ដោយៈ ប​.​ខុន / ភ្នំពេញៈ ព្យុះ​ទី​១៨ Kompasu បាន​រលាយ​នៅលើ​ឆ្នេរ ភាគ​ខាងជើង របស់​ប្រទេស​វៀតណាម ឯ​ស្ថានភាព​ភ្លៀង នៅក្នុង​ប្រទេស​កម្ពុជា បន្ត​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត ពី តិច​ទៅ​បង្គួរ នៅ​ទូទាំងប្រទេស តែ​អាចមាន​ភ្លៀង​ច្រើន នៅ​តំបន់​មាត់សមុទ្រ តំបន់​ខ្ពង់រាប និង​តំបន់​ទំនាប​កណ្តាល ភាគ​ពាយព្យ ។ នៅ​អំឡុង​ថ្ងៃទី​១៦ ខែតុលា នឹងមាន​សម្ពាធ​ទាប សកម្ម Active មួយ កើតឡើង នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដើរ​មករក​ឆ្នេរ លើ​ខេត្ត​ដា​ណា​ង​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១​ថាៈ ព្យុះ​ទី​១៨ ឈ្មោះ Kompasu បាន​រលាយ នៅលើ​ឆ្នេរ​ភាគ​ខាងជើង របស់​ប្រទេស​វៀតណាម តែ​វា​មិនបាន​នាំមក នូវ​ទឹកភ្លៀង​ច្រើន ដល់​តំបន់​អាង ទន្លេមេគង្គ​ទេ ។

​ទោះជា​យ៉ាងណា ក្រោយពេល​ព្យុះ រលាយ ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុងប្រទេស​កម្ពុជា មាន​អំណោយផល​ល្អ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ពិសេស​នៅ​តំបន់​មាត់សមុទ្រ តំបន់​ខ្ពង់រាប និង​តំបន់​ទំនាប កណ្តាល​ភាគ​ពាយព្យ អាចមាន​ភ្លៀង​ច្រើន ពី​ពេលនេះ ដល់​ថ្ងៃទី​១៨ ខែតុលា​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ ខាងលើ បញ្ជាក់ថាៈ នៅ​ថ្ងៃទី​១៦ ខែតុលា អាច​នឹងមាន​សម្ពាធ ទាប​សកម្ម Active មួយ​កើតឡើង នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង មានដំណើរ​មករក​ឆ្នេរ លើ​ខេត្ត​ដា​ណា​ង មុននឹង​ដើរ​តាម​ឆ្នេរ ឡើង​ទៅលើ (​ខាងជើង​) ។ នៅ​អំឡុង​ពីថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី​២០ ខែតុលា ស្ថានភាព​ភ្លៀង ចុះខ្សោយ​បន្តិច តែ​ការធ្លាក់ ភ្លៀង​ច្រើន ត្រឡប់មកវិញ នៅក្រោយ​ថ្ងៃទី​២០ តុលា ហើយ​រដូវវស្សា នៅ​វែងឆ្ងាយ​ទៀត​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម ជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ​សម្រាប់ ពីថ្ងៃ​ទី ១៣ ដល់​ថ្ងៃទី​១៩ ខែតុលា​ថាៈ ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១៣-១៤ ខែតុលា ទទួល​ឥទ្ធិពល ពី​ជ្រលង​នៃ​ព្យុះ KOMPASU 2118 កម្រិត​មធ្យម​។ ពីថ្ងៃ​ទី​១៥-១៧ ខែតុលា ទទួល​ឥទ្ធិពល ពី​ខ្យល់មូសុង​និរតី​ខ្លាំង និង​ប្រព័ន្ធ​សម្ពាធ​ទាប​ភ្ជាប់​ជា មួយ​វិ​សម្ពាធ ដែល​ស្ថិតក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​នៅ​ថ្ងៃទី​១៨ -១៩ ខែតុលា ទទួល​ឥទ្ធិពល ពី​ទ្រនង់​សម្ពាធ​ខ្ពស់ ពី​ប្រទេស​ចិន ដែល​រំកិល​ចុះមក​ក្រោម មកដល់​ភាគ​ខាងជើង នៃ​ប្រទេស​កម្ពុជា​។

​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១ នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូន ដំណឹង​ថា ក្រោយពី​ឆ្លងកាត់​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី​១២ ខែតុលា ព្យុះ​ទី​១៨ កុំ​ប៉ា​ស៊ូ KOMPASU បាន​ស្ថិតនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​មាន​ទិសដៅ ឆ្ពោះ​មក​លិច​។ នៅ​ថ្ងៃទី​១៣-១៤ ព្យុះ​កុំ​ប៉ា​ស៊ូ នឹង​ចូលមក​កោះ​ហៃណាំ បន្ទាប់មក ចូល​ខេត្ត​វិញ ប្រទេស​វៀតណាម និង​ចុងក្រោយ ថយឥទ្ធិពល ជា​វិ​សម្ពាធ នៅលើ​ប្រទេស​ឡាវ ។​

​នៅក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ ក្នុង​សប្តាហ៍​នេះ ព្រះរាជាណាចក្រ​កម្ពុជា មាន​ទទួល​ឥទ្ធិពល​ដូចជា នៅ​ថ្ងៃទី​១៣-១៤ ខែតុលា ទទួល​ឥទ្ធិពល ពី​ជ្រលង​ព្យុះ KOMPASU 2118 ក្នុង​កម្រិត​មធ្យម ។ នៅ​ថ្ងៃទី​១៥-១៧ ខែតុលា ទទួល​ឥទ្ធិពល ពី​ខ្យល់មូសុង​និរតី​ខ្លាំង និង​ប្រព័ន្ធ​សម្ពាធ​ទាប ភ្ជាប់​ជាមួយ​វិ​សម្ពាធ ដែល​ស្ថិតក្នុង​សមុទ្រ ចិន​ខាងត្បូង ។ នៅ​ថ្ងៃទី​១៨ -១៩ ខែតុលា ទទួល​ឥទ្ធិពល ពី​ទ្រនង់​សម្ពាធ​ខ្ពស់ ពី​ប្រទេស​ចិន ដែល​រំកិល​ចុះមក​ក្រោម មកដល់​ភាគ​ខាងជើង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ស្ថានភាព​បែប​អាកាសធាតុ បែប​ខាងលើ ធ្វើ​ន​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា​ពី ២២ ទៅ ២៤ អង្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ២៩ ទៅ ៣១ អង្សា​សេ អាច​នឹងមាន​ភ្លៀង ក្នុង​កម្រិត​ពី​ខ្សោយ ទៅ​មធ្យម និង​នៅ​ថ្ងៃទី​១៣-១៤ ខែតុលា អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​បង្គួរ និង​មាន​ខ្យល់​កន្ត្រាក់ ក្នុង​ល្បឿន​មធ្យម នៅលើ​ខេត្ត​ប៉ៃលិន , ពោធិ៍សាត់ , កំពង់ឆ្នាំង , កំពង់ស្ពឺ , កណ្តាល , តាកែវ​, ព្រៃវែង និង​រាជធានី​ភ្នំពេញ ។​

​សម្រាប់​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព អប្បបរមា ពី ២១ ទៅ ២៣ អង្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ២៩ ទៅ ៣១ អង្សា​សេ អាច​នឹងមាន ភ្លៀង ក្នុង​កម្រិត​ពី​ខ្សោយ ទៅ​មធ្យម ។​

​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា ពី ២២ ទៅ ២៤ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ២៨ ទៅ ៣០ អង្សា​សេ អាច​នឹងមាន​ភ្លៀង​ក្នុង​កម្រិត ពី​តិច ទៅ​ច្រើន ។ ពីថ្ងៃ​ទី​១៣ ដល់ ១៥ ខែតុលា អាចមាន​ភ្លៀង​ច្រើន​និង​មាន​ខ្យល់ កន្ត្រាក់ ក្នុង​ល្បឿនខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ នៅក្នុង​ខេត្តកោះកុង , ព្រះសីហនុ កំពត , កែប ។​

​នៅក្នុង​សេចក្តីជូនដំណឹង ខាងលើ បាន​ក្រើន​រំ​ល​លឹក ដល់​ប្រជាពលរដ្ឋ ឱ្យ​បង្កើន​ការ ប្រុងប្រយ័ត្ន​ខ្ពស់ អំពី​គ្រោះថ្នាក់ ដែល​អាច​កើតមាន ជាយថាហេតុ ៕/V​-PC