​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖​កោះ​រមណីយដ្ឋាន​បាលី​របស់​ឥណ្ឌូនេស៊ី​បាន​បើក​ដំណើរការ​ឡើងវិញ​សម្រាប់អ្នកទេសចរ​អន្ត​រ​ជាតិ​មក​ទស្សនា​ហាង​និង​ឆ្នេរ​ខ្សាច់​សក្បុស​របស់​ខ្លួន​ជា​លើក​​ដំបូង​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រសិន​បើ​ពួកគេ​បាន​ចាក់​វ៉ាក់សាំង តេស្តិ៍​អវិជ្ជមាន មកពី​ប្រទេស​ជាក់លាក់​មួយចំនួន ធ្វើ​ចត្តា​ឡី​ស័ក និង​គោរព​ការ​រឹតបន្តឹង​នៅ​ទី​សា​​ធា​រណៈ​។​

​ទោះយ៉ាងណា ភ្ញៀវ​បរទេស​ប្រហែល​ជា​មក​ដល់​សន្សឹមៗ​។

​គ្មាន​ជើងហោះហើរ​អន្តរជាតិ​ទៅ​កាន់​កោះ​បាលី​ត្រូវបាន​កំណត់​កាលវិភាគ​នៅ​ថ្ងៃ​ដំបូង​នៃ​ការបើក​ដំណើរការ​ឡើងវិញ​នោះ​ទេ​ហើយ​មន្ត្រី​ទេសចរណ៍​ម្នាក់​ព្យាករណ៍​ថា​ការធ្វើដំណើរ​នឹង​កើនឡើង​ខ្លាំង​នៅ​ខែវិច្ឆិកា​។​

​លោក​លូ​ហា​ត់ ប៊ី​នសា ផាន់​ចៃ​តាន់ ជា​រដ្ឋ​មន្ត្រី​រដ្ឋាភិបាល​ដឹកនាំ​ការឆ្លើយតប​កូវី​ដ​១៩​នៅ​កោះ​ជ្វា​និង​កោះ​បាលី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ថា​អាកាស​យាន​​ដ្ឋា​ន​កោះ​បាលី​នឹង​ស្វាគមន៍​ការមកដល់​ថ្មីៗ​របស់​ជនបរទេស​ម​ក​ពី ១៩ ប្រទេស​ដែល​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​របស់​អង្គការ​សុខភា​ពពិភពលោក​ដូ​ចជា​ការគ្រប់គ្រង​បាន​នូវ​ករណី​ឆ្លងកូវី​ដ​១៩​។​

​លោក​បាន​និយាយថា អ្នកដំណើរ​តាម​យន្តហោះ​អន្តរជាតិ​ទាំងអស់​ត្រូវ​មាន​ភស្តុតាង​ថា​ពួកគេ​បាន​ចាក់​វ៉ាក់សាំង​ពីរដង ធ្វើតេស្តិ៍​អវិជ្ជ​មាន​វីរុស​កូរ៉ូ​ណា​នៅ​ពេល​មក​ដល់​កោះ​បាលី​ហើយ​ត្រូវធ្វើ​ច​ត្តា​​ឡី​ស័ក ៥ ថ្ងៃ​នៅ​សណ្ឋាគារ​ដែល​បាន​កំណត់​ដោយ​ចំណាយ​ខ្លួនឯង​។ ពួកគេ​ក៏​ត្រូវ​ធ្វើ​តាម​ច្បាប់​តឹងរ៉ឹង​នៅ​តាម​សណ្ឋាគារ ភោជនីយដ្ឋាន និង​នៅលើ​ឆ្នេរ​ខ្សាច់​ផងដែរ​។​

​លោក​ផាន់​ចៃ​តាន់​និយាយថា “​យើង​ត្រូវធ្វើ​រឿង​នេះ​ដោយ​ប្រយ័ត្នប្រយែង​ព្រោះ​យើង​ត្រូវ​ប្រុង​ជើងការ​ជានិច្ច​”​។​

​ប្រធានាធិបតីចូកូ​វី​ដូ​ដូ​បានសរសើរ​ការចាក់​វ៉ាក់សាំង​នៅ​កោះ​បាលី​បាន​កំរិត​ខ្ពស់​មុន​សម្រេចចិត្ត​បើក​ឡើង​វិញ​។ ចំនួន​ករណី​ឆ្លងកូវី​ដ​១៩ របស់​ប្រទេស​នេះ​ក៏​បាន​ធ្លាក់ចុះ​គួរឱ្យ​កត់សម្គាល់​ដែរ​។​ ឥណ្ឌូនេស៊ី​មាន​ករណី​ឆ្លង​ប្រហែល ១.០០០ ករណី​ក្នុង​មួយ​ថ្ងៃ​នៅក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ បន្ទាប់​ពី​កើនឡើង​ដល់​ប្រមាណ ៥៦.០០០ ករណី​ជា​រៀងរាល់ថ្ងៃ​កាលពី​ខែកក្កដា​៕

​កោះ​បាលី​បើក​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ