​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ នេះ លោក​ប្រធាន ក្រុមប្រឹក្សា​ខេត្ត និង​លោក​អភិបាល ខេត្តកំពង់ឆ្នាំង បាន​បើក​កិច្ចប្រជុំ​មួយ ជាមួយ​លោក មេភូមិ មេឃុំ ចៅសង្កាត់ និង អភិបាលក្រុង ស្រុក ដើម្បី​ប្រមូល​របាយការណ៍ និង​លើក​ទិស ដៅ ចុះ​យុទ្ធនា​ការដោះស្រាយ​ទំនាស់​ទូទៅ ជូន​ប្រជាពលរដ្ឋ គ្រប់​ក្រុង ស្រុក ដោយបាន កំណត់​រយៈពេល មួយខែ ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២១ ដើម្បី​ឈានទៅដល់ ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ​២០២២ ឱ្យ​ទទួលបាន​ជោគជ័យ ។​

​នៅក្នុង​កិច្ចប្រជុំ​នេះ អភិបាលខេត្ត​កំពង់ឆ្នាំង លោក ស៊ុន សុវណ្ណ​រិ​ទ្ធិ បានលើកឡើង​ថាៈ ការប្រជុំ​ថ្ងៃនេះ​គឺជា​សារ​មួយ​ជូន​ដល់​លោក​មេភូមិ មេឃុំ​និង​ចៅសង្កាត់ និង​លោក​អភិបាល ក្រុង ស្រុក ទាំងអស់ បាន​ជ្រាបថា ចាប់ពី​ថ្ងៃទី​១ ខែវិច្ឆិកា ទៅ លោក​នឹង​ចាត់តាំង អភិបាលរង​ខេត្ត ទាំងអស់ ចុះទៅ​គ្រប់​ឃុំ សង្កាត់ ក្រុង ស្រុក ដែល​ខ្លួន​ចុះទៅ​ពង្រឹង ដើម្បី​ដោះស្រាយ​ទំនាស់ និង​តម្រូវការ​ជា​ចាំបាច់​ទូទៅ ជូន​ប្រជាពលរដ្ឋ នៅ​គ្រប់​ឃុំ និង​សង្កាត់ ក្រុង ស្រុក​ទាំងអស់ ឲ្យ​បាន​រួចរាល់ ដោយ​កំណត់​ការដោះស្រាយ ក្នុង​រយៈពេល ១ ខែ អោយអស់ ។

​ដូច្នេះ លោក​មេភូមិ មេឃុំ ចៅសង្កាត់ លោក​អភិបាល ក្រុង និង​ស្រុក ដែល​មក​ប្រជុំ​ថ្ងៃនេះ ពេល​ត្រឡប់​ទៅវិញ ក្នុង​សប្តាហ៍​ក្រោយ ត្រូវតែមាន​របាយការណ៍ គ្រប់​រឿងហេតុ និង បញ្ហា​ប្រឈម​ជាទូទៅ ដែល​កើតមាន នៅក្នុង​ឃុំ ស្រុក របស់ខ្លួន ផ្ញើមក​សាលាខេត្ត ប៉ុន្តែ រឿង​ទំនាស់ ដែល​ទាក់ទង​នឹង​ការ​ប្ដឹងផ្ដល់ ទៅ​តុលាការ គឺ​ទុក​ឲ្យ​តុលាការ ជា​អ្នក​ដោះ ស្រាយ ។​

​ចំណែក​រឿង​បណ្ដឹង ដែល​ប្រជាពលរដ្ឋ ប្ដឹង​មក​អាជ្ញាធរ​ឃុំ ស្រុក និង​ខេត្ត ត្រូវតែ​ប្រមូល​មក រួមគ្នា​ដោះស្រាយ ដោយ​ផ្អែក​តាម​គោលការណ៍ ច្បាប់​នានា​របស់​ជាតិ ។

​ជាមួយគ្នានេះដែរ ត្រូវ​យកចិត្តទុកដាក់ ចំពោះ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម ដោយ​ត្រូវ ពង្រឹង​ប្រជា​ការពារ រឹងមាំ បង្កើត​ប៉ុស្តិ៍​ប្រជា​ការពារ នៅក្នុង​មូលដ្ឋាន ។ ក្នុងនោះ ជួយ​មើល គំន​សំរាម នៅតាម​ផ្លូវ​សាធារណៈ សំរាម​កកស្ទះ តាម​លូបង្ហូរទឹក តាម ផ្លូវថ្នល់ មើលផ្លូវ ដែល​រង​ការខូចខាត និង​ត្រូវ​រាយការណ៍ មក​ថ្នាក់លើ ជួយ​ដោះស្រាយ ឲ្យ​បាន​ទាន់ពេល វេលា ។ ជួយ​ដោះស្រាយ និង​ជួយ​ឆ្លើយតប​ជាបន្ទាន់ ចំពោះ​គ្រោះ​មហន្ត រាយ​នានា ដែល​កើតមាន នៅក្នុង​មូលដ្ឋាន​។​

​នៅក្នុង​ឱកាស​នេះដែរ លោក ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង បាន​លើក ឡើង​ថាៈ អាជ្ញាធរ​ឃុំ សង្កាត់ និង​ក្រុង ស្រុក ត្រូវ​យកចិត្តទុកដាក់ ជំរុញ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ទៅ​ចុះឈ្មោះ​បោះឆ្នោត អោយបាន​គ្រប់ៗ​គ្នា ។​

​កន្លងមក របាយការណ៍ ស្តីពី​ស្ថិតិ​ប្រជាពលរដ្ឋ មាន​អាយុ​ចាប់ពី​អាយុ ១៨ ឆ្នាំ​ឡើងទៅ មាន​សិទ្ធិ​បោះឆ្នោត គឺ​មិនត្រូវ​គ្នា ជាមួយ​ថ្នាក់​ខេត្ត​។ នៅតាម​ឃុំ ស្រុក​ខ្លះ ប្រជាពលរដ្ឋ មិន ទាន់​មាន​អត្តសញ្ញាណប័ណ្ណ សម្រាប់​ទៅ​បោះឆ្នោត រាប់រយ​រាប់​នាក់ ប៉ុន្តែ​អាជ្ញាធរ​ខ្លះ ធ្វើ​ដូចជា​ប៉ក់​ល្វើយ មិន​ចាប់អារម្មណ៍​សោះ ។ ដូច្នេះ​បញ្ហា​នេះ ត្រូវតែ​ជំរុញ​ឡើងវិញ ធ្វើ​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​ឆ្លើយតប​ការបោះ ឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងពេល​ខាងមុខនេះ ។​

​នៅ​ចុងបញ្ចប់ ក្នុង​កម្មវិធី​នេះដែរ លោក​អភិបាលខេត្ត ក៏បាន​ចែក​អំណោយ ជា​ស្បៀង អាហារ និង​ភេសជ្ជៈ​មួយចំនួន ជូន​អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ និង​អាជ្ញាធរ​ក្រុង ស្រុក ដែល​បាន​ចូលរួម​ប្រជុំ ទាំងអស់នេះ​ផងដែរ​៕/V​