ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ “យើងអាចភ្លេចជំងឺកូវីដ១៩ តែកូវីដ១៩មិនភ្លេចយើងនោះទេដូចនេះគួរយើង ទាំងអស់គ្នា ចូលរួមទទួលខុសត្រូវទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ សូមអនុវត្តវិធានការ ៣កុំ ៣ការពារជានិច្ច ” ។ នេះគឺជាលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធាន គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី ១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងក្នុងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ១៤ ខែតុលាឆ្នាំ ២០២១។

ក្នុងសុន្ទរកថាស្វាគមន៍និងរបាយការណ៍សង្ខេប លោក អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ លទ្ធផលការងារនៃគណៈកម្មការខេត្តប្រយុទ្ធជំងឺកូវីដ១៩ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ក្នុងផែនការ ៥២៩.៦៨១នាក់ ចាក់បានចំនួន ៤០៤.៤៨៤នាក់ស្មើនឹង ៧៦,៣៦ភាគរយ។
ចាក់លើកទី ២ បាន ៣២៦.៨១៥នាក់និងចាក់លើកទី៣ឬដូសជំរុញបានចំនួន១៧.៥៣០ នាក់(ស្រី៧.១០៣នាក់)។

លោក អ៊ុំ រាត្រី មានប្រសាសន៍បន្តថា ចាប់ពីមានការផ្ទុះរីករាលដាលក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈមក សម្រាប់ ខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី ១២ខែតុលាឆ្នាំ២០២១ រកឃើញអ្នកវិជ្ជមានចំនួន ២៧.៨៩៥នាក់(ស្រី ១៣.៨១៩នាក់ )ជាសះស្បើយ ២៦.២៥២នាក់(ស្រី ១៣.១៨៤នាក់) នៅសល់វិជ្ជមានចំនួន ៨៨៦នាក់(ស្រី៤៨៨នាក់ ) កំពុងសម្រាកព្យាបាលនៅក្នុងមណ្ឌល។ខេត្តបន្ទាយមានជ័យក៏មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩សរុប ចំនួន ២៥០នាក់(ស្រី ១៣៨នាក់)ក្នុងនោះ ខ្មែរ ២៤៤នាក់(ស្រី ១៣៥នាក់ )និងជនបរទេស ៦នាក់( ស្រី ៣នាក់) ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានសំដែងនូវការកោតសរសើរដោយស្មោះចំពោះ អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំង យុវជនគ្រប់លំដាប់ថ្នាក់ពិសេសក្រុមគ្រូពេទ្យគ្រូពេទ្យស្ម័គ្រចិត្តនិងក្រុមគ្រូពេទ្យកងយុទ្ធ ពលខេមរភូមិន្តទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់លើបញ្ហាជំងឺកូវីដ១៩នេះ។ក្នុងនោះចំណាយទាំងកម្លាំងកាយចិត្ត ទាំងយប់ទាំងថ្ងៃ ដើម្បីចូលរួមជួយកាត់បន្ថយនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩ ។

លោកស្រី ក៏បានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តការយកចិត្តទុកដាក់គ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ ឱ្យបានជាប្រចាំនិងធ្វើការចុះអប់រំផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈឲ្យបានជ្រាបច្បាស់ពីបញ្ហាជំងឺនេះ បន្តទៀត ៕សរន