ដោយៈ សុផល​-​ទេព​មង្គល​-​វណ្ណៈ / ភ្នំពេញ​៖ ករណី​ឧប្បត្តិហេតុ គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថភ្លើង ប៉ះទង្គិច​ជាមួយនឹង​រថយន្ត សាំង​យ៉ុង នៅ​វាលរេញ ស្ថិតក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ បាន​ត្រូវ​ដោះស្រាយ​បញ្ចប់ រួចហើយ នៅ​ថ្ងៃទី​១៤ ខែតុលា​នេះ​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​សេចក្ដីប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី​១៤ តុលា បានឱ្យដឹងថាៈ ករណី​ឧប្បត្តិហេតុ​គ្រោះថ្នាក់ ចរាចរណ៍ រវាង​រថភ្លើង បាន​ប៉ះទង្គិច​ជាមួយនឹង​រថយន្ត សាំង​យ៉ុង នៅ​វាលរេញ ស្ថិតក្នុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ ត្រូវបាន​ដោះស្រាយ បញ្ចប់ រួចរាល់​ជា​ស្ថាពរ​ហើយ នៅវេលា​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១​នេះ​។​

​សេចក្ដីប្រកាស​ព័ត៌មាន បានបញ្ជាក់​ជូន​ថា សមត្ថកិច្ច មិនបាន​ឃាត់ខ្លួន អ្នកបើក​រថភ្លើង នោះឡើយ ដោយ​គ្រាន់តែ​ធ្វើការ​សាកសួរ​នាំ ព័ត៌មាន​មួយចំនួន តែប៉ុណ្ណោះ ហើយ បច្ចុប្បន្ននេះ អ្នកបើក​រថភ្លើង ក៏​ត្រូវបាន​អនុញ្ញាតឱ្យ​វិលត្រឡប់​ទៅកាន់​គេហដ្ឋាន​វិញ ផងដែរ​។​

​សូម​រំលឹកថា រថយន្ត​ម៉ាក​សាំ​យ៉ុង ១​គ្រឿង ដែល​បើកបរ ពី​ខេត្ត​ព្រះសីហនុ ទៅ​រាជធានី ភ្នំពេញ បាន​បើក​ឆ្លង​ផ្លូវដែក ដែល​មិនមាន​ដាក់​បារាស បញ្ជា​ឱ្យ​ឈប់ ក៏ត្រូវ​រថភ្លើង ដែល​បើក​ក្នុងទិសដៅ ពី​ខេត្ត​ព្រះសីហនុ ទៅ​រាជធានី​ភ្នំពេញ បុក​នៅ​ចំណុច ផ្លូវ​រថភ្លើង កាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ លេខ ១៨១-១៨២ ស្ថិតក្នុង​ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ ។​

​អ្នកបើកបរ​រថយន្ត ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២T-៤៧៣០ ឈ្មោះ ឈិន សុខ​ជា ភេទ​ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត ដឹក​កម្មករ មាន​លំនៅ នៅ​ភូមិ​ទួល​ទទឹង​១ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រងរបួស​ធ្ងន់ ហើយ​ក្នុង រថយន្ត​នេះ មិនមាន​អ្នករួមដំណើរ​នោះទេ ។ ប៉ុន្តែ​អ្នកបើកបរ​រថយន្ដ​នោះ បាន​ស្លាប់​នៅ ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​ក្រោយមក ដោយមាន​ការសម្របសម្រួល​ផ្លូវច្បាប់ ពី​ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្ត​ព្រះសីហនុ សមត្ថកិច្ច បាន​ឃាត់ខ្លួន អ្នកបើកបរ​រថភ្លើង ជា​បណ្តោះអាសន្ន ហើយ​នាំមក​សាកសួរ តាម​នីតិវិធី នៅ​រសៀល ថ្ងៃ​ដដែល​នោះ​។​

​ប្រភពពី​សមត្ថកិច្ច បាន​អះអាងថាៈ ការឈាន​ទៅដល់​ការឃាត់ខ្លួន អ្នកបើកបរ​រថភ្លើង ជា​បណ្តោះអាសន្ន គឺ​ដើម្បី​ស្រាវជ្រាវ​បន្ត រក​ដើមហេតុ រវាង​អ្នកបើកបរ​រថភ្លើង និង​អ្នកបើក បិទ បា​រ៉ា​ស កន្លែង​ផ្លូវ​រថភ្លើង ឆ្លងកាត់ ដោយសារ​ថា ពេល​រថភ្លើង បើក​ឆ្លង​ផ្លូវជាតិ​លេខ​៤ មិនមាន​បិទ​បា​រ៉ា​ស​ទេ ៕/V​