ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ថ្លែង ប្រាប់ ទៅកាន់​តំណាង​អង្គទូត នៃ​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា​ថា កម្ពុជា មាន​ផែនការ​ច្បាស់ លាស់ ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ក៍​ដូចជា​ការឆ្លើយតប នឹង​ការប្រែប្រួល អាកាសធាតុ​។​

​ការបញ្ជាក់​ជំហ​របស់​កម្ពុជា ពី​សំណាក់ លោក សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន​នេះ ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ ជាមួយ​តំណាង​អង្គទូត នៃ​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា ដែល​ដឹកនាំ​ដោយ លោកស្រី Carmen Morano ឯកអគ្គរដ្ឋទូត និង​មានការ​ចូលរួម​ពី លោក Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ លោក Martin Vavra ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឆែក លោកស្រី Camilla Ottosson ភារធារី​នៃ​ស្ថានទូត ស៊ុយ​អ៊ែត និង​លោក Fabrice Etienne ភារធារី នៃ​ស្ថានទូត​បារាំង ។

​កិច្ចប្រជុំ​ពិភាក្សា​នេះ ផ្តោតទៅលើ​ទស្សនៈវិស័យ​របស់ រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់ សន្និសីទ​សហប្រជាជាតិ លើក​ទី​២៦ (COP26) ស្តីពី​ការប្រែប្រួល​អាកាសធាតុ នៅ​ទីក្រុង​ក្លាស​ហ្គូ ចក្រភព​អង់គ្លេស​។​

​ក្នុង​ពិធី​នេះ លោកស្រី Carmen Morano បាន​ថ្លែង​កោត​ស​សើរ ដល់​រាជរដ្ឋាភិបាល កម្ពុជា ដែល​បាន​ដាក់ជូន លេខាធិការដ្ឋាន UNFCCC នូវ​បច្ចុប្បន្នភាព​ផែនការ ស្តីពី​ការចូលរួមចំណែក របស់​រដ្ឋ​ភាគី ក្នុងការ​អនុវត្ត​អនុសញ្ញា (Nationally Determined Constribution: NDC) នៅ​ខែធ្នូ ឆ្នាំ​២០២០​។

​លោកស្រី បាន​មានប្រសាសន៍ថាៈ សហគមន៍​អឺរ៉ុប យកចិត្តទុកដាក់ និង​គាំទ្រ​ដល់ ប្រទេស កម្ពុជា ក្នុងការ​រៀបចំ​ផែនការ រយៈពេល​វែង ក្នុងការ​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ក្នុងការ​រក្សា​សីតុណ្ហភាព​សកល​នៅត្រឹម ២ អង្សា​សេ ។​

​ជាមួយគ្នានេះ លោកស្រី ក៏បាន​បញ្ជាក់ អំពី​ប្រធានបទ​សំខាន់ ដែល​ត្រូវ​ពិភាក្សា និង​សម្រេច នៅក្នុង COP26 ដែល​រួមមាន ការ​បន្ស៊ាំ​នឹង​ការប្រែប្រួល អាកាសធាតុ ហិរញ្ញប្បទាន អាកាសធាតុ និង​ទីផ្សារ​កាបូន ប្រកបដោយ​តម្លាភាព​។​

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ថ្លែង​ក្នុង​ពិធី​នេះដែរ​ថាៈ កម្ពុជា មាន​ផែនការ ច្បាស់លាស់ ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ក៍​ដូចជា ការឆ្លើយតប​នឹង ការប្រែប្រួល អាកាសធាតុ​។ កម្ពុជា​យកចិត្តទុកដាក់​ខ្ពស់ ទៅលើ​ការផលិត​ថាមពល ពី​ប្រភព​ដែល​បញ្ចេញ ឧស្ម័ន​ផ្ទះ​កញ្ចក់​។ ការសិក្សា​មួយចំនួន គួរ​ត្រូវបាន​លើកទឹកចិត្ត ដូចជា ការសិក្សា អំពី​ការផលិត​អគ្គីសនី ដោយ​ប្រើប្រាស់​ឧស្ម័ន​អ៊ីដ្រូសែន​។​

​លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថាៈ ការអភិរក្ស​ព្រៃ គឺជា​ជំរើស​មួយ​ដ៏​ប្រសើរ ក្នុងការ​បង្កើត​ឥណទាន​កាបូន និង​អាច​បង្កើន​ជីវភាព​សហគមន៍ តាមរយៈ​ចំណូល​ពី ឥណទាន​កាបូន​។ វិស័យ​ឯកជន មានការ​យល់ដឹង​ច្រើន អំពី​បញ្ហា​បរិស្ថាន ដោយ​ចាប់ផ្តើម វិនិយោគ​លើ​ការផលិត​អគ្គិសនី ពី​ជីវម៉ាស​និង​បង្កើត​ឥណទាន កាបូន​។​

​ជាងនេះទៅទៀត កម្ពុ​ជាមាន​ផែនការ​ជាតិ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ ដែល​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ បានរៀបចំ​ឡើង ព្រមទាំង​តម្រូវការ​ថវិកា​ក្នុងការ អនុវត្ត​សកម្មភាព​បន្ស៊ាំ ។ កម្ពុជា​គាំទ្រ​ការផ្តល់​ហិញ្ញ​ប្ប​ទាន​អាកាសធាតុ ហើយ​ការផ្តល់​ហិរញ្ញប្បទាន គួរ​ផ្តោតទៅលើ ការបង្កើន​ជីវភាព​ប្រជាជន នៅតាម​សហគមន៍ ថ្នាក់ក្រោម​ជាតិ​៕/V-PC