ដោយៈមុនីរ័ត្ន/ភ្នំពេញៈ កីឡាករជម្រើសជាតិកម្ពុជា និងមន្ត្រី សរុបចំនួនប្រាំពីរូប (កីឡាករ៦រូប និងមន្ត្រី១រូប)បានឆ្លង ជំងឺកូវីដ១៩។មកដល់ពេលនេះសុខភាពកីឡាករនិងមន្ត្រីគឺធម្មតាមិនមានបញ្ហាអ្វីទេដោយសារតែបានចាក់វ៉ាក់សាំងបីដូសទាំងអស់គ្នា។ នេះជាការបញ្ជាក់មួយថា វ៉ាក់សាំងវាជួយយើងដើម្បីកុំឲ្យឈឺធ្ងន់។

នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅព្រលប់ថ្ងៃទី១៤ខែតុលាបានបញ្ជាក់យ៉ាង ដូច្នេះ ។នាយឧត្តមសេនីយ៍បានមានប្រសាសន៍បញ្ជាក់ថា កីឡាករជម្រើសជាតិកម្ពុជា និងមន្ត្រី ទាំងប្រាំពីររូប គឺសហព័ន្ធបាល់ទាត់ទ្វីបអាស៊ីអ្នកទទួលខុសត្រូវហើយប្រទេសបារ៉ែនដែលជាម្ចាស់ផ្ទះក៏រដ្ឋាភិបាលរបស់គេបានចាត់រដ្ឋមន្ត្រី ក្រសួងសុខាភិបាលរបស់គេបានយកចិត្តទុកដាក់ចំពោះការថែទាំអ្នកដែលវិជ្ជមានកូវីដ១៩ និងព្យាបាលឲ្យកីឡាករ និងមន្ត្រីរបស់យើងទាំង៧រូបជាបានអាចត្រឡប់មកប្រទេសយើងវិញ។

ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបន្តថា ការប្រកួតសម្រាប់វគ្គជម្រុះពានរង្វាន់ AFC Asian Cupសម្រាប់នៅ ប្រទេសចិនជាអ្នករៀបចំនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ គឺជុំជម្រុះជាមួយកោះហ្គាំ គឺចប់ហើយ។ដោយឡែក កីឡាករអាយុក្រោម ២៣ឆ្នាំ មានចំនួន ៣៦នាក់ បន្តធ្វើដំណើរទៅកាន់ប្រទេសជប៉ុនដើម្បីចូលរួមការប្រកួតបន្តទៅទៀត គឺកម្មវិធីនេះ សហព័ន្ធបាល់ទាត់ទ្វីបអាស៊ីជាអ្នករៀបចំដែរ។ ដោយការចូលររួមប្រកួតនោះ គឺរហូតដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញនៅពេលយប់។

គួររំលឹកថា កីឡាករចំនួនប្រាំមួយរូប និងមន្ត្រី មួយរូប ត្រូវតេស្តឃើញវិជ្ជមានកូវីដ-១៩ មុនការប្រកួតជើងទី២ ជាមួយកោះហ្គាំដែលឈ្នះ ២ទល់នឹង១។ កីឡាករជម្រើសជាតិកម្ពុជាទាំង ៦រូប មានដូចជាៈ ១. កីឡាករ កួច សុកុម្ភៈ,២. ចាន់ វឌ្ឍនាកា , ៣. កែវ សុខសិលា, ៤. សឿយ វិសាល, ៥. សារ៉េត គ្រីយ៉ា និង៦. អៀន ពិសី៕សរន