​ប្រែ​សម្រួលៈ​វាសនា​(​រ៉​យ​ទ័រ​)៖ រដ្ឋមន្ត្រីការបរទេស​នៃ​សមាគម​របស់​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​(​អាស៊ាន​) នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃ​សុក្រ​ទី​១៥​តុលា​ដើម្បី​ពិភាក្សា​អំពី​ជំនួប​កំពូល​មួយ​របស់​មេដឹកនាំ​ប្រចាំ​​តំបន់​នាពេលខាងមុខ ដោយ​ក្នុង​កិច្ចពិភាក្សា​នេះ ការ​មិន​អោយ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា លោក​មីន អ៊ុង​ហ្លាំង ចូលរួម​ក្នុង​ជំនួប​កំពូល​នឹងត្រូវ​លើក​មក​ពិភាក្សា នេះ​បើ​តាម​ការបញ្ចេញ​​អោយដឹង​ពី​ប្រភព​មួយ​។​

​អេ​រី​វ៉ាន យូ​សូ​ហ្វ តំណាង​ពិសេស​របស់​អាស៊ាន​សំរាប់​កិច្ចការ​មី​យ៉ាន់​ម៉ា​និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ទី​២​របស់​ព្រុយ​ណេ បាន​និយាយថា របប​យោធា​មី​យ៉ាន់​ម៉ា​មិនបាន​អនុវត្ត​ពេញលេញ​ផែនការ​​សន្តិភាព​៥​ចំណុច​ដែល​បាន​ព្រមព្រៀង​គ្នា​រួចហើយ​

​ប្រភព​ព័ត៌មាន​បាន​និយាយថា កិច្ចប្រជុំ​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ ដោយ​មាន​ប្រធាន​អាស៊ាន​គឺ​ប្រទេស​ព្រុយ​ណេ ជា​អ្នកដឹកនាំ​កិច្ចប្រជុំ​។​វា​នឹង​ពិភាក្សា​អំពី​ការ​មិន​អញ្ជើញ​មេដឹកនាំ​​យោធា​មី​យ៉ាន់​ម៉ា​មក​ចូលរួម​ជំនួប​កំពូល​អាស៊ាន​នៅ​ខែ​នេះ ដោយសារតែ​ខ្វះ​ការរីកចំរើន​លើ​ផែនទី​បង្ហាញផ្លូវ​ដែល​បាន​ព្រមព្រៀង​គ្នា​រួច​ហើយ​មួយ​ដើម្បី​ស្តារ​សន្តិភាព​នៅក្នុង​ប្រទេស​ហែកហួរ​​ដោយ​ចលាចល​ក្រោយ​រដ្ឋប្រហារ​មួយ​នេះ​។​

មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា លោក​មីន អ៊ុង​ហ្លាំង

​ព័ត៌មាន​អំពី​ចំណាត់ការ​របស់​អាស៊ាន​លើ​សមាជិក​ខ្លួន​មួយ​នេះ កើតឡើង​នៅពេល​អ្នកនាំពាក្យ​រដ្ឋាភិបាល​យោធា​មី​យ៉ាន់​ម៉ា​បាន​និយាយ​នៅ​ថ្ងៃ​១៤​តុលា​នេះ​ថា យោធា​មី​យ៉ាន់​ម៉ា​នឹង​មិន​រារាំង​តំ​​ណា​ង​ពិសេស​របស់​អាស៊ាន​ក្នុង​ការចូល​មក​ពិនិត្យមើល​ប្រទេស​នេះ​ទេ តែ​នឹង​មិន​ត្រូវបាន​អនុញ្ញាត​អោយ​ចូល​ជួប​អតីត​មេដឹកនាំ​អ៊ុង សាន ស៊ូ​ជី ដែល​កំពុង​ជាប់​ឃុំ​ដោយសារ​លោក​ស្រី​ត្រូវបាន​​ចោទប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ​ជាច្រើន​។​

​អ្នកនាំពាក្យ​បាន​បន្ថែមថា ការពន្យារពេល​អនុម័ត​របស់​អង្គការសហប្រជាជាតិ​ដើម្បី​ទទួល​ស្គាល់​តំណាង​របស់​ខ្លួន​នៅ​អង្គការសហប្រជាជាតិ​ជាការ​លម្អៀង​ខាង​នយោបាយ​។​អង្គការ​សហ​ប្រជា​​ជាតិ​និង​ប្រទេស​ដទៃ​ព្រមទាំង​អង្គារ​ផ្សេងៗ «​គួរ​ជៀសវាង​ស្តង់ដា​ទ្វេ ពាក់ព័ន្ធ​នឹង​កិច្ចការ​អន្តរជាតិ​»​។​

​សូមបញ្ជាក់​ថា មី​យ៉ាន់​ម៉ា​បាននិងកំពុង​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​និង​សេដ្ឋកិច្ច​ចាប់តាំងពី​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​កាលពី​ខែ​កុម្ភៈ​។​

​អេ​រី​វ៉ាន យូ​សូ​ហ្វ តំណាង​ពិសេស​របស់​អាស៊ាន​សំរាប់​កិច្ចការ​មី​យ៉ាន់​ម៉ា បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ភាព​អសកម្ម​របស់​របប​យោធា​លើ​ផែនការ​សន្តិភាព​៥​ចំណូ​ច​របស់​អាស៊ាន​«​ស្មោះ​គ្នា​នឹង​​ដំណើរ​ថយក្រោយ​»​ហើយ​ប្រទេស​ជា​សមាជិក​ខ្លះ​បាន​«​ពិភាក្សា​គ្នា​ស៊ី​ជំរៅ​»​អំពី​ការ​ផាត់​លោក​មីន អ៊ុង ហ្លាំង ចេញ​ពី​ជំនួប​កំពូល​នៅ​ខែ​នេះ​៕

​អ្នកនាំពាក្យ​យោធា​មី​យ៉ាន់​ម៉ា​នៅតែ​អះអាងថា ប្រព័ន្ធ​យុត្តិធម៌​ប្រទេស​លោក​ត្រឹមត្រូវ និង​ឯករាជ្យ ដែល​នឹង​អាច​ដោះស្រាយ​ករណី​របស់​ស៊ូ​ជី​ស្របតាម​ច្បាប់​