ដោយ៖ ប.ជ័យ / បន្ទាយមានជ័យៈ នៅខេត្តបន្ទាយមានជ័យ អ្នកជំងឺកូវីដ ១៩ តួលេខអ្នកស្លាប់ ហក់ឡើងដល់ ៩ នាក់ តែក្នុង១ថ្ងៃទី១៤ តុលានេះ, ខណៈគណៈកម្មការ បានជូនដំណើរសពទី២៦១ ចំថ្ងៃដែលលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងប្រតិភូ អញ្ជើញចូលរួមក្នុងពិធីបិទ យុទ្ធនាការចាក់វ៉ាក់សាំង កូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង ក្នុងខេត្តបន្ទាយមានជ័យ។
អ្នកជំងឺកូវីដ១៩ ដែលស្លាប់ និងបូជាចំនួន ៩ នាក់នោះ មានស្រី ៧ នាក់ ដែលមានអាយុ ចាប់ពី ៦១ ឆ្នាំ ដល់ ៨៩ ឆ្នាំ ។ នេះជាតួលេខអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ប្រចាំថ្ងៃ ខ្ពស់បំផុត ក្នុងខេត្តនេះ គិតចាប់ពីព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ និងជាពិសេស គិតពីមានការផ្ទុះជំងឺកូវីដ ១៩ ដំបូង ក្នុងខេត្ត នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ លើជនជាតិ ឥណ្ឌូណេស៊ី ២ នាក់ នៅក្រុងប៉ោយប៉ែត ហើយកាលពីចុងខែកញ្ញា ឆ្នាំ២០២១ តួលេខ អ្នកស្លាប់ប្រចាំថ្ងៃ ហក់ឡើងតែត្រឹម ៧ នាក់ប៉ុណ្ណោះ ក្នុង១ថ្ងៃ ។
ដោយឡែក គិតត្រឹមល្ងាច ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ អនុគណៈកម្មការបូជា បញ្ចុះសព នៃគណៈកម្មការប្រយុទ្ធនឹងកូវីដ១៩ ខេត្តបន្ទាយមានជ័យ បានជូនដំណើរសពទី២៦១ នៃអ្នកជំងឺកូវីដ ១៩ ក្នុងនោះ សពមានអាយុពី ៦១ ឆ្នាំ ទៅ ៨៩ ឆ្នាំ ហើយភាគច្រើន ជាស្ត្រី ប៉ុន្តែក៏មានអ្នកមានអាយុ ១៦ ឆ្នាំ និង ៣៦ ឆ្នាំ ចំនួន ២ នាក់ដែរ។
នេះបើតាមលោក ប្រាក់ សុភ័ត អាចារ្យខេត្ត ក៏ដូចជា មន្ត្រីអនុគណៈកម្មការបូជាសព នៃគណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យ អោយរស្មីកម្ពុជាដឹង នៅព្រលប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។
លោក ប្រាក់ សុភ័ត ក៏បានឱ្យដឹងទៀតថាៈ ក្នុងនោះ ជនជាតិខ្មែរ ២៥៥ នាក់ (ស្រី១៤៥ នាក់) ជនជាតិឥណ្ឌូណេសីុ ៣នាក់ (ស្រី១នាក់) ជនជាតិថៃ ៣ នាក់ (ស្រី២នាក់)។ ប៉ុន្តែក៏មានសពទារក ចំនួន ៥នាក់ ដែលអវិជ្ជមានកូវីដ ១៩ ក៏ត្រូវស្ត្រីម្តាយដែលវិជ្ជមានកូវីដ ១៩ ដែលបាននឹងកំពុងសម្រាកព្យាបាល បានផ្ញើមកអោយ គណៈកម្មការ បូជាផងដែរ ។ ពោលគឺ ជាអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ដែលគិតចាប់ពីការផ្ទុះជំងឺកូវីដ នៃព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះ៕/V