ដោយ:បាយ័ន/សៀមរាបៈ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះក្រុមភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា ដែលប្រចាំការប្រាសាទនានានៅក្នុងរមណីយដ្ឋានអង្គរទទួលការបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងហានិភ័យប្រាសាទ។វគ្គបណ្ដុះបណ្ដាល នេះរៀបចំឡើងដោយនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ សហការជាមួយអ្នកជំនាញស្ថាប័ន GIZ ប្រទេសអាល្លឺម៉ង់ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា។នេះបើ យោងតាមប្រភពអាជ្ញាធរជាតិអប្សរា។

វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនៅបណ្ណាល័យខាងជើងថែវរួតព្រះពាន់ នៃប្រាសាទអង្គរវត្ត ក្នុងគោលបំណងពង្រឹង សមត្ថភាពបន្ថែមដល់ភ្នាក់ងារទេសចរណ៍ដែលប្រចាំការផ្ទាល់តាមប្រាសាទជាទុនបន្ថែមដើម្បីឱ្យភ្នាក់ងារទាំងអស់បានដឹងពីស្ថានភាពជាក់ស្ដែងរបស់ប្រាសាទរួមចំណែកក្នុងកិច្ចការអភិរក្សប្រាង្គប្រាសាទឱ្យកាន់តែល្អសម្រាប់បច្ចុប្បន្ននិង ទៅអនាគត។

លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបានឱ្យដឹងថាអាជ្ញាធរជាតិ អប្សរាតែងតែយកចិត្តទុកដាក់បង្កើនសមត្ថភាពផ្ទៃក្នុង ក្នុងរង្វង់ស្ថាប័នអាជ្ញាធរជាតិអប្សរា ដោយផ្ទេរចំណេះដឹង និងបទពិសោធន៍ពីអ្នកចេះដឹងច្រើនទៅអ្នកចេះតិច។ ពិសេសភ្នាក់ងារទេសចរណ៍ដែលធ្វើការងារផ្ទាល់នឹងប្រាសាទ។

លោកបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ បង្ហាញពីចំណេះដឹងទូទៅ អំពីថ្ម ប្រវត្តិថ្ម ភាពសឹករេចរិលនៃថ្ម ប្រាង្គប្រាសាទ ការវិវត្តនៃសំណង់ស្ថាបត្យកម្មរចនាសម្ព័ន្ធនិងស្គាល់ច្បាស់ពីទីតាំងហានិភ័យជាដើម។លោកបានបន្ថែមថាចំណេះដឹងជាមូលដ្ឋានគឺត្រូវចេះសង្កេតគ្រប់ទីកន្លែងដឹងពីស្ថានភាពទូទៅរបស់ប្រាសាទដើម្បីបញ្ចៀសនូវហានិភ័យបានទាន់ពេលវេលា៕សរន

(រូបថត អាជ្ញាធរជាតិអប្សរា)