ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ គណៈកម្មការ​ផ្សារ​នៅ​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចេញចូល​ផ្សារ​ទាំងអស់ ត្រូវតែ​បង្ហាញ​កាត​ចាក់ វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ជូន​ទៅដល់​ក្រុម​សន្តិសុខ​សណ្តាប់ធ្នាប់​ផ្សារ​ទើប​អនុញ្ញាត ឲ្យ​ចូល ទៅក្នុង​ផ្សារ​បាន តែ​សម្រាប់​បងប្អូន​អាជីវករ​ផ្សារ​វិញ​បើ​មិនមាន​កាត ចាក់​វ៉ាក់សាំង​ទេ​គឺ​មិន​អនុញ្ញាត​ឲ្យ​បើក​តូប​លក់ដូរ​តែម្តង​។

​លោក ចំរើន សុខ​លីម ប្រធាន​គណៈកម្មការ​ផ្សារ​ទួល​ទំពូង បាន​មានប្រសាសន៍ អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា​ថា អនុវត្តតាម​សេចក្ដីណែនាំ​លេខ ០២៧/២១ ស​ណន ចុះ​ថ្ងៃទី​០៥​តុលា របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ គណៈកម្មការ​ផ្សា​រទូ​ទំពូង​
​បានរៀបចំ​នៅតាម​ច្រកចេញចូល​ផ្សារ​ទាំងអស់​ដោយ​មិន​អនុញ្ញាត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ចេញចូល​ផ្សារ​ដោយ​មិនបាន​បង្ហាញ​កាត​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ​-១៩​នោះទេ មានន័យថា បើ​បងប្អូន​ប្រជាពលរដ្ឋ​មិនមាន​ការចាក់​វ៉ាក់សាំង​គឺ មិន​អនុញ្ញាត​ឱ្យចូល​ផ្សារ​ទេ​។

​ដោយឡែក សម្រាប់​អាជីវករ​ផ្សារ​វិញ គឺ​មិន​អនុញ្ញាត​ឲ្យ​ចូល​លក់ដូរ​ជាដាច់ខាត បើ​មិនមាន​កាត​ចាក់​វ៉ាក់សាំង​ឬ​លិខិត​បញ្ជាក់ថា បាន​ចាក់​វ៉ាក់សាំង​រួច​ប៉ុន្តែ​ទោះបី ជា​យ៉ាងណាក្តី លោក​បញ្ជាក់ថា សម្រាប់​បងប្អូន​អាជីវករ​ផ្សារ​ទួល​ទំពូង​ទាំងអស់ ក្រុមការងារ​របស់លោក​បាន ចុះ​ធ្វើការ​ត្រួតពិនិត្យ​ហើយ គឺ​មិនមាន​អាជីវក​រណា​ម្នាក់ គ្មាន​កាត​ចាក់​វ៉ាក់សាំង​នោះទេ​។​

​ដោយឡែក​សម្រាប់​ផ្សារ​អូឡាំពិក​វិញ បើតាម​ការបញ្ជា​ក់រប​ស់លោក​ឡយ ស៊ា​ង​អាង ប្រធាន​គណៈកម្មការ​ផ្សារ​អូឡាំពិក បាន​បញ្ជាក់ដែរថា អនុវត្តតាម​សេចក្ដីណែនាំ លេខ​០២៧/២១​ស​ណន ចុះ​ថ្ងៃទី​០៥​ខែតុលា របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ យើង​បាន អនុវត្ត​តាំងពី​ថ្ងៃ​ថ្ងៃ​ចន្ទ​ទី ១១​ខែតុលា​មកម្ល៉េះ តែ​សម្រាប់​ថ្ងៃ​ដំបូង មាន​អាជីវករ​និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចេញចូល​ផ្សារ​មួយចំនួន​បានបង្ហាញ​កាត​ចាក់ វ៉ាក់សាំង តែ​មួយចំនួនទៀត ក៏​មិនបាន​យក​កាត​ចាក់​វ៉ាក់សាំង​មកជា​ប់​តាម​ខ្លួន​ដែរ ។ ប៉ុន្តែ​ក្រោយពី​មានការ​ផ្សព្វផ្សាយ​ពី​គណៈកម្មការ​ផ្សារ​ជា​ញឹកញាប់​បងប្អូន​ប្រជា ពលរដ្ឋ​ក៏ដូចជា​អាជីវករ​បាន​អនុវត្ត​និង​សហការ​បាន​យ៉ាង​ល្អជា​មួយ​គណៈ កម្ម​ការ​ផ្សារ មានន័យថា ពេល​ចេញចូល​ផ្សារ​និង មក​ប្រកប​អាជីវកម្ម​នៅក្នុង​ផ្សារ ពួកគាត់​មាន​កាត​ចាក់​វ៉ាក់សាំង​ជាប់​ខ្លួន​ជានិច្ច​។​

​លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្រៅពី​ឲ្យ​បងប្អូន​អាជីវករ​និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​ចេញចូល​ផ្សារ បង្ហាញ​កាត​ចាក់​វ៉ាក់សាំង​ហើយ​ការអនុវត្ត​នូវ​វិធាន​របស់​ក្រសួង សុខាភិបាល ក៏បាន​អនុវត្ត​ជាប្រចាំ​ផងដែរ ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​។​

​គួរបញ្ជាក់​ផងដែរ​ថា បើ​យោងទៅលើ​សេចក្ដីណែនាំ​លេខ​០២៧/២១​ស​ណន ចុះ​ថ្ងៃទី​០៥​តុលា របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានធ្វើ ការណែនាំ​បន្ថែម ដល់​បងប្អូន​ប្រជាពលរដ្ឋ គណៈ​គ្រប់គ្រង គ្រឹះស្ថានសិក្សា គណៈកម្មការ​ផ្សារ ម្ចាស់​អាជីវ​កម្មដ្ឋាន ម្ចាស់​ទីតាំង អាជីវករ វិស័យ​ឯកជន និង​សាធារណជន ទាំងអស់ ត្រូវមាន​កាតព្វកិច្ច​ប​ង្ហា​ញ​បណ្ណ​ចាក់​វាក់​សាំង​កូ​វីដ​-១៩ ឬ បណ្ណ​ចាក់​វាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ឬ លិខិត បញ្ជាក់​ការចាក់​វាំ​កំ​សាំង​បង្ការ ជំងឺ​កូ​វីដ​-១៩ រាល់​ពេលចេញ​-​ចូល​គ្រឹះស្ថានសិក្សា ផ្សារ និង​ទីតាំង​អាជីវ​កម្មដ្ឋាន​នានា ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀមលក្ខណៈ សម្រាប់​ការរស់នៅ​ជាមួយ​ជំងឺ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី និង​ឈានទៅរក​ការបើក​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យ នាពេល​ឆាប់ៗ ខាងមុខនេះ ៕​/PC