ដោយៈ​ស៊ា​ថាំង​/​ភ្នំពេញៈ​លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​លោក បេន សោ​ទ័​រ នាយករង​នៃ​QS Stars និង​លោក ខេ​ស៊ី បា​ណែ​ត នាយក​វិទ្យាស្ថាន​ខេ​ម​អេ​ដ​កាលពីដើម​សប្តាហ៍​នេះ​បាន​អញ្ជើញ​ចូល រួម​ប្រគល់​វិញ្ញាបនបត្រ ទទួលស្គាល់ គុណភាព​អប់រំ ដែល​បាន​វាយតម្លៃ និង​ទទួលស្គាល់​តាមរយៈ “QS Stars Rating” របស់ ចក្រភព​អង់គ្លេស​ដល់​សិស្ស​និស្សិត ប្រមាណ ២៥០​នាក់ តាម​ប្រព័ន្ធ​អន​ឡាញ​។​

​វិទ្យាស្ថាន​ខេ​ម​អេ​ដ គឺជា វិទ្យាស្ថាន​ឧ​ត្ត​មសិ​ក្សា​មុនគេ​បង្អស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទទួលបាន ការទទួលស្គាល់​លើ​គុណភាព​នៃ​ការបង្រៀន​កម្រិត​ផ្កាយ​ប្រាំ ពី​ស្ថាប័ន​វាយតម្លៃ​គុណភាព QS Stars នៃ​ចក្រភព​អង់គ្លេស ដែលជា​ស្ថាប័ន​អន្តរជាតិ​ដ៏​ធំ​មួយ​ផ្តោតលើ គុណភាព​នៃ​ការអប់រំ ដោយ​ឆ្លុះបញ្ចាំង​អំពី​ភាពខ្លាំង​របស់​គ្រឹះ​ឧ​ត្ត​មសិ​ក្សា​។

​លោក ខេ​ស៊ី បា​ណែ​ត នាយក​វិទ្យាស្ថាន​ខេ​ម​អេ​ដ បាន​មានប្រសាសន៍ថា​ការទទួលស្គាល់​នេះ នឹងធ្វើ​ឱ្យ​សិស្ស​និស្សិត​កម្ពុជា ដែល​បញ្ចប់​ការសិក្សា នៅ​វិទ្យាស្ថាន​ខេ​ម​អេ​ដ រឹតតែ​មានការ​ទទួល​ស្គាល់​ទូលំទូលាយ​លក្ខណៈ​អន្តរជាតិ ជាពិសេស​។ លើសពីនោះ​ទៅទៀត ការទទួលស្គាល់​ក៏​ជួយ​សម្រួល​ដល់ និស្សិត​ដែលមាន​បំណង​ផ្ទេរ​ការសិក្សា ឬ​បន្ត​ការសិក្សា ថ្នាក់​ក្រោយ​ឧ​ត្ត​ម​សិក្សា​នៅ​មហាវិទ្យាល័យ​ក្រៅប្រទេស​ផងដែរ​។​លោក​មានប្រសាសន៍​បន្ត​ថា ដើម្បី​ចូលរួម​ក្នុង​ការធានា​គុណភាព​អប់រំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា វិទ្យាស្ថាន​ខេ​ម​អេ​ដ បាន​ខិតខំ ពង្រឹងសមត្ថភាព និង ផ្ដល់​ការបណ្ដុះបណ្ដាល​ដែល​ប្រកបដោយ​គុណភាព​ខ្ពស់ ដែល​បានធ្វើ​ឲ្យ វិទ្យាស្ថាន​ខេ​ម​អេ​ដ បាន​ឆ្លងកាត់​ការវាយតម្លៃ​ទៅលើ​គុណភាព​អប់រំ​របស់​វិទ្យាស្ថាន ជា​លក្ខណៈ​អន្តរជាតិ តាមរយៈ “QS Stars Rating System” ដែលជា​ប្រព័ន្ធ​វាយតម្លៃ​មួយ​របស់ QS World University Ranking នៃ​ចក្រភព​អង់គ្លេស​។ ការវាយតម្លៃ​ត្រូវបាន​ធ្វើឡើង និង​កំណ​ត់នៃ​កម្រិត​ទទួលស្គាល់​នៃ​គុណភាព​អប់រំ តាមរយៈ ការទទួលបាន​នូវ​កម្រិត​ផ្កាយ (Stars Rating) ពី​កម្រិត​ផ្កាយ​១ រហូតដល់ កម្រិត​ផ្កាយ​៥ ដោយ​ផ្អែកទៅលើ​សូចនាករ​ជាច្រើន ដូចជា​ការវាយតម្លៃ​នៃ​ការបង្រៀន លទ្ធភាព និង​ឱកាស​ការងារ​ដល់​និស្សិត ហេដ្ឋារចនាសម្ព័ន្ធ កម្មវិធីសិក្សា និង​ការចូលរួម​ក្នុង​ការងារ​សង្គម​ជាដើម​។

​ជា​លទ្ធផល​នៃ​ការវាយតម្លៃ វិទ្យាស្ថាន​ខេ​ម​អេ​ដ​ទទួលបាន​នូវ​ទទួលស្គាល់​រហូតដល់​កម្រិត​ផ្កាយ​ចំនួន​៥ (Five Stars) លើ​គុណភាព​នៃ​ការបង្រៀន គុណភាព​នៃ​លទ្ធភាព និង​ឱកាស​ការងារ​ដល់​និស្សិត ហេដ្ឋារចនាសម្ព័ន្ធ ការវិវត្ត​នៃ​កម្មវិធីសិក្សា និង​ការចូលរួម​ក្នុង​ការងារ​សង្គម ។​

​លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​, បាន​ថ្លែងថា ភាពជោគជ័យ​របស់​វិទ្យាស្ថាន​ខេ​ម​អេ​ដ ចំពោះ​ការទទួលបាន ការទទួលស្គាល់​គុណភាព ពី​QS Stars គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​សិស្ស​និស្សិត​កម្ពុជា ដែល​កំពុងតែបន្ត ការសិក្សា​ថ្នាក់​បរិ​ញ្ញ​ប​ត្រ នៅ​វិទ្យាស្ថាន​នេះ ដោយ​អាច​ទទួលបាន​នូវ​ការអប់រំ ស្តង់ដា​ជាតិ និង​អន្តរជាតិ​។ លោក​បាន​បន្តថា សមិទ្ធផល​ដែល​សម្រេចបាន​ទាំងអស់នេះ​កើតឡើង ដោយសារ​វិទ្យាស្ថាន​បានកំណត់ ចក្ខុវិស័យ និង​បេសកកម្ម​ច្បាស់លាស់​ដែលមាន​និន្នាការ​អភិវឌ្ឍន៍ សហគមន៍​អ្នកជំនាញ​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ​តាម​គុណ​វឌ្ឍន៍ គុណភាព និង​ការទទួលស្គាល់​ជា​អន្តរជាតិ ភាពជា​អ្នកដឹកនាំ​រឹងមាំ និង​ការប្តេជ្ញាចិត្ត​ដឹកនាំ​ដោយ​ផែនការ​យុទ្ធសាស្ត្រ​ដ៏​រឹងមាំ ការចូលរួម​របស់​អ្នកពាក់ព័ន្ធ​សំខាន់ៗ និង​ត្រួតពិនិត្យ​ដោយ​យន្ត​ការធានា​គុណភាព​ផ្ទៃក្នុង​។ លោក​ក៏បាន​បន្ថែមថា លោក​ពិតជា​ពេញចិត្ត​នូវ ទស្សនវិជ្ជា​របស់​សាលា “BE ELITE” ដែល​ផ្តោតលើ​៖ ជំនាញ​ការងារ ការរៀនសូត្រ​ពេញ​មួយជីវិត​; ការបង្រៀន​ដែលមាន​គុណភាព​ខ្ពស់​; ការចូលរួម​និង​ការគោរព​; ភាព​ស្ទាត់ជំនាញ​និង​ការ​សម្រប​ខ្លួន របស់​អាយ​ធី​; និង​សីលធម៌​។​
លោក​ជឿជាក់​យ៉ាង​មុតមាំ​ថា​សិស្ស​និស្សិត​អាច​ទទួលបាន​នូវ ចំណេះដឹង និង​បទពិសោធន៍​ជាក់ស្តែង​តាមរយៈ​កម្មវិធីសិក្សា និង​កម្មវិធី​ដែលមាន​ការ​រចនា​យ៉ាង​ល្អ ដែល​បង្កើន​សមត្ថភាព​ការងារ​និង​ការប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​។ វិទ្យាស្ថាន​ខេ​ម​អេ​ដ​នឹង​ត្រូវបាន គេ​មើលឃើញថា​ជា​ស្ថាប័ន​មួយ ដែល​កម្ពុជា​អាចមាន​មោទនភាព​ក្នុងនាម​ជា​សាកលវិទ្យាល័យ​ឈានមុខ​គេ​៕​សរន​