​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖​ចិន​និង​រុស្ស៊ី កំពុង​ធ្វើ​សមយុទ្ធ​ទ័ពជើងទឹក​រួមគ្នា​នៅ​ឯនាយ​ឆ្នេរ​តំបន់​ចុង​បូព៌ា​របស់​រុស្ស៊ី ដែល​នេះ​ជា​សញ្ញា​បង្ហាញ​អំពី​កិច្ចសហការ​ផ្នែក​នយោបាយ​និង​យោធា​កាន់​​តែ​កើន​ឡើង​របស់​ប្រទេស​ទាំង​ពីរ​។​

​សមយុទ្ធ​ដែល​មានឈ្មោះ​ថា Joint Sea 2021​បាន​ចាប់ផ្តើម​ជាមួយ​នឹង​ពិធី​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​តុលា នៅក្នុង​ឈូង​សមុទ្រ​Peter the Great​របស់​រុស្ស៊ី ហើយ​នឹង​បន្ត​​រហូត​ដល់​ថ្ងៃអាទិត្យ​។​

​សារព័ត៌មាន​រដ្ឋ​ចិន បាន​និយាយថា ការហ្វឹកហាត់​នេះ​នឹង​រួមបញ្ចូល​ប្រតិបត្តិការ​ទាក់ទង ការប្រឆាំង​គ្រាប់មីន ប្រតិបត្តិការ​ប្រឆាំង​គោលដៅ​អា​កាស​និង​ប្រតិបត្តិការ​ប្រឆាំង​នាវាមុជទឹក កល​យុទ្ធ​រួម​និង​ការបាញ់​លើ​គោលដៅ​ក្នុង​សមុទ្រ​។​

​ទោះជា​សមយុទ្ធ​ដូច្នេះ​ធ្លាប់​ត្រូវបាន​រៀបចំ​ធ្វើ​តាំងពី​មុន របាយការណ៍​សារព័ត៌មាន​បាន​និយាយថា​នេះ​ជា​លើកដំបូង​ដែល​ចិន​បាន​បញ្ជូន​យន្តហោះ​ប្រឆាំង​នាវាមុជទឹក​និង​នាវា​ពិឃាត​ទម្ងន់​ជាង​១០.០០០​តោន​ទៅ​ចូលរួម​សមយុទ្ធ​នៅ​ក្រៅប្រទេស​៕

រូបឯកសារបង្ហាញ ​សមយុទ្ធ​ជើង​ទឹក​រវាង​ចិន​និង​រុស្ស៊ី នៅ​សមុទ្រ​ចិន​ខាងត្បូង កាលពី​ឆ្នាំ​២០១៦