ដោយ​៖ ប​.​ជ័យ / បន្ទាយមានជ័យ​៖ ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល និង​រដ្ឋបាលខេត្ត បន្ទាយមានជ័យ បាន​ចុះសួរសុខទុក្ខ និង​យក​រង្វាន់​លើកទឹកចិត្ត​របស់ សម្តេច​តេ​ជោ ទៅជូន​លោកយាយ អាយុ​លើស ១០០ ឆ្នាំ ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង ចំនួន ៦ នាក់ នៅ​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១​។​

​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស អមដំណើរ​ដោយ លោក ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​រង្វាន់ លើកទឹកចិត្ត​របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា ជូន​ដល់​លោកយាយ ដែលមាន​អាយុ​លើសពី ១០០ ឆ្នាំ ដែល​បាន​ស្ម័គ្រចិត្ត ចាក់​វ៉ាក់សាំង​ការពារ ជំងឺ​កូ​វីដ​-១៩ ចំនួន ៦​នាក់ រស់នៅ ក្នុង​ខេត្តបន្ទាយមានជ័យ​។​

​យោង​មន្ត្រី​ក្រុមការងារ បានអោយដឹងថាៈ លោកយាយ ទាំង ៦ នាក់​នោះ មានៈ ១. លោកយាយ ថូ ឈិន អាយុ ១០២ ឆ្នាំ រស់នៅ​ភូមិ​គោកចក ឃុំ​សូ​ភី ស្រុក​អូរជ្រៅ​, ២. លោកយាយ ណៃ ថោង អាយុ ១០២ ឆ្នាំ រស់នៅ​ប៉ោយ​ស្វាយ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ​, ៣. លោកយាយ មាស ផល អាយុ ១០៦​ឆ្នាំ​រស់នៅ​ភូមិ​ថ្ម​រមៀល កើត ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក , ៤.​លោកតា ឡៃ ខំ​ផាន់ អាយុ ១០១ ឆ្នាំ​រស់នៅ​ភូមិ កូប​តូច ឃុំ​គុត​សត្ត ស្រុក​អូរជ្រៅ , ៥.​លោកយាយ ជុំ សាវឿន អាយុ ១០០ ឆ្នាំ រស់នៅ​ឃុំ​តា​បែន ស្រុក​ស្វាយចេក , ៦.​លោកយាយ ឆៅ វិញ អាយុ ១០១ ឆ្នាំ រស់នៅ​ភូមិ​ពង្រ ឃុំ​សិង្ហ ស្រុក​អូរជ្រៅ ។​

​សូម​រំលឹកថា អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ត្រូវ​ផ្តល់ជូន​លោកយាយ លោកតា នាពេលនេះ គឺ​ទទួលបាន​ក្នុង ១ នាក់ ថវិកា​ចំនួន ៣ លាន​រៀល និង​គ្រឿង​ឧបភោគបរិភោគ មួយចំនួនទៀត​៕/V​-PC