ដោយ​:​ស៊ា ថាំង​/​ភ្នំពេញ​:​មន្ត្រី​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា​លោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ជួបពិភាក្សា​ជាមួយ​លោកស្រី ម៉ា​រី​យ៉ា​ម សា​លីម (Maryam Salim)​ប្រធាន​គ្រប់គ្រង​ថ្មី​របស់​ការិយាល័យ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ក្នុងឱកាស ដែល​លោកស្រី​ទើបបាន​ចូល​បំពេញភារកិច្ច​កាលពីពេល​ថ្មីៗ​នេះ​។

រូបថតៈលោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

​ក្នុងជំនួប​ដ៏​កក់ក្តៅ​កាលពី​ថ្ងៃទី​១៣​ខែតុលា​នេះ​លោក​រដ្ឋមន្ត្រី​ប្រតិភូ​បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ​និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​វត្តមាន​របស់លោក​ស្រី Maryam Salim​ដែល​ទើបត្រូវ​បានតែងតាំង​ជា​ប្រធាន​គ្រប់គ្រង​ថ្មី​របស់​ការិយាល័យ ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​។​ក្នុង​កិច្ចពិភាក្សា​នេះ​លោក​រដ្ឋមន្ដ្រី​ប្រតិភូ​ក៏បាន​ជម្រាប​លោកស្រី​ប្រធាន​គ្រប់គ្រង​ថ្មី អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​នៅក្នុង​សមរភូមិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​និង​ការដាក់ចេញ​នូវ​វិធានការ អន្តរាគមន៍​ខាង​ផ្នែក សេដ្ឋកិច្ច និង​សង្គម​ជា​បន្តបន្ទាប់ ដើម្បី​ការពារ​អាយុជីវិត​រប​ស់​ប្រជាជន និង​ការរក្សា​លំនឹង​ធុរកិច្ច ព្រមទាំង​ការរក្សា​លំនឹង​ជីវភាព​ប្រជាជន ពិសេស​សម្រាប់​ប្រជាជន​ក្រីក្រ ក្រុម​ជន​ងាយ​រងគ្រោះ និង​អ្នក​បាត់បង់​ការងារ និង​ឱកាស​រកប្រាក់​ចំណូល ហើយ​ធ្លាក់ខ្លួន​ចូលទៅក្នុង​ភាពក្រីក្រ​វិញ​។

​លោក​រដ្ឋមន្ត្រី​ប្រតិភូ​ក៏បាន​បន្ថែមទៀតថា ក្នុង​បរិការណ៍​វិបត្ដិ​សកល​ដែល​បណ្ដាលមកពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ រាជរដ្ឋាភិបាល​កម្ពុជា និង​ធនាគារពិភពលោក គួរ​រួមគ្នា​ធ្វើ​វិចា​រណកម្ម​ឡើងវិញ​លើ​ឯកសារ​ក្របខណ្ឌ​ភាពជា​ដៃគូរ Country Partnership Framework 2019-2023 ដើម្បី​ធានា​ភាពឆ្លើយតប​ទៅនឹង​បរិការណ៍​បច្ចុប្បន្ន ដែល​ពិភពលោក​ក៏​ដូច​កម្ពុជា ត្រូវ​រស់នៅ​ជាមួយនឹង​ជំងឺ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី ពិសេស​ដើម្បី​សម្រប​តាម​ផែនការ​ស្ដារ​និង​ជំរុញ​កំណើនសេដ្ឋកិច្ច ឡើងវិញ សម្រាប់​ឆ្នាំ​២០២១-២០២៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​គ្រោង​នឹង​ដាក់ចេញ​ក្នុងពេល​ឆាប់ៗ​នេះ​ផងដែរ​។
​ជាមួយគ្នា​លោក​រដ្ឋមន្ត្រី​ប្រតិភូ​ក៏បាន​ស្នើ​ឱ្យមាន​ការរៀប​ចំ​សិក្ខាសាលា​រួមគ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ធនាគារពិភពលោក ដើម្បី​ពិនិត្យ និង​វាយតម្លៃ​រួមគ្នា​លើ​តម្រូវការ​របស់​កម្ពុជា និង​ការធ្វើ​បច្ចុប្បន្ន​កម្ម​ឯកសារ Country Partnership Framework នេះ​ផងដែរ​។​
​បន្ថែម​លើ​នេះ​រដ្ឋមន្ដ្រី​ប្រតិភូ​ក៏បាន​ជម្រាប​លោកស្រី​ប្រធាន​អំពី​ផែនការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្ដិ​ជំងឺ​កូ​វីដ​-១៩ ឆ្នាំ​២០២១-២០២៣ តាមរយៈ​អភិក្រម​ចំនួន​បី រួមមាន​៖ ១.​ការ​រស់​ឡើងវិញ និង​រស់រានមានជីវិត​៖​ដោយ​គ្រប់គ្រង​ការ រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​រក្សា​ឱ្យបាន​នូវ​ដង្ហើម​សេដ្ឋកិច្ច និង​ការរស់រាន​របស់​ប្រជាជន ព្រមទាំង​ការស្តារ​និង​កសាង មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច​ឡើងវិញ​,២.​កំណែទម្រង់​៖​ប្រែក្លាយ​វិបត្តិ​ទៅជា​ឱកាស​ដោយ​បង្កើន​ការធ្វើ​ពិពិធ​កម្ម​និង​បង្កើន​ភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច ក្នុងនោះ​ជាពិសេស​តាមរយៈ​ការធ្វើ​ឌីជីថល​នីយកម្ម និង ៣. ពង្រឹង​ភាព​ធន់​៖ តាមរយៈ​ការពង្រឹង និង​ត្រៀមខ្លួន នៅក្នុង​ស្ថាប័ន​សាធារណៈ វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ធនធានមនុស្ស រួមទាំង​ប្រព័ន្ធ​សុខភាព​សាធារណៈ បណ្តុះបណ្តាល​ជំនាញ និង​សុវត្ថិភាព​សង្គម ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ស្រដៀង​គ្នា ដែល​អាច​នឹង​ផ្ទុះឡើង​នាពេល​អនាគត​។​

រូបថតៈលោកស្រី ម៉ា​រី​យ៉ា​ម សា​លីម (Maryam Salim)​

​ចំណែក​លោកស្រី​Maryam Salim បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ ដែល​បានមក​បំពេញភារកិច្ច​នៅ​ប្រទេស​កម្ពុជា​សាជាថ្មី​ម្ដងទៀត ក្រោយ​រយៈពេល ២០ ឆ្នាំ ដែល​លោកស្រី​បានមក​កម្ពុ​ជាដំបូង និង​បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ដែល​សម្រេចបាន​នូវ​សមិទ្ធផល​ផ្លែផ្កា​ជាច្រើន​ទាំង​ក្នុង​វិស័យ សេដ្ឋកិច្ច និង​សង្គម ជាពិសេស​ការដាក់ចេញ​នូវ​គោលនយោបាយ​ដ៍៏​មុត​ស្រួច​សំដៅ​ប្រយុទ្ធ​ការពារ​សុខភាព​អាយុជីវិត​របស់​ប្រជាជន រក្សា​លំនឹង​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាជន តាមរយៈ​កម្មវិធី​គាំពារ​សង្គម ដែល​ឆ្លើយតប​ចំ​គោលដៅ​។ លោកស្រី​ប្រធាន​ក៏​អបអរសាទរ​ចំពោះ​ភាព ជោគជ័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​តាម​គោល​-​ដៅ ក្នុង​ល្បឿន​លឿន និង​អាចធ្វើឱ្យ​កម្ពុជា​ចាប់ផ្ដើម​បើក​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ​តាម​គន្លង​ថ្មី​ក្នុងពេល​ដ៏​ឆាប់​ខាងមុខ​។

​លោកស្រី​ក៏បាន​ជម្រាបជូន​បន្ថែមថា បច្ចុប្បន្ន ធនាគារពិភពលោក បាន​កំពុង​រៀបចំ​ធ្វើ Performance and Learning Review (PLR) ទៅលើ​ឯកសារ Country Partnership Framework 2019-2023 សំដៅ​កែលម្អ និង​តម្រង់ទិស​ជា​យុទ្ធសាស្ត្រ​គម្រោង​ដែល​ត្រៀម​ចាប់ផ្តើម​អនុវត្ត​ឱ្យ​កាន់តែ​ឆ្លើយតប​តាម​កម្មវិធី​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​រាជរ​ដ្ឋា​ភិ​បាល និង​សូម​គាំទ្រ​លើ​សំណើ​របស់​ឯកឧត្តមរ​ដ្ឋ​មន្ត្រី​ប្រតិភូ​លើ​ការងារ​សិក្ខាសាលា ដើម្បី​ពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព​រួមគ្នា​លើ​ឯកសារ​នេះ ក្នុង​គោលបំណង​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​កម្ពុជា​។​
​លោក​រដ្ឋមន្ដ្រី​ប្រតិភូ​នៅបាន​សំណូមពរ​ឱ្យ​ធនាគារពិភពលោក​ជួយ​កៀរគរ​ធនធាន​ជា​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​ហិរញ្ញប្បទាន​គម្រោង​អភិវឌ្ឍន៍ និង​គាំពារ​សង្គម ដូចជា​គម្រោង​អប់រំ អភិវឌ្ឍន៍​ជំនាញ និង​សុខាភិបាល​ជាដើម ដែល​កំពុងមាន​តម្រូវការ​កាន់តែច្រើន ជាពិសេស​ក្នុង​បរិការណ៍​ក្រោយ​ជំងឺ​កូ​វីដ​-១៩ និង​លើកកម្ពស់​ការផ្សារភ្ជាប់​លើ​ជំនួយ​បច្ចេកទេស​នេះ ជាមួយនឹង​ការរៀបចំ​គម្រោង​ជាក់ស្តែង ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​៕​សរន​