​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ការស៊ើបអង្កេត​ករណី​ភេរវកម្ម​បានចាប់ផ្តើម បន្ទាប់ពី​មនុស្ស​យ៉ាងតិច ៥ នាក់​ត្រូវបាន​សម្លាប់​នៅពេល​ដែល​បុរស​ម្នាក់​ដើរ​កាប់សម្លាប់​មនុស្ស​តាម​អំពើ​ចិត្ត​​ដោយ​ប្រើ​ធ្នូ​និង​ព្រួញ​នៅ​ប្រទេសន័​រវែស​កាលពី​ថ្ងៃ​ពុធ​ទី​១៣​តុលា​។​

​ជនសង្ស័យ​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​បាន​ចាប់ផ្តើម​បាញ់​ព្រួញ​ចូលទៅ​ក្នុង​ផ្សារ​ទំនើប Co-Op នៅក្នុង​ទីប្រជុំជន​រ៉ែ​តូច​ឈ្មោះថា កុង​បឺក ដែល​មាន​ចម្ងាយ​ប្រហែល ១២៨​គីឡូម៉ែត្រ​ពី​រដ្ឋ​​ធានី​អូ​ស្លូ​។ ក្រោយមក​បុរស​នោះ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន ហើយ​ប៉ូលិស​និយាយថា​ពួកគេ​នឹង​មិន​ស្វែងរក​ជនសង្ស័យ​ពាក់ព័ន្ធ​ផ្សេង​នោះទេ​។​

​កាលពី​ល្ងាច​ថ្ងៃ​ពុធ មេ​ប៉ូលិស​លោក អូយ​វីន អា​ស បានបញ្ជាក់​ថា ពួកគេ​មិន​អាច​ច្រាន​ចោល​ភេរវកម្ម​ជា​ចេតនា​ជំរុញ​ឱ្យ​មាន​ការវាយប្រហា​រ​នេះ​នោះ​ទេ ដែល​វា​បាន​កើតឡើង​នៅ “​តំបន់​ដ៏​ធំ​ទូលាយ​” ។​

​លោក​ក៏​បាន​បញ្ជាក់​ផងដែរ​ថា​មិន​មាន​បុគ្គលិក​ផ្សារ Co-Op ណា​ម្នាក់​រងរបួស​នៅក្នុង​ការវាយប្រហារ​នោះទេ​។​

​ប៉ូលិស​កំពូល​រូបនេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​ប្រតាយប្រតប់​ជាមួយ​មន្ត្រីប៉ូលិស ប៉ុន្តែ​ថា​គ្មាន​មន្ត្រី​ណា​ម្នាក់​រងរបួស​ទេ​។​

​លោក​បាន​បន្ថែមថា “​បុរស​ម្នាក់​នេះ​ត្រូវបាន​ចាប់ខ្លួន​…​ពី​តម្រុយ​ព័ត៌មាន​ដែល​យើង​មាន​ឥឡូវនេះ គឺ​ជននេះ​បានធ្វើ​សកម្មភាព​ទាំងនេះ​តែម្នាក់ឯង​ទេ​។​មនុស្ស​ជាច្រើន​បាន​រង​របួស​និង​ជា​​ច្រើន​នាក់​ទៀត​បាន​ស្លាប់​”​។​

​អភិបាល​ទីប្រជុំជន​កុង​បឺក លោកស្រី ការី អាន​ណេ សាន បាន​ប្រាប់​ទូរទស្សន៍ TV 2 ថា​ការវាយប្រហារ​នេះ​បាន​កើតឡើង​នៅក្នុង​តំបន់​មួយ​ដែល​មានឈ្មោះ​ថា វេស​ស៊ី​ដិ​ន​ដែល​មាន​លំនៅ​​ដ្ឋា​ន ហាង និង សាកលវិទ្យាល័យ​មួយ​។​

​លោកស្រី​បាន​បន្ថែមថា “​នេះ​គឺជា​ហេតុការណ៍​ដ៏​គួរឱ្យ​រន្ធត់ គ្មាន​ពាក្យ​ត្រូវ​វាចា​នោះទេ​។ ឥឡូវ​នេះ​យើង​ត្រូវតែ​ព្យាយាម​ថែរក្សា​ប្រជាជន​ឱ្យបាន​ល្អ​បំផុត​តាម​លទ្ធភាព​ដែល​យើង​អាច​ធ្វើបាន​”៕

​ប៉ូលិសន័​រវែស​កំពុង​ស្ថិតនៅក​ន្លែ​ង​កើតហេតុ ក្រោយ​មាន​ការសម្លាប់​រង្គាល​ដោយ​ប្រើ​ព្រួញ