​ដោយ​: ពៅ​និមល / ភ្នំពេញ​៖ ខណៈដែល​កម្ពុជា ស្ថិតក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ នៅ​ឆ្ងាយ​ពី អាយ អ (IR) ៤.០ រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន បាន​ចាប់​ដៃគូ សហការគ្នា ក្នុងការ​រៀបចំ​អភិវឌ្ឍន៍ មជ្ឈមណ្ឌល​ផលិតកម្ម ឌីជីថល កម្ពុជា​-​ជប៉ុន ដើម្បី​ជំរុញ​ឲ្យ​កម្ពុជា សម្រេច​គោលដៅ​អភិវឌ្ឍន៍ ឆ្នាំ​២០៣០ និង​ឆ្នាំ ២០៥០​។​

​លោក​បណ្ឌិត ម៉ី កល្យាណ ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ (RUPP) នៅក្នុង​សន្និសីទកាសែត ស្តីពី​ការរៀបចំ​បង្កើត មជ្ឈមណ្ឌល​ផលិត ឌីជីថល កម្ពុជា​-​ជប៉ុន​(CIDM) កាលពី​ព្រឹក​ថ្ងៃ​១៤ ខែតុលា ឆ្នាំ​២០២១ នេះ បាន​មានប្រសាសន៍ ថាៈ គោលនយោបាយ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ និង​កំណែទម្រង់​មួយចំនួន ដូចជា ផែនការអភិវឌ្ឍន៍​ឧស្សាហកម្ម ផែនការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច យុទ្ធសាស្ត្រ​អប់រំ STEM និង​ការលើកកម្ពស់ ការស្រាវជ្រាវ ការអភិវឌ្ឍន៍ នូវ​ការច្នៃប្រឌិត​ឧស្សាហកម្ម ៤.០ គឺជា​កត្តា ជំរុញ​ដ៏​សំខាន់​មួយ ដែល​អនុញ្ញាតឱ្យ​កម្ពុជា សម្រេចបាន​នូវ​គោលដៅ រយៈពេល​វែង ក្នុងការ​ក្លាយជា​ប្រទេស មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ជា​ប្រទេស​អភិវឌ្ឍន៍​។

លោក​បាន​បន្តថាៈ ទោះបី​កម្ពុជា ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ និង​កំពុង​ស្ថិតនៅ​ឆ្ងាយ ពី​ឧស្សាហកម្ម ៤.០ នៅឡើយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា ទទួលយក​ចក្ខុវិស័យ អភិ​វ​ឌ្ឈ​ន៍​វិស័យនេះ ជា​សារសំខាន់ តាមរយៈ​ការដាក់ចេញ នូវ​គោលនយោបាយ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ និង​កំណែទម្រង់​ជាច្រើន ដូចជា គោលនយោបាយ អភិវឌ្ឍន៍​ឧស្សាហកម្ម គោលនយោបាយ​ពិពិធ​កម្ម​សេដ្ឋកិច្ច យុទ្ធសាស្ត្រ​អប់រំ STEM និង​ការលើកកម្ពស់ ការស្រាវជ្រាវ ការអភិវឌ្ឍន៍ និង​នវានុវត្តន៍​។​

​លោក​បណ្ឌិត ជេ​ត ជាលី សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ RUPP បាន​លើក ឡើង​ថាៈ RUPP រួមជាមួយ​ក្រុមហ៊ុន ឌី​អឹម​ជី ម៉ូ​រី (DMG MORI) ជា​ក្រុមហ៊ុន បណ្តាក់ទុន​រួមគ្នា រវាង​ប្រទេស​ជប៉ុន អាល្លឺម៉ង់ និង​ក្រុមហ៊ុន​ផលិត​គ្រឿង​ម៉ាស៊ីន ស៊ី​អេ​ន​ស៊ី (CNC) ដែល​បាននិងកំពុង​រួមចំណែក​អភិវឌ្ឍន៍ តាមរយៈ​ការផលិត​ធនធានមនុស្ស មាន​សមត្ថភាព​ខ្ពស់ និង​កម្មវិធី​បណ្តុះបណ្តាល ក្នុង​វិស័យ​ផលិត​ឌីជីថល ប្រកបដោយ គុណភាព ភាពជាក់លាក់​បំផុត​។​

​លោក​បាន​បន្ថែមថាៈ យើង​អនុវត្ត​គម្រោង​នេះ តាម​គំរូ​ម៉ូ​ដែល​ជប៉ុន សម្រាប់​ន​វា​នុ​វត្ត (​សាន់ កាន កាក​គុ​) ឬ គំរូ​ម៉ូ​ដែល Triple Helix នៃ​ការច្នៃប្រឌិត ដែល​សង្កត់ធ្ងន់​លើ សហប្រតិបត្តិការ ត្រីភាគី រវាង​សាកលវិទ្យាល័យ ឧស្សាហកម្ម និង​រដ្ឋាភិបាល ដើម្បី​ជំរុញ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ព្រោះ​វា​គាំទ្រ​ខ្សែសង្វាក់ ផលិតកម្ម ពេញលេញ ចាប់តាំងពី​ការធ្វើផែនការ រហូតដល់​ផលិតផល ចុងក្រោយ​។​

​ដោយឡែក លោក​បណ្ឌិត ងួន ផន​ភក្តី ព្រឹទ្ធបុរស​មហាវិទ្យាល័យ​វិស្វកម្ម នៃ RUPP បាន អះអាងថាៈ ចំពោះ​ផ្នែក​សាកលវិទ្យាល័យ RUPP នឹង​ផ្តល់ឱកាស​ដល់ និស្សិត​កម្ពុជា ទាំងអស់ នៅក្នុង​ក្រុម​របស់​សាលា ដូចជា សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​(RUPP), វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា​(ITC) និង​វិទ្យាស្ថាន​ជាតិ ពហុបច្ចេកទេស​កម្ពុជា​(NPIC)​។
​លោក​បាន​ឲ្យ​ដឹង​ទៀតថាៈ ពេលបច្ចុប្បន្ន​នេះ រដ្ឋាភិបាល ចំនួន ៣ គឺ​រដ្ឋាភិបាល នៃ​ប្រទេស​កម្ពុជា ជប៉ុន និង​អាល្លឺម៉ង់ បាននិងកំពុង​ជួយ​គម្រោង​នេះ យ៉ាង​ពេញទំហឹង​។ ចំពោះ​វិស័យ​ឧស្សាហកម្ម ឬ​ផ្នែក​ឯកជន ក្រុមហ៊ុន​ធំ ដែល​ប្រតិបត្តិការ នៅ​តំបន់​សេដ្ឋកិច្ច ពិសេស​ភ្នំពេញ ចំនួន​ពីរ​គឺ Minebea និង Denso កំពុង​សហការ​ជាមួយ​យើង តាម​គោលនយោបាយ​ឈ្នះ​ឈ្នះ​។

​មានប្រសាសន៍​ក្នុង​អង្គ​សន្ន​សីទ​នេះ លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro)​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា រំពឹងថា និស្សិត​ដែល​បញ្ចប់​ការសិក្សា ជាពិសេស តាមរយៈ​គម្រោង​ដែល​សាលា RUPP បង្កើតឡើង នឹង​អាច​ឲ្យ​ពួកគាត់ ធ្វើការ​នៅ​ក្រុមហ៊ុន សហការ​បច្ចេកវិទ្យា​ខ្ពស់ របស់​សាលា ក្នុង​រយៈពេល​ខ្លី​។ ហើយ នាពេល​អនាគត ពួកគាត់ ក៏​នឹង​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​គាំទ្រ​ដល់ ឧស្សាហកម្ម​ដទៃទៀត នៅក្នុង​ប្រទេស ដើម្បី​ឆ្ពោះទៅរក​ការផលិត​ឌីជីថល​ឆ្លាត​វៃ ដែលមាន​បដិវត្ត​ថ្មី ដូច្នេះ​ធ្វើឱ្យ វិស័យ​ផលិតកម្ម​របស់​យើង ប្រសើរឡើង ហើយ​នៅ​ទីបំផុត កម្មវិធី​របស់​យើង ចែកចេញជា បី​ដំណាក់កាល​។​

​សូមបញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា បាន​សាងសង់ អគារ​មួយ​រួចហើយ នៅ​សាកលវិទ្យាល័យ RUPP campus1 ដែល​នឹង​ក្លាយជា​មជ្ឈមណ្ឌល CJDM ក្នុងពេល​ប៉ុន្មាន​ខែ ខាងមុខនេះ​។ ស្រប​ពេលដែល​រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ម៉ាស៊ីន ដែលមាន​តម្លៃ​ទឹកប្រាក់ ៤ លាន​ដុល្លារ​អាមេរិក ដើម្បី​ទទួលបាន​ការរៀនសូត្រ ដោយផ្ទាល់​ជាមួយ​ម៉ាស៊ីន ដែលមាន​បច្ចេកវិទ្យា​ខ្ពស់ ពិតប្រាកដ អនុញ្ញាតឱ្យ​និស្សិត ទទួលបាន​នូវ​ចំណេះដឹង គ្រប់​ជ្រុងជ្រោយ ពី​ទ្រឹស្តី គំនិត​ផ្លាស់ប្តូរ​ទៅជា ការអនុវត្ត​ជាក់ស្តែង ផ្តោតលើ​បញ្ហា​ជាក់ស្តែង ដំណោះស្រាយ និង​តម្រូវការ​ទីផ្សារ និង​ឧស្សាហកម្ម​៕/V​