ដោយ​៖ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ នគរបាល​ស្រុក​ស្វាយចេក បាន​រកឃើញ​ពលករ​ខ្មែរ ប្រុស ស្រី ចំនួន​២២​នាក់ ដែល​មេខ្ស​ល់ យកមក​ប្លុង​ចោល នៅផ្ទះ​មួយកន្លែង ស្ថិតក្នុង​ភូមិ​តេ​ជោ ភ្នំ​ឆ័​ត្រ ៣១៧ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយ​មាន​ជ័យ កាលពី​វេលា​ម៉ោង ៤​និង​៣០​នាទី រសៀល ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ ។​

​លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង នៅ​ថ្ងៃទី​១៤ ខែតុលា​នេះ​ថាៈ កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​ស្វាយចេក និង​លោក​មេភូមិ តេ​ជោ​ភ្នំ​ឆ័​ត្រ ៣១៧ និង​អ្នកភូមិ បាន​រកឃើញ​ពលករ ទាំងនោះ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ សួន ម៉ាង ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ នៅ​ភូមិ ឃុំ ខាងលើ (​ក្នុង​មណ្ឌល​អភិវឌ្ឍន៍ យោធិន​ពិការ ៣១៧ តេ​ជោ​ភ្នំ​ឆ័​ត្រ )​។​

​កម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ស្វាយចេក បាន​ចុះទៅ ធ្វើ​ការងាររដ្ឋបាល​និង​ជំនាញ ហើយ​បានដឹងថា ពលករ​ខ្មែរ ចំនួន ២២ នាក់ ក្នុងនោះ មាន​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំនួន ៦ នាក់ (​ស្រី ៣ នាក់​) មកពី​ខេត្តបាត់ដំបង ១​នាក់ (​ប្រុស​) មកពី​ខេត្តព្រះវិហារ ៦ នាក់ (​ស្រី ៣ នាក់​) ខេត្តបន្ទាយមានជ័យ ៩ នាក់ (​ស្រី ២ នាក់​)​។​

​ពលករ​ខ្មែរ បាន​ប្រាប់​សមត្ថកិច្ច​ថា ពួកគេ​មានបំណង ទៅរក​ការងារ​ធ្វើ នៅ​ប្រទេស​ថៃ ហើយ​មេខ្យល់ អោយ​នាំ​ផ្លូវ និង​ដឹកជញ្ជូន តម្លៃ ៦.៥០០ បាត ក្នុង​១​នាក់ៗ (​ពេលទៅដល់ ប្រទេស​ថៃ​)​។​

​ចំណែក​អ្នករស់នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចំនួន ៧ នាក់ បាន​និយាយថាៈ ពួកគាត់​ជិះឡាន មកដល់​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ ដោយ​ថ្លៃ​ឡាន ១​នាក់ៗ ចំនួន ២០ ម៉ឺន​រៀល ។​

​ក្នុងករណីនេះ មុខសញ្ញា​មេខ្យល់ និង​ម្ចាស់​រថយន្ត បាន​រត់គេចខ្លួន តែ​បន្សល់ទុក តែ​រថយន្ត​ម៉ាក នីសា​ន់ មួយ​បាំង​កន្លះ ពណ៌ ស ស៊េរី​ឆ្នាំ ១៩៩៥ ពាក់​ស្លាក​លេខ សៀមរាប 2A3605 ចង្កូត​ស្ដាំ ចំនួន ១ គ្រឿង ។ នគរបាល បាន​យកមក​រក្សាទុក នៅ​កន្លែង​អធិការ ដ្ឋា​នគរបាល ស្រុក​ស្វាយចេក​ហើយ ។​

​ចំណែក​ពលករ​ទាំង ២២ នាក់ ក្រោយ​ធ្វើការ​សួរនាំ​រួច នគរបាល បាន​បញ្ជូន​ឱ្យទៅ​ធ្វើ ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​ស្វាយចេក ជាមុនសិន នៅ​មុនពេល​អនុញ្ញាត ឱ្យ​វិល​ទៅ​ភូមិ កំណើត​វិញ​៕/V​