​ដោយៈ ជា សីហៈ / ភ្នំពេញៈ ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ ដោយសារ​មីន និង​សំណល់ ជាតិ​ផ្ទុះ ពី​សង្គ្រាម នៅ​កម្ពុជា បាន​ឲ្យ​ដឹងថាៈ ៩​ខែ​ឆ្នាំ ២០២១ កម្ពុជា មាន​ជនរងគ្រោះ ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ ចំនួន ៣៤ នាក់ ។​

​ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០២១ ប្រភព​ដដែល បាន​អះអាងថា មាន​ឧប្បត្តិហេតុ គ្រោះថ្នាក់​ដោយសារ យុទ្ធភណ្ឌ​គ្រឿងផ្ទុះ ចំនួន ២៨ លើក ដែល​បាន​បណ្តាល​ឲ្យ​មាន ប្រជាពលរដ្ឋ​ស្លាប់ និង​របួស​សរុប​ចំនួន ៣៤ នាក់​។ តួលេខ​ជនរងគ្រោះ​នេះ បាន​ថយចុះ ៣៨% ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២០ ដែលមាន​ជនរងគ្រោះ ៥៥​នាក់​។​

​ក្នុងពេល ៩​ខែ ឆ្នាំ​២០២១ ក្រុមការងារ​នេះ បានផ្តល់​សារ​អប់រំ កាត់បន្ថយ​គ្រោះថ្នាក់ ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​តាម​តំបន់ ដែលមាន ហានិភ័យ ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ មាន​ចំនួន ៣.១២៤​នាក់ និង​បាន​ផ្តល់ព័ត៌មាន ពី​ទីតាំង​គ្រាប់ នៅតាម​មូលដ្ឋាន បាន​ចំនួន ៨៩ គ្រាប់ ទៅ​ប្រតិបត្តិ​ករ សកម្មភាព​មីន ដើម្បី​យកចេញ និង​កំទេចចោល បាន​ទាន់ពេលវេលា ដើម្បី​ចូលរួមចំណែក ក្នុងការ​កាត់បន្ថយ អត្រា​គ្រោះថ្នាក់ ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​។​/V​