​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កាលពី​ម្សិលមិញ និង​ថ្ងៃនេះ​ទី ១៤ ខែ តុលា ឆ្នាំ ២០២១ ក្រសួង​កិច្ចការនារី បាន​ហើយក៏​កំពុងតែ​រៀបចំ​វេទិកា​អាស៊ី​-​អឺរ៉ុប​ស្តីពី​ស្ត្រី សន្តិភាព និង​សន្តិសុខ ដោយមាន​ការចូលរួម​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី ព្រមទាំង​តំណាង​ប្រទេស​៥៣ ពោលគឺ​៣០​ប្រទេស​មកពី​ទ្វីបអឺរ៉ុប ២១​ប្រទេស មកពី​ទ្វីបអាស៊ី សហភាព​អឺរ៉ុប និង​លេខាធិការដ្ឋាន​អាស៊ាន​។​

​វេទិកា​នេះ​មាន​គោលបំណង​ចម្បង​សំខាន់ៗ​ចំនួន​៣៖ ១. សម្របសម្រួល​ដល់​កិច្ចសន្ទនា និង​ចែករំលែក​បទពិសោធន៍​និង​ឧ​ត្ត​មា​នុ​វត្ត​ន៍​រវាង​បណ្តា​ប្រទេស​នៅ​អា​សុ​ី និង​អឺរ៉ុប​ក្នុងការ​អនុវត្ត​របៀប​វារៈ​ស្ត្រី សន្តិភាព និង​សន្តិសុខ​។ ២. បង្ហាញ​នូវ​វឌ្ឍនភាព​របស់​ប្រទេស​កម្ពុជា​ស្តីពី​ដំណើរ​នៃ​ការវិវត្ត​របស់​ស្ត្រី​សន្តិភាព និង​សន្តិសុខ​ប្រវត្តិ​នៃ​ការចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​ដោះមីន និង​ការរក្សា​សន្តិភាព ក៏ដូចជា​យុទ្ធសាស្ត្រ និង​ការអភិវឌ្ឍន៍​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ និង​ផលប៉ះពាល់​នៃ​ជំងឺ Covid-19 លើ​ស្ត្រី​។ ៣. ស្វែងរក​មតិ​គាំទ្រ​ក្នុងការ​បង្កើតឱ្យមាន​ព្រឹ​ត្ត​ការណ៍​អម​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ស្ត្រី​នៅក្នុង​រៀងរាល់ កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប នាពេល​អនាគត​។​

​នាឱកាស​នោះ លោក ប្រាក់ សាខុន បាន​មានប្រសាសន៍ថា តើ​ពិភពលោក​របស់​យើង​នឹង​ទៅជា​យ៉ាងណា​បើ​គ្មាន​ស្ត្រី​? តើ​តួនាទី​របស់​ស្ត្រី​សំខាន់​ប៉ុណ្ណា​ក្នុងការ​នាំមក​នូវ​សន្តិភាព និង​សន្តិសុខ​?

​កម្ពុជា​ពិត​មាន​មោទនភាព​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​អាស៊ី​-​អឺរ៉ុប​ស្តីពី ស្ត្រី សន្តិភាព និង​សន្តិសុខ ដែលជា​ព្រឹត្តិការណ៍​អម​មួយ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣​។ យើង​ក៏មាន​មោទនភាព​ផងដែរ​ដែល​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១៣ ក្នុងចំណោម​១២២​ប្រទេស ក្នុងការ​ចូលរួមចំណែក​បញ្ជូន​កងទ័ព​មួក​ខៀវ​នារី​ទៅតាម​បណ្តា​ប្រទេស​លើ​ពិភពលោក ខណៈដែល​ចំនួន​ស្ត្រី​នៃ​អ្នកដោះមីន និង​កម្លាំង​ពលកម្ម​កាន់តែ​កើនឡើង​។ នេះ​មិនមែន​ជាការ​ចៃដន្យ​នោះទេ ប៉ុន្តែ​ជា​ចក្ខុវិស័យ​គោល​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការផ្តល់អំណាច​ដល់​ស្ត្រី និង​តួនាទី​របស់​ពួកគាត់​នៅក្នុង​សង្គម​។​

​ស្របទៅនឹង​មូលបទ​ខាងលើ កម្ពុជា​ក៏​នឹង​រៀប​នា​ចំ​ឱ្យមាន​ព្រឹត្តិការណ៍​អម និង​វេទិកា​អន្តរជាតិ​សំខាន់ៗ​ផ្តោតលើ យុវជន វប្បធម៌ ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប វេទិកា​និពន្ធ​នាយក​សារព័ត៌មាន និង ធុរៈកិច្ច​ជាដើម​។ បើ​ពិនិត្យមើល​លើ​ប្រវត្តិ​នៃ​ការរៀបចំ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​មកដល់​បច្ចុប្បន្ន​នេះ​ការយកចិត្តទុកដាក់​លើ​របៀបវារៈ​ស្ត្រី សន្តិភាព និង​សន្តិសុខ គឺ​នៅមានកម្រិត​នៅ​ទ្បើ​យ​។ តាមរយៈ​ប្រធានបទ​សម្រាប់​ព្រឹត្តិការណ៍​ក្នុងឆ្នាំនេះ ក៏ដូចជា​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​កម្ពុជា​ក្នុងការ​លើកកម្ពស់​ស្ត្រី និង​ភ្ជាប់​ជាមួយ​ប្រធានបទ​សន្តិភាព និង​សន្តិសុខ ក្រសួង​កិច្ចការនារី​បានស្នើ​រៀបចំ​នូវ​វេទិកា​អាស៊ី​-​អឺរ៉ុប ស្តីពី​“​ស្ត្រី សន្តិភាព និង​សន្តិសុខ​”​។​

​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក ជាពិសេស​នៅក្នុង​ទ្វីបអាស៊ី និង​អឺរ៉ុប​នៅតែ​បន្ត​ស្វែងរក​វិធីសាស្ត្រ ដើម្បី​កាត់បន្ថយ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​នៅក្នុង​គ្រួសារ ជា​ពិ​សេ​នៅក្នុង​អំឡុងពេល នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​Covid-19 ដែល​ធ្វើឱ្យមាន​ផលប៉ះពាល់​ដល់​ចំណូល​របស់​ស្ត្រី ហើយ​ស្ត្រី​ត្រូវ​ស្វែងរក​មធ្យោបាយ​ផ្សេងៗ​ទៀត​ក្នុងការ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ អំពើហិង្សា​ក្នុង​គ្រួសារ​នៅតែ​ជា​បញ្ហា ចម្បង​មួយ​ក្នុង​បរិបទ​ស្ត្រី សន្តិភាព និង​សន្តិសុខ​៕​