ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ មន្ត្រី ក​.​ប​.​ប​. ប្រចាំ​សាខា​រាជធានី​ភ្នំពេញ កាលពី​ល្ងាច ថ្ងៃទី​១៣ ខែតុលា ឆ្នាំ ២០២១ បាន​នាំយក​រថយន្ត ពិសោធន៍​ចល័ត ចុះទៅ​ត្រួតពិនិត្យ គុណភាព គ្រឿង​សមុទ្រ នៅ​ផ្សា​រលក់​គ្រឿង​សមុទ្រ ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ លេខ ៥៩ ៨ (​ផ្លូវ​ត្រឡោកបែក​) សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​កិច្ច​ប្រតិ​ត្តិ​ការ​នេះ ធ្វើឡើង បន្ទាប់ពី​មានការ​ណែនាំ​របស់លោក ផាន អូន ប្រតិភូ​រាជ​រដ្ឋា ភិ​បាល​កម្ពុជា ទទួលបន្ទុក​ជា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ។​

​នៅក្នុង​ប្រតិបត្តិការ​នេះ មន្ត្រី​ជំនាញ មិនបាន​រកឃើញ​សារធាតុ Formaline លើ​គ្រឿង​សមុទ្រ ទាំង​នោះឡើយ តែ​បាន​រកឃើញថា បង្គា និង បង្កង ទឹកសាប ចំនួន ៥០,៥០ គីឡូក្រាម មាន​ចាក់​បញ្ចូល សារធាតុ​ចាហួយ ដើម្បី​កេងប្រវ័ញ្ច​ទម្ងន់ លើ​ប្រជាពលរដ្ឋ ជា​អ្នកទិញ យកទៅ​បរិភោគ​។

​ក្រោយពី​បាន​ត្រួត​ពិនិត្យឃើញ​ដូចនេះ មន្ត្រី​ជំនាញ បានធ្វើ​ការពិន័យ និង​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម ឱ្យ​ឈប់​ប្រព្រឹត្តល្មើស​នឹង​ច្បាប់ បន្តទៀត​៕/V​-PC