ដោយៈ ភ្នំពេញៈ នៅ​ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ​២០២១​នេះ ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាត​ទទួល​ជួបពិភាក្សា​ការងារ​មួយចំនួន​ជាមួយ ឯកឧត្តម ប៉ា​ប្លូ ជី​ហូ កាង (Pablo Chiho Kang) ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ដែល​ជំនួប​នេះ​បាន​ធ្វើឡើង​នៅ​ខុទ្ទកាល័យ​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ នៅ​អគារ​មិត្តភាព​។​

​ឯកឧត្តម ប៉ា​ប្លូ ជី​ហូ កាង ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​បាន​ជម្រាបជូន​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ដោយ​ផ្តោតជាសំខាន់​លើ​ការពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់​រឹងមាំ​បន្ថែមទៀត រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយនឹង​អូស្ត្រាលី ក្នុងនោះ​ក៏បាន​លើកឡើង​ពី​គំនិត​ផ្តួចផ្តើម​ដែល​ប្រកាស​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី នូវ​អ្វីដែល​បាន​អះអាងថា ក្នុង​ភាពជា​ដៃគូ​រវាង​អូស្ត្រាលី ជាមួយ​បណ្តា​ប្រទេស​ទាំង​៥ នៃ​តំបន់​ទន្លេមេគង្គ ក្នុង​គោលបំណង​លើកកម្ពស់​វិស័យសេដ្ឋកិច្ច ការបង្កើន​ពាណិជ្ជកម្ម វិនិយោគ និង​បរិស្ថាន​ជាដើម​។ ក្នុងឱកាស​នោះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ក៏បាន​លើកឡើង​អំពី​ការត្រៀម​នឹង​បន្ត ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ឱ្យ​បានទទួល​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី ដើម្បី​ការកសាង​ធនធានមនុស្ស និង​ការបណ្តុះបណ្តាល​ក្នុង​ភាពជា​អ្នកដឹកនាំ​ផងដែរ បន្ទាប់ពី​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​- ១៩ បាន​ស្ងប់ស្ងាត់​ទៅវិញ​នាពេលខាងមុខ​។

​ជាមួយគ្នានេះដែរ ឯកឧត្តម ប៉ា​ប្លូ ជី​ហូ កាង មានប្រសាសន៍​ពាក់ព័ន្ធ​នឹង​ដំណើរការ និង​សមិទ្ធផល​នានា​របស់​សាលាក្តី​ខ្មែរក្រហម អ​.​វ​.​ត​.​ក និង​បញ្ជាក់ថា រដ្ឋាភិបាល​អូស្ត្រាលី​បន្ត​ជួយ អ​.​វ​.​ត​.​ក នូវ​ទឹកប្រាក់​១​លាន​ដុល្លារ​សម្រាប់​ឆ្នាំនេះ និង​១​លាន​ដុល្លារ​ទៀត​សម្រាប់​ឆ្នាំក្រោយ និង​ចង់ឱ្យ​មានការ​បង្វែរ​ប្រាក់​ជំនួយ​នេះ​ទៅ​ចំណាយ​មួយផ្នែក​លើ​សកម្មភាព​ចូលរួម​របស់​ជនរងគ្រោះ និង​ការរក្សា​កេរ្តិ៍ដំណែល​របស់ អ​.​វ​.​ត​.​ក​។​

​មានប្រសាសន៍​ក្នុងជំនួប​នេះ ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា រហូតមកដល់​ពេលនេះ អង្គជំនុំជម្រះ​នៃ​សាលាក្តី​ខ្មែរក្រហម បានបញ្ចប់​ជា​ស្ថាពរ​នូវ​សំណុំរឿង​សំខាន់ៗ​ចំនួន​៤​រួចហើយ និង​បាន​គាំទ្រ​នូវ​ការចូលរួម​របស់​អូស្ត្រាលី ក្នុង​ការចង់​រក្សា​កេរ្តិ៍ដំណែល​របស់ អ​.​វ​.​ត​.​ក ដោយបាន​ចាត់ទុកថា ជា​កត្តា​សំខាន់​ក្នុងការ​ថែរក្សា​ទុក​សម្រាប់​អ្នកជំនាន់ក្រោយ​ឱ្យមាន​ការចងចាំ ក៏ដូចជា​ការអប់រំ​ទប់ស្កាត់​ការវិល​ត្រឡប់មកវិញ​នូវ​របប​ប្រល័យពូជសាសន៍ ជាពិសេស ដំណើរការ​នីតិវិធីតុលាការ និង​ការជំនុំជម្រះ​ក្តី​នៅ អ​.​វ​.​ត​.​ក បាន​ចូលរួម​ដល់​ការពង្រឹង​នីតិរដ្ឋ និង​ដំណើរការ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា តាមរយៈ​ការផ្ទេរ​ចំណេះដឹង ចំណេះធ្វើ និង​បទពិសោធន៍​ការងារ​នានា​ជាច្រើន​។​

​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ បានឱ្យដឹង​ទៀតថា រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​នៃ​ប្រទេស​អូស្ត្រាលី​គឺជា​ប្រទេស​លំដាប់​ទី​៣ ដែល​បានផ្តល់​ថវិកា​សរុប​ចំនួន​ជិត​៤០​លាន​ដុល្លារ​អាមេរិក​ហើយ សម្រាប់​ដំណើរការ​របស់​អង្គជំនុំជម្រះ​នៃ​សាលាក្តី​ខ្មែរក្រហម ក្នុងនោះ​ទឹកប្រាក់​ចំនួន​៣១​លាន​ដុល្លារ​សម្រាប់​ជួយ​ដល់​ភាគី​អន្តរជាតិ និង​ក្រៅពីនេះ​គឺ​ទឹកប្រាក់​សម្រាប់​ការជួយ​ដល់​ភាគី​កម្ពុជា​។ ទន្ទឹមនឹង​នោះដែរ ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត​ក៏បាន​សំណូមពរ​ឱ្យ​អូស្ត្រាលី​ជួយផ្តល់​ថវិកា​ដល់​ភាគី​ជាតិ​នៃ​អ​.​វ​.​ត​.​ក​. នៅ​ឆ្នាំ​២០២២ ដែលជា​ឆ្នាំ​ចុងក្រោយ​ដែល អ​.​វ​.​ត​.​ក គ្រោង​នឹង​បញ្ចប់​សំណុំរឿង​ទាំងអស់​ដែល​នៅ​សេសសល់ ហើយនឹង​បន្ត​ជួយ​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​សម្រាប់​អនុវត្ត​មុខងារ​សេសសល់​ផ្នែក​យុត្តាធិការ​និង​មិនមែន​យុត្តាធិការ​ក្រោម​កិច្ចព្រមព្រៀង​បន្ថែម​។​

​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​បាន​វាយតម្លៃ​ខ្ពស់​ថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​អូស្ត្រាលី គឺមាន​ភាពល្អប្រសើរ​តាំងពី​យូរយារ​ណាស់​មកហើយ ហើយ​ការចូលរួម​ផ្តល់​ថវិកា​របស់​រដ្ឋាភិបាល​អូស្ត្រាលី សម្រាប់​សាលាក្តី​ខ្មែរក្រហម គឺជា​មរតក និង​ជា​គុណសម្បត្តិ​ដ៏​ធំធេង​របស់​អូស្ត្រាលី​ដែល​បាន​ជួយ​ជ្រោមជ្រែង​៕PL