ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានមានប្រសាសន៍ឲ្យដឹងថា៖ជាមួយការផ្លាស់ប្តូរអភិ បាលខេត្តចំនួន៧បាន ដំណើរការជាបន្តបន្ទាប់នៅពេលខាងមុខក៏នឹងមានការផ្ទេរផ្ទូរប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនិងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុផងដែរនៅពេលខាងមុខនេះ ។នេះបើយោងតាមការបញ្ជាក់របស់សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងឲ្យដឹងបែបនេះនៅក្នុងឱកាសពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តពោធិសាត់នាព្រឹកថ្ងៃទី ១៤ ខែតុលា ២០២១ ដោយលោក ជាវ តាយ ត្រូវតែងតាំងជាអភិ បាលខេត្តពោធិសាត់ ជំនួសលោក ម៉ៅ ធនិន ដែលត្រូវបានផ្ទេរទៅទទួលតំណែងជាអភិបាលខេត្តកំពត ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖«ការផ្ទេរផ្ទូរមុខតំណែងមន្ត្រីរាជការមុខងារសាធារណៈគឺជាកិច្ចការធម្មតានៃជីវភាពនយោបាយរដ្ឋបាលរបស់យើង លើកនេះគឺមានការផ្ទេរផ្ទូរអភិបាលខេត្តរហូតដល់ទៅ ៧ ខេត្តមានបាត់ដំបង,កំពង់ធំ,ពោធិ៍សាត់,កំពតនិងនៅភូមិភាគឦសានមានស្ទឹងត្រែង,រតនគិរីនិងមណ្ឌលគិរីហើយ ទន្ទឹមនឹងនេះក៏មានកម្មវិធីការផ្ទេរផ្ទូរប្រធានគណបក្សនៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុថែមទៀតនោះជារឿងមួយដែលសម្ដេចវិបុលសេនា សាយ ឈុំ នឹងអញ្ជើញ ធ្វើជាអធិបតីក្នុងការផ្ទេរផ្ទូរភារកិច្ចនេះ»។

គួរបញ្ជាក់ជូនថាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញគឺលោក ប៉ា សុជាតិវង្ស នឹងត្រូវផ្ទេរទៅជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុជំនួសលោក ជាម ហ៊ីម ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុដែលត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជាត្រាស់បង្គាប់តែងតាំងមុខតំណែងជារដ្ឋលេខាធិកាក្រសួងអភិវឌ្ឍន៍ជនបទ ៕