ប្រែ​សម្រួលៈ​វាសនា /​បាងកក​៖ (BLOOMBERG,BangkokPost)៖ ក្រុមការងារ​កូវី​ដ​១៩​ថៃ​នៅ​ថ្ងៃ​១៤​តុលា​នេះ​បាន​អនុម័ត​ផែនការ​មួយ​ដើម្បី​បញ្ចប់​ការធ្វើ​ចត្តា​ឡីស័​ក​សំរាប់​អ្នកដំណើរ​​ដែល​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​សព្វគ្រប់​ហើយ​ទៅ​ពី​ប្រទេស​ចំនួន​៥ ចាប់ពី​ថ្ងៃ​០១​វិច្ឆិកា​ទៅ ក្នុង​បំណង​ធ្វើអោយ​វិស័យ​ទេសចរណ៍​របស់​ខ្លួន​រស់រាន​ឡើង​វិញ​នៅ​មុន​រដូវ​ឈប់សម្រាក​ធំ​នៅ​ចុងឆ្នាំ​។​

​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​កូវី​ដ​១៩​ថៃ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អ្នកដំណើរ​ផ្លូវអាកាស​មក​ពី​អាម៉េរិក អង់គ្លេស ចិន អាឡឺម៉ង់ និង​សិង្ហ​បុរី នឹង​ត្រូវ​លើកលែង​ការធ្វើ​ចត្តា​ឡី​​ស័ក​ពេល​ពួកគេ​មក​ដល់​ចាប់ពី​ថ្ងៃ​១​វិច្ឆិកា ប្រសិន​បើ​ពួកគេ​ត្រូវបាន​ធ្វើតេស្តិ៍​RT-PCR​អវិជ្ជ​មាន​កូវី​ដ​១៩​មុន​មក​ដល់​ថៃ​។​

​អ្នកនាំពាក្យ​បាន​បន្ថែមថា ដំណាក់កាល​សាកល្បង​ដំបូង​នេះ​ចាប់​អនុវត្ត​ពី​ថ្ងៃ​១​វិច្ឆិកា​ដល់​៣១​ធ្នូ​។​អ្នកដំណើរ​មកពី​៥​ប្រទេស​នេះ​ត្រូវ​គេ​គិត​ថា មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ចម្លងជំងឺ​។​

​ការអនុម័ត​ដោយ​ក្រុម​ការងារ​នេះ តិច​ជាង​ប្រទេស​ចំនួន​១០​ដែល​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ចង់​ធ្វើ​ដូច្នេះ​កាលពី​ពេលមុន​នេះ​ក្នុង​សប្តាហ៍​នេះ តែ​បើ​តាម​អ្នកនាំពាក្យ ប្រទេស​ច្រើន​ទៀត​នឹង​ត្រូវ​បន្ថែម​ចូលក្នុង​បញ្ជី​ដូច្នេះ ក្រោយ​ពី​ការ​ពិនិត្យពិច័យ​។​

​ក្រុម​ការងារ​នេះ​ក៏​កាត់បន្ថយ​រយៈពេល​បំរាម​គោចរ​ពេលយប់​ចំនួន​២​ម៉ោង គឺ​ពី​ម៉ោង​១១​យប់ ដល់​៣​ភ្លឺ ចាប់ពី​ថ្ងៃ​១៦​តុលា​ទៅ ហើយ​ក៏​កាត់បន្ថយ​ចំនួន​ខេត្ត​ដែល​គេ​គិត​ថា​ប្រឈម​ការឆ្លង​​ខ្ពស់​ពី​២៩​ខេត្ត មក​២៣​ខេត្ត​។​ទោះជា​យ៉ាងណា ក្រុង​បាងកក​ដែល​ធ្លាប់តែ​ជា​សម្បុក​ទេសចរណ៍ នៅ​រក្សា​ជា​កន្លែង​ប្រឈម​ខ្ពស់​ដដែល ដោយសារ​តែ​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​ថ្មី​នៅ​ខ្ពស់​។​

​ថៃ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​រាយការណ៍​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​១១.២៧៦​នាក់ និង​១១២​នាក់​ទៀត​បាន​ស្លាប់​នៅ​២៤​ម៉ោង​កន្លងទៅ​។​ក្នុង​ចំនួន​ឆ្លង​ខាងលើ ១.០៩៥​នាក់​នៅ​ក្រុង​បាងកក​។​

​ចំនួន​អ្នក​កើតកូ​វីដ​១៩​សកម្ម​(​មិនទាន់​ជា​)​បាន​ធ្លាក់ចុះ​ពី​ចំនួន​ជាង​២១០.០០០​នាក់​កាលពី​ខែ​សីហា មក​នៅ​ប្រមាណ​១០០.០០០​នាក់​នា​ពេល​នេះ ។​ការចាក់​វ៉ាក់សាំង​ក៏​បង្កើនល្បឿន ដោយ​ប្រ​​ជា​ជន​ថៃ​ជិត​៥០​ភាគរយ​បាន​ទទួល​វ៉ាក់សាំង​កូវី​ដ​១៩​យ៉ាងតិច​ម្នាក់​មួយ​ដូស និង​១​ភាគ​៣​បានទទួល​២​ដូ​សសព្វគ្រប់​៕

​អ្នក​ក្រុង​បាងកក​សំរុក​មកចាក់​វ៉ាក់សាំង​កូវី​ដ​១៩​កាលពី​ថ្ងៃ​ពុធ​