន្លេមេគង្គ ដូច​ការរំពឹងទុក​នោះទេ​។ ព្យុះ​បាន​ចុះខ្សោយ​ពេល​ដើរ ជិត​ដល់​ឆ្នេរ និង មាន​ភ្លៀង​តិចតួច ដោយសារ​ជ្រលង​សម្ពាធ​ខ្ពស់ (H) បាន​សង្កត់ ចុះមក​ខ្លាំង ដល់​ភាគ ខាងត្បូង ប្រទេស​ចិន ជា​លើកដំបូង សម្រាប់​ចុងរដូវ​វស្សា ឆ្នាំនេះ​។ ភ្លៀង​បាន​ត្រឹម​ធ្វើឱ្យ ទឹកទន្លេ​មិន​បន្ត​ស្រក​ចុះ​លឿន​ប៉ុណ្ណោះ​។​

​មន្ត្រី​ជំនាញ​ខាងលើ បានបញ្ជាក់​ថាៈ ទឹកទន្លេ​មេគង្គ នៅ​ភាគ​ខាងលើ អាច​ងើបឡើង តិចតួច​រួច ក៏​បន្ត​ស្រក​ចុះ តែ​ស្រក​មិន​ខ្លាំង​ទេ ព្រោះ​បាតុភូត នាំឱ្យមាន​ការធ្លាក់​ភ្លៀង នៅ​បន្ត​មាន​។ ឯ​ទឹក​បឹង​ទន្លេសាប នៅ​បន្ត​ងើបឡើង​តិចៗ ជា​លំដាប់​ឈានទៅរក កម្រិត កម្ពស់ ៦ ម៉ែត្រ ដោយសារ​ភ្លៀង នៅមាន​ធ្លាក់​បន្តបន្ទាប់​នៅ​តំបន់​ជុំវិញ​បឹង ទន្លេសាប ខណៈពេល​អាងទឹក​នានា នៅ​បន្ត​បញ្ចេញ​ទឹក​ចោល ជាមួយនឹង​ដំណាំ​ស្រូវ មិនត្រូវ​ការ​ទឹក​ដែរនោះ​។​

​តាម​ព្រឹត្តិប័ត្រ​ព័ត៌មាន និង​ព្យាករ​កម្ពស់​ទឹក របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៤ ខែតុលា បង្ហាញឱ្យឃើញថា នៅ​ខេត្តស្ទឹងត្រែង ទឹក​មាន​កម្ពស់ ៦,២៣ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៣ ខែតុលា ០,០៩ ម៉ែត្រ នៅ​ខេត្តក្រចេះ ទឹក​មាន​កម្ពស់ ១៥,០២ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៣ ខែតុលា ០,០៦ ម៉ែត្រ នៅ​ខេត្តកំពង់ចាម ទឹក​មាន​កម្ពស់ ៩,៦៣ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៣ ខែតុលា ០,០៦ ម៉ែត្រ នៅ​រាជធានី ភ្នំពេញ ទឹក​មាន កម្ពស់ ៦,៧១ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៣ ខែតុលា ០,០៣ ម៉ែត្រ នៅ​អ្នក​លឿង ទឹក​មាន​កម្ពស់ ៤,៩០ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៣ ខែតុលា ០,០២ ម៉ែត្រ នៅ​ទន្លេបាសាក់ កោះ​ខែល ទឹក​មាន​កម្ពស់ ៦ ម៉ែត្រ ស្មើ​ថ្ងៃទី​១៣ ខែតុលា នៅ​ទន្លេសាប ព្រែក​ក្តាម ទឹក​មាន​កម្ពស់ ៥,៥៩ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៣ ខែតុលា ០,០៣ ម៉ែត្រ នៅ​បឹង​ទន្លេសាប កំពង់​លួង ទឹក​មាន​កម្ពស់ ៥,៤៩ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី ១៣ ខែតុលា ០,០៤ ម៉ែត្រ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ សម្រាប់ ពីថ្ងៃ​ទី ១៣ ដល់​ថ្ងៃទី​១៩ ខែតុលា​ថាៈ ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១៣-១៤ ខែតុលា ទទួល​ឥទ្ធិពល ពី​ជ្រលង​នៃ​ព្យុះ KOMPASU2118 កម្រិត​មធ្យម​។ ពីថ្ងៃ​ទី​១៥-១៧ ខែតុលា ទទួល​ឥទ្ធិពល ពី​ខ្យល់មូសុង​និរតី​ខ្លាំង និង ប្រព័ន្ធ​សម្ពាធ​ទាប ភ្ជាប់​ជាមួយ វិ​សម្ពាធ ដែល​ស្ថិតក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​នៅ​ថ្ងៃទី​១៨ -១៩ ខែតុលា ទទួល ឥទ្ធិពល ពី​ទ្រនង់​សម្ពាធ​ខ្ពស់ ពី​ប្រទេស​ចិន ដែល​រំកិល​ចុះមក​ក្រោម​មកដល់​ភាគ ខាងជើង នៃ​ប្រទេស​កម្ពុជា​។​

​នៅ​ថ្ងៃទី​១២​ខែតុលា ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ថា ក្រោយពី​ឆ្លងកាត់ ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី​១២ ខែតុលា ព្យុះ​ទី​១៨ កុំ​ប៉ា​ស៊ូ KOMPASU បាន​ស្ថិត នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​មាន​ទិសដៅ​ឆ្ពោះ​មក​លិច​។ នៅ​ថ្ងៃទី​១៣-១៤ ព្យុះ​កុំ​ប៉ា​ស៊ូ នឹង​ចូលមក​កោះ​ហៃណាំ បន្ទាប់មក ចូល​ខេត្ត​វិញ ប្រទេស​វៀតណាម និង​ចុងក្រោយ ថយឥទ្ធិពល​ជា​វិ​សម្ពាធ នៅលើ​ប្រទេស​ឡាវ ។​

​នៅក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ ក្នុង​សប្តាហ៍​នេះ​ព្រះរាជាណាចក្រ កម្ពុជា មាន​ទទួល​ឥទ្ធិពល ដូចជា នៅ​ថ្ងៃទី​១៣-១៤ ខែតុលា ទទួល​ឥទ្ធិពល​ពី​ជ្រលង ព្យុះ KOMPASU 2118 ក្នុង​កម្រិត​មធ្យម​។ នៅ​ថ្ងៃទី​១៥-១៧ ខែតុលា ទទួល​ឥទ្ធិពល ពី​ខ្យល់មូសុង​និរតី​ខ្លាំង និង ប្រព័ន្ធ​សម្ពាធ​ទាប ភ្ជាប់​ជាមួយ​វិ​សម្ពាធ ដែល​ស្ថិតក្នុង សមុទ្រ​ចិន​ខាងត្បូង ។ នៅ​ថ្ងៃទី​១៨ -១៩ ខែតុលា ទទួល​ឥទ្ធិពល​ពី​ទ្រនង់​សម្ពាធ​ខ្ពស់ ពី​ប្រទេស​ចិន ដែល​រំកិល​ចុះមក​ក្រោម មកដល់​ភាគ​ខាងជើង​នៃ​ព្រះរាជាណាចក្រ កម្ពុជា​។​

​ស្ថានភាព​បែប​អាកាសធាតុ បែប​ខាងលើ ធ្វើ​ន​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប កណ្តាល មាន​សីតុណ្ហភាព អប្បបរមា​ពី ២២ ទៅ ២៤ អង្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ២៩ ទៅ ៣១ អង្សា​សេ ។ អាច​នឹងមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម និង​នៅ​ថ្ងៃទី​១៣-១៤ ខែតុលា អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​បង្គួរ និង​មាន​ខ្យល់​កន្ត្រាក់ ក្នុង​ល្បឿន​មធ្យម នៅលើ​ខេត្ត​ប៉ៃលិន , ពោធិ៍សាត់ , កំពង់ឆ្នាំង , កំពង់ស្ពឺ , កណ្តាល , តាកែវ​, ព្រៃវែង និង​រាជធានី​ភ្នំពេញ ។​

​សម្រាប់​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព អប្បបរមា ពី ២១ ទៅ ២៣ អង្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ២៩ ទៅ ៣១ អង្សា​សេ អាច​នឹងមាន​ភ្លៀង ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។​

​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា​ពី ២២ ទៅ ២៤ អ​អ្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ២៨ ទៅ ៣០ អង្សា​សេ អាច​នឹងមាន​ភ្លៀង​ក្នុង​កម្រិត ពី​តិច ទៅ​ច្រើន ។ ពីថ្ងៃ​ទី​១៣ ដល់ ១៥ ខែតុលា អាចមាន​ភ្លៀង​ច្រើន និង​មាន​ខ្យល់ កន្ត្រាក់ ក្នុង​ល្បឿនខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ នៅក្នុង​ខេត្តកោះកុង , ព្រះសីហនុ កំពត , និង​ខេត្ត​កែប ។​

​នៅក្នុង​សេចក្តីជូនដំណឹង​ខាងលើ បាន​ក្រើន​រំ​ល​លឹក ដល់​ប្រជាពលរដ្ឋ ឱ្យ​បង្កើន​ការ ប្រុងប្រយ័ត្ន​ខ្ពស់ អំពី​គ្រោះថ្នាក់ ដែល​អាច​កើតមាន ជាយថាហេតុ ៕/V​-PC