​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ បន្ទាប់ពី​បាន​បញ្ជូន​យន្តហោះ​យោធា​ជាច្រើន​គ្រឿង​មក​ចូល​កៀក​កោះ​តៃវ៉ាន់​នៅ​ទិវា​បុណ្យ​ជាតិ​របស់​ចិន ទីក្រុង​ប៉េកាំង​បាន​បន្ថយ​សំឡេង​រំខាន​​របស់​ខ្លួន​បន្តិច​ប៉ុន្តែ​ភាព​តានតឹង​នៅតែ​មាន​កម្រិត​ខ្ពស់​ដដែល ដោយ​វោហា​ស័ព្ទ​និង​ហេតុផល​នៅ​ពីក្រោយ​សមយុទ្ធ​គឺ​មិន​ផ្លាស់ប្តូរ​។​

​ក្រុម​អ្នកជំនាញ​យល់ស្រប​ថា​ជម្លោះ​ដោយផ្ទាល់​គឺ​មិន​ទំនង​ទេ​នៅពេល​នេះ​ប៉ុន្តែ​ខណៈ​អនាគត​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​កាន់តែ​ក្លាយ​ជា​ម្សៅ TNT​ខ្លាំង​ឡើងៗ​ហើយ​ការគិត​ខុស​ឬ​ការ​​គណនា​ខុស​ណាមួយ​អាច​នាំឱ្យ​មាន​ការប្រឈមមុខ​ដាក់គ្នា ខណៈ​មហិច្ឆតា​ចិន​និង​អាម៉េរិក​កាន់តែ​មាន​ភាព​ផ្ទុយស្រឡះ​។​

​ចិន​ស្វះស្វែង​នាំយក​កោះ​ដ៏​សំខាន់​ជា​យុទ្ធសាស្ត្រ​និង​និមិត្តរូប​នេះ​ដាក់​ក្រោម​ការគ្រប់គ្រង​របស់​ខ្លួន​ហើយ​អាម៉េរិក​មើលឃើញ​កោះ​តៃវ៉ាន់​ក្នុង​បរិបទ​នៃ​បញ្ហា​ប្រឈម​កាន់តែ​ទូលំទូលាយ​ពី​ចិន​។​

​លោក ហង់​រី ប៊​យ ជា​អ្នកវិភាគ​ការពារ​ជាតិ​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​ជាមួយ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​បាន​និយាយថា “​តាម​ទស្សនៈ​អាម៉េរិក​គំនិត​នៃ​ការប្រកួត​​ប្រជែង​អំណាច​ដ៏​ធំ​ជាមួយ​ចិន​បាន​ជំរុញ​ឱ្យ​មាន​របៀបវារៈ​នេះ​”​។​

“​តម្រូវការ​ដើម្បី​ក្រោកឈរឡើង​តតាំង​ជាមួយ​ចិន​គឺ​ជា​កត្តា​ជំរុញ​ទឹកចិត្ត​ដ៏​រឹងមាំ ចឹង​បើ​មិន​ច្បាំង​ដូច​ជា​ក្បត់​ផលប្រយោជន៍​អាម៉េរិក​ពេក​ហើយ​”​។​

​ចិន​អះអាងថា​កោះ​តៃវ៉ាន់​ជា​របស់​ខ្លួន​ហើយ​ការគ្រប់គ្រង​កោះ​នេះ​គឺជា​សមាសធាតុ​សំខាន់​នៃ​គំនិត​នយោបាយ​និង​យោធា​របស់​ទីក្រុង​ប៉េកាំង​។ ​មេដឹកនាំ​ស៊ី ជីន​ភីង​កាលពី​ចុង​សប្តាហ៍​បាន​សង្កត់ធ្ងន់​ជាថ្មី​ម្តងទៀត​ថា “​ការបង្រួបបង្រួម​ជាតិ​ត្រូវតែ​សម្រេច​ឱ្យបាន ហើយ​ប្រាកដជា​នឹង​សម្រេច​បាន​”​។ ​គោលដៅ​នេះ​កាន់តែ​មាន​ភាពប្រាកដនិយម​ជាមួយនឹង​ការ​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​កម្លាំងប្រដាប់អាវុធ​របស់​ចិន​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ​។​

​ជា​ការឆ្លើយតប សហរដ្ឋ​អាម៉េរិក​បាន​បង្កើន​ការគាំទ្រ​ដល់​តៃវ៉ាន់​ហើយ​កាន់តែ​ផ្តោត​ការយកចិត្តទុកដាក់​ចំពោះ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក​លោក ណេ​ត ប្រា​យ កាលពី​ថ្ងៃ​អង្គារ​បាន​សង្កត់ធ្ងន់ថា​ការគាំទ្រ​របស់​អាម៉េរិក​ចំពោះ​កោះ​តៃវ៉ាន់​គឺ “​រឹងមាំ​” ដោយ​និយាយថា​”​យើង​ក៏​បញ្ជាក់​ច្បាស់លាស់​ដែរ​ថា​យើង​ប្តេជ្ញាចិត្ត​ពង្រឹង​ទំនាក់ទំនង​របស់​យើង​​ជាមួយ​តៃវ៉ាន់​”​។​

​គោលនយោបាយ​យូរយារ​របស់​វ៉ាស៊ីនតោន​គឺ​ផ្តល់​ការគាំទ្រ​ខាង​នយោបាយ​និង​យោធា​ដល់​តៃវ៉ាន់ ខណៈ​មិន​សន្យា​ចំៗ​ថា​នឹង​ការពារ​តៃវ៉ាន់​ពី​ការ​វាយប្រហារ​របស់​ចិន​ទេ​៕

​ក្រុម​នាវា​អាម៉េរិក​និង​អង់គ្លេស​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ហ្វីលីពីន​កាលពី​ថ្ងៃទី​៣​តុលា​២០២១​