ដោយៈ​សុផល​/ប្រទេស​ថៃ​៖ កាលពីពេល​កន្លងទៅ លោក​បណ្ឌិត​សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក​បណ្ឌិត គង់​សាក់ យុ​ដ​ម៉ា​នី (Kongsak Yodmanee) អភិបាល​អាជ្ញាធរ​កីឡា នៃ​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ពង្រឹង​ចំណងមិត្តភាព​កម្ពុជា​-​ថៃ ក្នុង​វិស័យ​កីឡា និង​ដក​បទពិសោធន៍​អំពី​ការគ្រប់គ្រង​វិស័យ​កីឡា​នៃ​ប្រទេស​ថៃ មក​អភិវឌ្ឍ​កីឡា ជាតិ​នាពេល​អនាគត​។​

​ក្នុងជំនួប​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី លោក​សាស្ត្រាចារ្យ​បណ្ឌិត​សាំង​សិទ្ធ ភី​រី​យ៉ា​រាំង​សាន ប្រធាន​គណៈកម្មាធិការ កាត់បន្ថយ​ភាពក្រីក្រ​និង​វិសមភាព សង្គម​នៃ​ព្រឹទ្ធសភា និង​លោក​អភិបាលរង​អាជ្ញាធរ​កីឡា​នៃ​ព្រះរាជាណាចក្រ ថៃ​ផងដែរ​។​

​ភាគី​ថៃ​បានបង្ហាញ​វីដេអូ​ស្តីពី​ការអភិវឌ្ឍ​វិស័យ​កីឡា​នៅ​ប្រទេស​ថៃ​តាំងពី​អតីតកាល​រហូតមកដល់​បច្ចុប្បន្ន​រួមជាមួយ​នឹង​ការដាក់​គោលដៅ​សម្រេច​ឲ្យ​បាន​នូវ​មេដាយមាស​អូឡាំពិក​ក្នុង​រយៈពេល​បី​ឆ្នាំ​ខាងមុខ និង​ការចូលរួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​នៅ ប្រទេស​បារាំង​ផងដែរ​។​

​ក្នុងឱកាស​នៃ​ជំនួប​នោះ លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា បាន​ថ្លែងអំណរគុណ​ភាគី ថៃ​ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ព្រមទាំង​បាន​កោតសរសើរ​ការរីក​ចម្រើន នៃ​វិស័យ​កីឡា​របស់​ប្រទេស​ថៃ និង​បានបញ្ជាក់​អំពី​គោលបំណង​របស់លោក​ក្នុងការ សិក្សា​ស្វែងយល់​បន្ថែម​អំពី​វឌ្ឍនភាព​នៃ​វិស័យ​កីឡា​របស់​ប្រទេស​ថៃ ក៏ដូចជា ការពង្រឹង​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ​ថែមទៀត​រវាង​កម្ពុជា​-​ថៃ លើ​ការអភិវឌ្ឍ​វិស័យ​កីឡា​។​

​លោក​បណ្ឌិត​ក៏បាន​ស្នើ​ភាគី​ថៃ​ជួយផ្តល់​ការបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព ផ្នែក​កីឡា​ទាំង​នៅ​ថ្នាក់កណ្តាល និង​កម្រិត​ខ្ពស់​ជាពិសេស​ការបណ្តុះបណ្តាល ធនធានមនុស្ស​មន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការិនី​ដើម្បី​លើកស្ទួយ​វិស័យ​កីឡា នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ឈានទៅ​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​អាស៊ីអាគ្នេយ៍ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ (32th SEA GAME) ដែលជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជា​លើកដំបូង​របស់​កម្ពុជា​ដូច្នេះ​កម្ពុជា​ត្រូវខិតខំ​ការកសាង​សមត្ថភាព​អត្ត​ព​លិ​ក​បន្ថែមទៀត​ជាការ​ចាំបាច់ បំផុត​។ កាលពីពេល​កន្លងទៅ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានប្រកាស​យក​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ ជា​ថ្ងៃ​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​។

​លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា បានបញ្ជាក់​បន្ថែមថា គោលបំណង​សំខាន់បំផុត​នៃ ការអភិវឌ្ឍ​វិស័យ​កីឡា​គឺ ការលើកស្ទួយ​វិស័យ​ទេសចរណ៍​។ លោក​បាន​បញ្ជាក់បន្ថែម ថា​នៅ​ខេត្តសៀមរាប​ផ្លូវ​សម្រាប់​កីឡា​ជិះ​កង់​នឹង​ត្រូវបាន​សាងសង់ឡើង​ប្រកបដោយ​ស្តង់ដារ​ខ្ពស់​ដើម្បី​បង្កើន​ការលើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​កីឡា​ជិះ​កង់ និង​អ្នកទេសចរ​។​

​លោក​បណ្ឌិត ក៏បាន​ស្នើសុំ​ភាគី​ថៃ​នូវ​អ្នកជំនាញការ​ម្នាក់​មកជួយ​រៀបចំ​មជ្ឈមណ្ឌល ផ្សព្វផ្សាយ​អន្តរជាតិ​( IBC ៖International Broadcasting Center) ។​

​ជាការ​ឆ្លើយតប លោក​បណ្ឌិត គង់​សាក់ យុ​ដ​ម៉ា​នី អភិបាល​នៃ​អាជ្ញាធរ​កីឡា​ថៃ បានបង្ហាញ​ការអបអរសាទរ និង​រីករាយ​ក្នុង​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស លើ​វិស័យ​កីឡា​នៅ​ប្រទេស​កម្ពុជា​ក្នុងការ​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០២៣ ។

​ភាគី​ទាំង​ពីរបាន​ពិភាក្សា​ប្រកបដោយ​ភាពស្និទ្ធស្នាល​និង​បាន​សន្យា​បន្ត​ពង្រឹង​កិច្ច សហប្រតិបត្តិ​ការល្អ​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រីកចម្រើន​ព្រម​គ្នា ដោយបាន​ប្តេជ្ញា​បន្ត​រក្សា​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​-​ថៃ តាមរយៈ​កីឡា ឲ្យ​កាន់តែ​ស្អិតរ​មួ​ត​ថែមទៀត​៕​សរន​-PC