ដោយ​: សុខុម / ស្ទឹងត្រែង​៖ អាជ្ញាធរ​សមត្ថកិច្ច​ពា​ក់​ព័ន្ធ មិនទាន់មាន​ចំណាត់ការ លើ​ក្រុម​ខិលខូច លក់​ដី​កាប់​ទន្ទ្រាន រុករាន​ព្រៃឈើ​សហគមន៍ ស្ថិតនៅ​ភូមិ​រំដេង ឃុំ​ចំការលើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង នៅឡើយ​ទេ​។​

​សកម្មភាព​នោះ ត្រូវគេ​ឲ្យ​ដឹងថា ក្រុម​អ្នក​កាប់​ព្រៃ បាន​ប្រព្រឹត្ត​ទាំងយប់​ទាំង​ថ្ងៃ តាម​រូបភាព កាប់​ព្រៃតូច រួច​រំលំ​ដើមឈើ​ធំៗ ដោយ​ពូថៅ និង​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​។ រីឯ​អ្នក​ជាប់​ពាក់ព័ន្ធ ក្នុងករណីនេះ គឺ​អ្នកគ្រប់គ្រង​ព្រៃ និង​មនុស្ស​មួយចំនួន ក្នុង​មូលដ្ឋាន ស៊ុមគ្រលំ​គ្នា លក់​ដីព្រៃ សហគមន៍​នោះ ដែល​អ្នកស្រុក​តំបន់​នោះ បានដាក់​ឈ្មោះថា ព្រៃ​សហគមន៍ ឈើទាល ប្រើស​។​

​សហគមន៍​ឈើទាល​ប្រើស គឺជា​ព្រៃ​ដែល​អ្នកភូមិ មាន​ដើមកំណើត​ជនជាតិ ភាគតិច​កួយ មាន​ជំនឿ​តាំងពី​ដូនតា និង​ទទួលបាន​អនុផល​ព្រៃឈើ ពី​កា​រដង​ជ័រទឹក ជាដើម​។​

​ថ្មីៗ​នេះ ក្រុម​ប្រជា​សហគមន៍ សហការ​ជាមួយ ក្រុមមន្ត្រី​អង្គការ​បរិស្ថាន ប្រចាំ​នៅ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​ចុះ​ពិនិត្យ ធនធានធម្មជាតិ នៅក្នុង​តំបន់​ព្រៃឈើ សហគមន៍ ខាងលើ បាន​ប្រទះឃើញ ជនខិលខូច​មួយចំនួន កំពុងស្នាក់នៅ ក្នុងព្រៃ​សហគមន៍​។​

​តាម​ការសាកសួរ អ្នក​កាប់​ព្រៃ​ទាំងនោះ បាន​ប្រាប់​ក្រុមការងារ ខាងលើនេះ​ថា មាន​អ្នកពាក់ព័ន្ធ រួមមាន ឈ្មោះ ហន ឆើត ប្រធាន​សហគមន៍ ព្រៃឈើ ភូមិ​រំដេង​, ឈ្មោះ សំរិត ឃុន អនុ​ភូមិ រំដេង​, ឈ្មោះ​ប៉េ​ន សារឿន ជា​ប្រធាន​ប្រជា​ការពារ ភូមិ​រំដេង ស្ថិតក្នុង​ឃុំ​ចំការលើ បាន​បើកដៃ ឱ្យ​ក្រុម​ប្រព្រឹត្ត​បទល្មើស ។ ក្រៅពីនេះ ឈ្មោះ ច​ន្នី គ​ន្ធា ភេទ​ស្រី បានផ្ដល់​ប្រាក់ មួយចំនួន ទៅឱ្យ​ប្រធាន​សហគមន៍ និង​មាន​ភស្ដុតាង​ស្នាម​ផ្ដិតមេដៃ ទិញ​លក់​ដីព្រៃ​សហគមន៍ នោះ​ទៀតផង​។​

​លោក ហ៊​ន ឆើត ប្រធាន​សហគមន៍​ព្រៃឈើ រំដេង បាន​អះអាងថាៈ លោក​មិន​មានការ ពាក់ព័ន្ធ និង​ការយក​លុយកាក់ ពី​ក្រុម​ជនខិលខូច​នោះទេ​ហើយ​កិច្ចការងារ បង្ក្រាប​បទ ល្មើស​នេះ យើង​ធ្លាប់​សហការគ្នា បង្ក្រាប​ជាច្រើន​ដង រួចមកហើយ តែ​ពុំមាន​ប្រសិទ្ធភាព​។​

​លោក ហន ឆើត បាន​បន្តថាៈ បញ្ហា​នេះ លោក​បានធ្វើ​របាយការណ៍ ជាក់លាក់ បញ្ជូនទៅ ឲ្យ​លោក​មេឃុំ ដើម្បី​សុំ​កម្លាំង អន្តរាគមន៍​ហើយ​។​

​លោក ព្រះ ហែម មេឃុំ​ចំការលើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​ទទួលស្គាល់ថាៈ បទល្មើស​ព្រៃ ឈើ នៅក្នុង​ព្រៃ​សហគមន៍​នេះ តែងតែ​កើតមាន​ឡើងជា​ប្រចាំថ្ងៃ មកហើយ លោក​ក៏​មិន ដែល​ដឹងថា មានការ​ឃុបឃិត​គ្នា កាប់​ព្រៃឈើ​យក​ដី​នោះទេ​។​

​តាម​រូបភាព​ជាក់ស្ដែង​នេះ លោក​នឹងធ្វើ​របាយការណ៍ ជា​លាយលក្ខណ៍អក្សរ ដាក់​បញ្ជូនទៅ​អាជ្ញាធរ​ពាក់ព័ន្ធ នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ មានដូចជា -​ទីស្នាក់ការ​បរិស្ថាន -​សមត្ថកិច្ច​ប៉ុស្តិ៍ -​រដ្ឋបាល​ព្រៃឈើ​- នឹង​ទៅ​លោក​អភិបាលស្រុក​ផ្ទាល់ ដើម្បី​សុំ​កម្លាំង អន្តរាគមន៍ ចុះមក​ពិនិត្យ និង​បង្ក្រាប​បទល្មើស​នេះ ។​

​លោក​មេឃុំ បាន​បន្ថែមថាៈ ការអនុវត្ត​បែបនេះ យើង​មាន​គោលបំណង​លើក​កំពស់ ការការពារ ធនធានធម្មជាតិ ដែល​នៅ​សេសសល់ ចុងក្រោយ​នេះ ឲ្យ​ឋិត​នៅ​គង់វង្ស សម្រាប់​កូនចៅ​យើង ប្រើប្រាស់ ទៅ​ថ្ងៃ​អនាគត ។​

​សូមបញ្ជាក់ថា ព្រៃឈើ​សហគមន៍​ឈើ ទាល​ប្រើស ស្ថិតក្នុង​ភូមិ​រំដេង ឃុំ​ចំការលើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ មាន​ទំហំ​ផ្ទៃដី ៦៦៤ ហិកតា បច្ចុប្បន្ន ត្រូវបាន​ជនខិលខូច លួច​កាប់ ឈើ​ធំៗ យកមក​ធ្វើ​អាជីវកម្ម ។ ចំណែក​ផ្ទៃដី​មួយចំនួន​ក៏ត្រូវ​បាន​ជន ខិលខូច កាប់​ព្រៃឈើ រុករាន​យក​ដី ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​ផងដែរ​៕/V​-PC