​ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ ស្ត្រី​ជីវិត​តែលតោល​ម្នាក់ មាន​បញ្ហា​សុខភាព ដេក​ឈឺ​ម្នាក់ឯង ទីបំផុត បាន​ស្លាប់ នៅក្នុង​បន្ទប់​ជួល ទុក​នៅ​កូនតូច​ម្នាក់ទៀត រស់នៅ​ម្នាក់ឯង សមត្ថកិច្ច កំពុង​ស្វែងរក សាច់ញាតិ​។​

​ប្រភពពី​កន្លែងកើតហេតុ បន្ទប់​ជួល ក្នុងភូមិ​បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង បាន​បញ្ជាក់ថា​÷ ស្ត្រីជន​រងគ្រោះ ជាមួយនឹង​កូនតូច​ម្នាក់ទៀត បានមក​ជួល​បន្ទប់​របស់គាត់ ដើម្បី​រស់នៅ បាន​រយ​:​ពេល ២៥ ថ្ងៃ ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ ចុងក្រោយ​នេះ ជនរងគ្រោះ បាន​ធ្លាក់ខ្លួន​ឈឺ ដែល​មិនមាន​សាច់ញាតិ ឬ​បងប្អូន មកជួយ​មើលថែ​ឡើយ​។​

​ប្រភព​បាន​អះអាង​ដែរ​ថា​÷ នៅមុន​ថ្ងៃកើតហេតុ គាត់​បានឃើញ​បុរស​ចំណាស់​ម្នាក់ បាន​យក​ថ្នាំសង្កូវ មក​ឲ្យ​ស្ត្រីជន​រងគ្រោះ ដើម្បី​លេប​ព្យាបាល រួច​បុរស​ចំណាស់​នោះ ក៏បាន​ចាកចេញ​ទៅវិញ ថែមទាំង​បាន​ផ្តាំផ្ញើ ឲ្យ​អ្នករស់នៅ​បន្ទប់​ជួល ក្បែរ​ខាង​ជួយ​មើល អ្នកជំងឺ​ផង​។ រំលង​បាន​មួយ​យប់ លោកតា​ម្ចាស់​បន្ទប់​ជួល បាន​ឆៀង​ទៅ​មើល ដើម្បី​សាក សួរសុខទុក្ខ ក៏​ប្រទះឃើញ​ស្ត្រីជន​រងគ្រោះ ខាងលើ បាន​ដេកស្លាប់ បាត់ទៅហើយ ដោយ​បន្សល់ទុក កូនប្រុស​ម្នាក់​អាយុ ៤​ឆ្នាំ ដេក​ឱប​ដ​ង្ហើ​យ​ហៅ​ម្តាយ​។​

​ស្ត្រីជន​រងគ្រោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ សុ​ខះ អាយុប្រមាណ​ជាង ៣០ ឆ្នាំ មានកូន​ចំនួន ៣ នាក់ ដោយ​កូន​ទី​១ ត្រូវ​ប្តី​យកទៅ​នៅ​ជាមួយ ហើយ​កូន​ទី​២ ជនរងគ្រោះ ឲ្យ​ទៅ​រស់នៅ ជាមួយ​ព្រះ​ស​ង្ឍ ចំណែក​កូនតូច​ទី​៣ រស់នៅ​ជាមួយ​ខ្លួន​។​

​ភ្លាមៗ សមត្ថកិច្ច​ជំនាញ បាន​ចុះ​ដល់​កន្លែងកើតហេតុ ហើយ​បាន​ពិនិត្យ​សាកសព បញ្ជាក់ថា ជនរងគ្រោះ បាន​ស្លាប់​ដោយសារ​គាំងបេះដូង រួច​តម្កល់ទុក​រង់ចាំ​ក្រុមគ្រួសារ សាច់ញាតិ មក​ទទួល ដើម្បី​យកទៅ​រៀបចំ​ធ្វើបុណ្យ តាម​ប្រពៃណី​៕/V