ដោយ​បាយ័ន​/​សៀមរាបៈ​អាជ្ញាធរខេត្ត​សៀមរាប​ថា គ្រឹះស្ថានសិក្សា​របស់​រដ្ឋ​ក្នុង​ខេត្ត ចំនួន​១៧៣​សាលា នឹង​បើក​ឲ្យ​ដំណើរការ​សាកល្បង​នៅ​សប្តាហ៍​ក្រោយនេះ​។​

​កិច្ចប្រជុំ​ពិភាក្សា​មួយ​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អន​ឡាញ ក្រោម​អធិបតីភាព​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប អនុប្រធាន​ប្រចាំការ​នៃ​គណៈកម្មការ​ត្រួត ពិនិត្យ​និង​វាយតម្លៃ​ការបើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១​នេះ គណៈកម្មការ​ត្រួត ពិនិត្យ​និង​វាយតម្លៃ​ការបើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ខេត្តសៀមរាប បាន ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត គណៈ​អភិបាលក្រុង​-​ស្រុក និង​មន្ត្រី​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ក្រុង​-​ស្រុក​ទាំង​១២​របស់​ខេត្ត ។​

​អង្គប្រជុំ​បានធ្វើការ​ពិភាក្សា និង​ឯកភាពគ្នា​អំពី​ការបើក​ដំណើរការ​សាលារៀន សាកល្បង ដែល​គោលការណ៍​នេះ ត្រូវបាន​ដាក់​ជា​សំណើរ​ទៅ​លោក​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​-​វាយតម្លៃ​ការបើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ដើម្បី​សុំ​សេចក្តីសំរេច​ជា​ផ្លូវការ ហើយ​បើសិនជា​គោលការណ៍​នេះ មិនមាន​ការយល់​ជំទាស់​ទេនោះ​។​

​ខេត្តសៀមរាប​នឹងត្រូវ​បាន​បើក​ឲ្យ​ដំណើរការ​សាកល្បង​សាលា​កំ​រឹត​មធ្យមសិក្សា ចំនួន​៤៤​សាលា នៅ​ថ្ងៃទី​១៨​តុលា និង​សាលា​កំ​រឹត​បឋមសិក្សា​ចំនួន ១២៩​សាលា នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ ដែល​សាលារៀន​ទាំងនេះ ស្ថិតនៅក្នុង​ចំណុះ​នៃ រដ្ឋបាល​ស្រុក​ទាំង​៨ ដែល​បានដាក់​ពាក្យស្នើសុំ​កន្លងមក​រួមមាន ៖ ១. ស្រុក​បន្ទាយស្រី , ២. ស្រុក​ស្វាយ​លើ , ៣. ស្រុក​សូទ្រនិគម , ៤. ស្រុក​ប្រាសាទបាគង , ៥. ស្រុក​ស្រីស្នំ , ៦. ស្រុក​វ៉ារិន , ៧. ស្រុក​អង្គរធំ និង ៨. ស្រុក​ក្រឡាញ់ ។​

​ការបើក​ដំណើរការ​សាលារៀន​សាកល្បង​នៅ​ខេត្តសៀមរាប គឺ​ត្រូវបាន​ត្រៀម រួចជាស្រេច​នូវ​ការអនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​ដែល​បានដាក់​ចេញ ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ការអនុវត្ត​វិធានការ​៣​ការពារ និង​៣​កុំ រួមទាំង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ផងដែរ ដែល​ទាំង​បុគ្គលិក​អប់រំ គ្រូបង្រៀន និង​សិស្សានុសិស្ស ត្រូវតែ​ធានាថា បាន​ចាក់​វ៉ាក់សាំង​បង្ការ​រួចហើយ ហើយ​អាជ្ញាធរ​មូលដ្ឋាន ការិយាល័យ​អប់រំ គណៈកម្មការ​ទ្រទ្រង់​សាលា សមាគម​មាតាបិតា​សិស្ស រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ បាន​រួមគ្នា​ទទួលខុស​ត្រូវ ដែលជា​ពិសេស​នោះ គឺ​ការផ្តល់​កិច្ចសហការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​មន្ទីរ សុខាភិបាល ខេត្តសៀមរាប ៕​/PC