ដោយៈ សុផល / ភ្នំពេញ​៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ អន្តរជាតិ​កូរ៉េ (KOICA) បានផ្តល់​ជំនួយឥតសំណង ចំ​នួ ៦,៩ លាន​ដុល្លារ​អាមេរិក ដល់​កម្ពុជា ដើម្បី​កសាង សមត្ថភាព លើ​ផ្នែក​វិស្វកម្ម​បរិស្ថាន​។​

​លោក Rho Hyunjun ប្រធាន​តំណាង ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ អន្តរជាតិ​កូរ៉េ បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​គម្រោង អភិវឌ្ឍន៍ វិស្វកម្ម​បរិស្ថាន នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដើម្បី​ពង្រឹង​ធនធាន មនុស្ស កំរិត​ថ្នាក់ ឧ​ត្ត​មសិ​ក្សា នៅ​កម្ពុជា ជាមួយ​បណ្ឌិត ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។ ពិធី​ចុះហត្ថលេខា​នេះ ត្រូវបាន​ធ្វើឡើង ពី​ចំងាយ​(Virtual Signing Ceremony) នៅ​រសៀល​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១​។​

​គម្រោង​នេះ មាន​គោលបំណង ដើម្បី​កសាង​សមត្ថភាព​វិស្វកម្ម​បរិស្ថាន នៅ​កំរិត​ថ្នាក់ ឧ​ត្ត​មសិ​ក្សា នៅ​ប្រទេស​កម្ពុជា​។ តាមរយៈ​គម្រោង​នេះ ក​យ​កា​នឹង​គាំទ្រៈ ទី​១.​បង្កើត​កម្មវិធី ថ្នាក់​បរិញ្ញាបត្រ និង​អនុបណ្ឌិត​ផ្នែក​វិស្វកម្ម​បរិស្ថាន​, ទី​២.​ពង្រឹង សមត្ថភាព​ដល់​សាស្ត្រាចារ្យ ចាប់ពី​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​ប្រទេស​កូរ៉េ , ទី​៣.​ពង្រឹងសមត្ថភាព​បង្រៀន និង​ស្រាវជ្រាវ ដល់​សាស្ត្រាចារ្យ និង​និស្សិត និង ទី​៤.​ធ្វើឱ្យ​ប្រសើរឡើង នូវ​ការគាំទ្រ ហេដ្ឋារចនាសម្ព័ន្ធ​រប​ស់​មហា វិទ្យាល័យ រួមទាំង​គាំទ្រ​ការបង្កើត ថ្នាក់រៀន​វៃឆ្លាត​។​

​លោក Rho Hyunjun បានបង្ហាញ​ការរំពឹងទុក​ដ៏​ធំ នៃ​គម្រោង​នេះ ក្នុងការ​គាំទ្រ​ដល់ រដ្ឋាភិបាល​កម្ពុជា ក្នុងការ​បំពេញ នូវ​ធនធានមនុស្ស ផ្នែក​វិស្វកម្ម ដើម្បី​ឆ្លើយតប​ទៅ នឹង តម្រូវការ​ទីផ្សារការងារ​។ លើសពីនេះ លោក​បាន​សង្កត់ធ្ងន់ថា ឆ្នាំនេះ ក​យ​កា មាន​ព្រឹត្តិការណ៍​សំខាន់ៗ ជាមួយ​ក្រសួង​អប់រំ ចំនួន ៣ លើក​។

​លើក​ទី​១ គឺ​កម្មវិធី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង ផ្តល់​ហិរញ្ញប្បទាន លើ​គម្រោង ការកសាង សមត្ថភាព ICT សម្រាប់​ការអប់រំ នៅ​មធ្យមសិក្សា​។ លើក​ទី​២ នា​ថ្ងៃនេះ យើង​បាន​ចុះហត្ថលេខា​គាំទ្រ ដល់​គម្រោង​អភិវឌ្ឍន៍​វិស្វកម្ម​បរិស្ថាន នៅ​សាកល វិទ្យាល័យ ភូមិន្ទ​ភ្នំពេញ ដើម្បី​ពង្រឹង​ធនធានមនុស្ស កំរិត​ថ្នាក់​ឧ​ត្ត​មសិ​ក្សា នៅ​កម្ពុជា​។ ហើយ​កាលពី ថ្ងៃទី​៣ ខែកញ្ញា យើង​បានធ្វើ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់ មជ្ឈមណ្ឌល ជាតិ​ធុរកិច្ច​ថ្មី នៅ​កម្ពុជា​។​

​លោក​បណ្ឌិត ហង់​ជួន ណា​រ៉ុ​ន បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ ក​យ​កា ដែល​បាន​បន្ត​គាំទ្រ វិស័យ​អប់រំ នៅ​ប្រទេស​កម្ពុជា​។ លោក​ជឿជាក់ថា ជំនួយ​នេះ នឹង​ក្លាយជា​ចំណុច ចាប់ផ្តើម​ថ្មី​មួយទៀត ដើម្បី​ចូលរួមចំណែក ក្នុងការ​អភិវឌ្ឍ ប្រទេស​កម្ពុជា​។​/V​-PC