ដោយ ៖ មេក វិ​ន អ្នកស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​/ភ្នំពេញៈ​ ​មាស ពៅ ភេទ​ស្រី អាយុ​៦៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​តាំង​បន្ទាយ ឃុំ​វាល​ពន្ធ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។ ពៅ បច្ចុប្បន្ន​រស់នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ពៅ បាន​និយាយ​រៀបរាប់​ពី​ការតស៊ូ និង​បទពិសោធន៍​របស់ខ្លួន​ក្នុងសម័យ​ខ្មែរក្រហម ដូចខាងក្រោម​៖

រូបខាងស្តាំ៖ មាស ពៅ ផ្តល់បទសម្ភាសន៍ដល់ មេក វិន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌល​សន្តិភាពអន្លង់វែង។ អន្លង់វែង ខែតុលា ឆ្នាំ២០២១។ (សួត វិចិត្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)

​ ​«​កាលពី​កុមារភាព ខ្ញុំ​រស់នៅក្នុង​គ្រួសារ​មួយ​ដែលមាន​ជីវភាព​ធូរធារ​។ ខ្ញុំ​គឺជា​ក្មេងស្រី​ម្នាក់​ដែល​រៀន​បាន​ខ្ពស់​ជាងគេ​ក្នុងចំណោម​បងប្អូន​ទាំងអស់​។ ខ្ញុំ​មាន​បងប្អូន​បង្កើត​ចំនួន​៨​នាក់ ហើយ​ខ្ញុំ​គឺជា​កូនពៅ​។ ថ្វីត្បិតតែ​គ្រួសារ​របស់ខ្ញុំ មាន​ជីវភាព​ធូរធារ​ក៏ពិតមែន ប៉ុន្តែ​ការប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ​មិនដែល​ខកខាន​នោះឡើយ​។ ឪពុក​របស់ខ្ញុំ​មិនសូវ​ជាមាន​ពេលទំនេរ​ក្នុង​ការជួយ​ធ្វើស្រែ​ចម្ការ​ប៉ុន្មាន​ទេ ព្រោះ​គាត់​ជា​ក្រុមប្រឹក្សាឃុំ​ដែល​ត្រូវ​ទៅ​ធ្វើការ​ជាប្រចាំ​។ នៅ​ក្នុងសម័យ​សង្គមរាស្ត្រនិយម ខ្ញុំ​មើលឃើញថា​ការរស់នៅ​មាន​ភាពសម្បូ​រស​ប្បាយ និង​មាន​ភាពកក់ក្ដៅ​នៅក្នុង​គ្រួសារ​ជាពិសេស​ប្រជាជនមាន​សិទ្ធិសេរីភាព​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។ ក្នុង​ឆ្នាំ​១៩៦៨ ខ្ញុំ​ផ្អាក​ការសិក្សា​មួយរយៈ​ដោយសារ​កងទ័ព លន់ នល់ ផ្ដាច់​ផ្លូវ និង​ស្ពាន​មួយចំនួន​ដែលជា​ហេតុ​ធ្វើ​ឲ្យ​សិស្ស​គ្រប់គ្នា​មិនអាច​ធ្វើដំណើរ​បាន​។ កាលណោះ ខ្ញុំ​ទើបតែ​មាន​អាយុ​១៦​ឆ្នាំ​។ ភាពវឹកវរ​នេះ​ចេះតែ​កើតមាន​ជា​បន្តបន្ទាប់​រហូតដល់​ឆ្នាំ​១៩៧០ នៅតាម​សាលារៀន​មិន​ថា​អនុវិទ្យាល័យ ឬ​វិទ្យាល័យ​ទេ​ត្រូវ​បិទ​ទាំងស្រុង​។ ចំណែកឯ​គ្រូបង្រៀន​ក៏​បែកខ្ញែក​គ្នា​ដែរ​។​

មាស ពៅ រៀបរាប់រឿងរ៉ាវរបស់គាត់ប្រាប់ មេក វិន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌល​សន្តិភាពអន្លង់វែង។ អន្លង់វែង ខែតុលា ឆ្នាំ២០២១។ (សួត វិចិត្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)

​នៅ​ចន្លោះ​ឆ្នាំ​១៩៧១ និង​ឆ្នាំ​១៩៧២ នៅក្នុង​ភូមិ​តាំង​បន្ទាយ មានការ​ទម្លាក់​គ្រាប់បែក​យ៉ាង​សន្ធោសន្ធៅ​។ កាលណោះ ខ្ញុំ​និង​គ្រួសារ​មិនទាន់​ជម្លៀស​ចេញពី​ភូមិកំណើត​ទេ ប្រជាជន​នៅក្នុង​ភូមិ​អាច​ចេញទៅ​ធ្វើស្រែ​ម្តងម្កាល​។ នៅពេលដែល​យន្តហោះ​មក​ទម្លាក់​គ្រាប់បែក​នៅ​វាលស្រែ​ម្ដងៗ ខ្ញុំ​រួមទាំង​អ្នកភូមិ​ដទៃទៀត​ដែល​កំពុង​ដកសំណាប​នាំគ្នា​រត់គេច​គ្រាប់បែក បេ​៥២ ដែល​ទាហាន លន់ នល់ បាន​ទម្លាក់​។ ការទម្លាក់​គ្រាប់បែក​នេះ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ សម្ភារ និង​ធ្វើ​ឲ្យ​ស្លាប់​ប្រជាជន​ក្នុងភូមិ​ព្រៃ​ម៉ិច​អស់​ជាច្រើន​នាក់​។​

​នៅ​ដើមឆ្នាំ​១៩៧៣ ខ្ញុំ​បានសម្រេច​ចិត្ត​ចូល​ខាង​ខ្មែរក្រហម​។ បន្ទាប់មក ខ្ញុំ​ត្រូវបាន​បញ្ជូនទៅ​ធ្វើការ​នៅ​រោងចក្រ​ស្ករស​ក្រុង​ឧដុង្គ ខេត្តកំពង់ស្ពឺ​។ ចាប់តាំងពី​ពេលនោះ​មក ខ្ញុំ​ត្រូវបាន​ចាក​ចេញពី​ស្រុកកំណើត និង​ឃ្លាតឆ្ងាយ​ពី​ឪពុកម្ដាយ​បងប្អូន​រហូតមក​។ ចំណែក ឪពុកម្ដាយ របស់ខ្ញុំ​ត្រូវបាន​ជម្លៀស​ចេញទៅ​ខេត្តកោះកុង​។ បន្ទាប់មក ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ធ្វើជា​មេក្រុម​កិន​អំពៅ និង​រែក​ស្ករ​។ ក្នុង​មួយក្រុម​ខ្ញុំ​មាន​សមាជិក​ចំនួន​១០​នាក់​មាន​ទាំងប្រុស​ទាំងស្រី​។ ការហូបចុក​មិនមាន​ការខ្វះខាត​ឡើយ ថែមទាំង​មាន​បង្អែម មានដូចជា ស្ករស ល្ពៅ និង​ដំឡូង​។ ក្នុង​មួយថ្ងៃ ខ្ញុំ​ហូប​អាហារ​ចំនួន​បី​ដង ហើយ​កម្មករ​ទាំងអស់​អាច​ជ្រើសរើស​ហូបបាយ ឬ​បបរ​។ កាលណោះ ប្រធាន​មន្ទីរ​នៅក្នុង​រោងចក្រ​ស្ករស​ឈ្មោះ ឆ​យ​។ ការគ្រប់គ្រង​របស់ ឆ​យ ល្អ​ណាស់​គឺ​មិនដែល​ស្ដីបន្ទោស ឬ​វាយ​ធ្វើបាប​កម្មករ​ទេ​។ ខ្ញុំ​ធ្វើការ​ក្នុង​រោងចក្រ​ស្ករស រហូតដល់​ឆ្នាំ​១៩៧៥ ខ្មែរក្រហម​ក៏​ទទួល​ជ័យជម្នះ​។ បន្ទាប់មកទៀត ខ្ញុំ​រួមទាំង​កម្មករ​ជាច្រើន​នាក់ បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ភ្នំពេញ​។ កាលនោះ ប្រធាន​មន្ទីរ​យក​ឡាន​មក​ដឹក​កម្មករ​ក្នុង​មួយ​ឡាន​មាន​កម្មករ​ចំនួន​៣០​នាក់​។ នៅពេលដែល​ខ្ញុំ​ធ្វើដំណើរ​ទៅដល់​ភ្នំពេញ ខ្ញុំ​ឃើញ​ផ្សែងភ្លើង​ដែល​កំពុង​ឆេះ និង​ផ្ទះថ្ម​ដែល​បាក់បែក​។ លើសពីនេះ ខ្ញុំ​ធំ​ក្លិនស្អុយ​ចេញពី​សាកសព​នៅ​ទីនោះ​។ ប្រជាជន​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ទៅ​ជនបទ​ទាំងអស់​។ បន្ទាប់ពី​ខ្ញុំ​ស្នាក់នៅ​ទីនោះ​រយៈពេល​មួយ​សប្តាហ៍ ខ្មែរក្រហម​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅធ្វើ​ការ​នៅ​រោងចក្រ​ធ្វើ​មង ស្ថិតនៅ​ជិត​វិទ្យាល័យ​បាក់​ទូក​។ កាលណោះ កម្មករ​ដែល​ធ្វើការ​នៅក្នុង​រោងចក្រ​ធ្វើ​មង មាន​ចំនួន​៣០០​នាក់​។ ប្រធាន​គ្រប់គ្រង​នៅ​រោងចក្រ​មង ឈ្មោះ តុង​។ គាត់​គឺជា​មនុ​ស្សមាន​សីលធម៌​ល្អ មិនដែល​បង្ខំ​ឲ្យ​កម្មករ​ធ្វើការ​ធ្ងន់ៗ​ឡើយ​។ ចំពោះ​ការហូបចុក ខ្ញុំ​ទទួលបាន​ការផ្គត់ផ្គង់​របប​អាហារ​គ្រប់គ្រាន់​។ មិនតែប៉ុណ្ណោះ តុង បាន​បញ្ជា​ឲ្យ​ចុងភៅ​ធ្វើ​ម្ហូប​ជា​រៀងរាល់ថ្ងៃ​សម្រាប់​ក្រុមកម្មករ​ទាំងអស់​។ នៅ​ព្រឹក​ព្រលឹម ចុងភៅ​ឆា​មីសួរ​ទុក​ឲ្យ​កម្មករ​ម្នាក់​មួយ​ចានៗ​ជា​រៀងរាល់ថ្ងៃ​។ នៅពេលដែល​កម្មាភិបាល​ក្រសួងពាណិជ្ជកម្ម វន វ៉េ​ត ចុះមក​ទស្សនកិច្ច​ម្ដងៗ តុង មិនដែល​រាយការណ៍​ប្រាប់​ពី​កម្មករ​ដែលមាន​ភាព​ខ្ជិលច្រអូស មិន​ធ្វើការ​ទៅដល់ វន វ៉េ​ត ឡើយ​។ មង​ដែល​យើង​ផលិត​បាន​ត្រូវបញ្ជូន​ទៅតាម​សហករណ៍ និង​តំបន់​។ ជា​រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ខ្ញុំ​រួមទាំង​កម្មករ​ដទៃទៀត​ត្រូវ​ទៅ​កាប់​ដី ជីក​ប្រឡាយ លើក​ភ្លឺ​ដើម្បី​ធ្វើស្រែ​។ នៅពេល​ទំនេរ​ពី​ការងារ កម្មករ​ក្នុង​រោងចក្រ​ធ្វើ​មង អាច​ដាំ​បន្លែ និង​ឳ​ឡឹ​ក​ទុក​សម្រាប់​ហូប​ខ្លួនឯងបាន​ថែមទៀត​។

​ពេល​រដូវវស្សា​ចូលមក​ដល់ ខ្ញុំ​និង​កម្មករ​ដទៃទៀត​នាំគ្នា​ឡើងទៅ​ទន្លេ​រយៈពេល​កន្លះ​ខែ​ទៅ​មួយខែ​ដើម្បី​ធ្វើ​ប្រហុក និង​ផ្អក​ចំនួន​១០០​ពាង ទុក​សម្រាប់​ហូប​ក្នុង​រោងចក្រ​ធ្វើ​មង​។ កាលណោះ​ខ្ញុំ​ឮ​កម្មករ​ធ្វើការ​នៅក្នុង​រោងចក្រ​កង់​នាំគ្នា​និយាយ​ពី​ការយក​មនុស្ស​ទៅ​សម្លាប់ចោល និង​យកទៅ​ដាក់គុក​ព្រៃ​ស​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ថែមទាំង​បាន​ប្រាប់​ខ្ញុំ​កុំ​ឲ្យ​ធ្វើ​អ្វី​ខុសពី​បទបញ្ជា​របស់​ប្រធាន ឬ​ធ្វើ​ខុសសីលធម៌​នៅក្នុង​រោងចក្រ​។ ខ្ញុំ​ធ្វើការ​ក្នុង​រោងចក្រ​មង​រហូតដល់​ឆ្នាំ​១៩៧៩ កងទ័ព​វៀតណាម​វាយ​ចូលមក​ដល់ទី​ក្រុងភ្នំពេញ​។ ខ្ញុំ​រួមទាំង​កម្មករ​ជាច្រើន​នាក់​ទៀត​បានធ្វើ​ដំណើរ​ចាក​ចេញពី​ភ្នំពេញ​ដោយ​ថ្មើ​ជើង​។ ប្រជាជន​ជាច្រើន​នាក់​បាន​ដើរ​លើ​ផ្លូវថ្នល់​បន្តបន្ទាប់​គ្នា​រាប់ពាន់នាក់​សំដៅទៅ​ព្រំដែន​ថៃ​។ ខ្ញុំ​រួមទាំង​អ្នករួមដំណើរ​ទាំងអស់​បានធ្វើ​ដំណើរ​ឆ្លង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ចេញពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​រហូត​ទៅដល់​ទឹកដី​នៃ​ខេត្តបាត់ដំបង​។ បន្ទាប់ពី​ធ្វើដំណើរ​ទៅដល់​ទីនោះ​ហើយ​អ្នក​នាំ​ផ្លូវ​បាន​ឲ្យ​យើង​ឈប់សម្រាក​នៅ​ស្រុក​ប​វេ​ល​រយៈពេល​មួយ​សប្តាហ៍​សិន​។ ក្រោយមក ខ្ញុំ​រួមទាំង​ប្រជាជន​ជាច្រើន​នាក់​ទៀត​បន្តដំណើរ​ឆ្ពោះទៅ​ភ្នំ​១០០២​។​

មាស ពៅ រៀបរាប់រឿងរ៉ាវរបស់គាត់ប្រាប់ មេក វិន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌល​សន្តិភាពអន្លង់វែង។ អន្លង់វែង ខែតុលា ឆ្នាំ២០២១។ (សួត វិចិត្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)

​នៅក្នុង​ឆ្នាំ​១៩៨០ ខ្ញុំ​ធ្វើដំណើរ​ទៅដល់​ភ្នំ​១០០២​។ បន្ទាប់ពី​ទៅដល់​ទីនោះ​ហើយ ខ្ញុំ​ចូលធ្វើ​ជា​កង​នារី​ដឹកជញ្ជូន​។ ការងារ​ដែល​ខ្ញុំ​ត្រូវធ្វើ​ក្នុង​កង​ដឹកជញ្ជូន​គឺ​ខ្ញុំ​ត្រូវ​ដឹកជញ្ជូន​គ្រាប់​ទៅ​ឲ្យ​កងទ័ព​នៅ​សមរភូមិ​មុខ​។ គោលដៅ​ដែល​ខ្ញុំ​ទៅ​ញឹកញាប់​គឺ​តំបន់​ជាំ​ក្សាន្ត​។ នៅ​ចុងឆ្នាំ​១៩៨០ ខ្ញុំ​រៀបការ​ប្តី​។ បន្ទាប់ពី​មានគ្រួសារ​ហើយ ខ្ញុំ​ផ្លាស់​ទៅតាម​ប្ដី​ខ្ញុំ​នៅ​អណ្ដែង​មុត​ដែល​ស្ថិតនៅក្នុង​ទឹកដី​អូរ​ស្មាច់​។ ខ្ញុំ និង​គ្រួសារ​រស់នៅ​ទីនោះ​រយៈពេល​៨​ខែ ក៏​ផ្លាស់​មក​នៅ​កង​អង្គភាព​៨០៨​វិញ​។ ខ្ញុំ​និង​គ្រួសារ​រស់នៅ​អង្គភាព​៨០៨ អស់​រយៈពេល​មួយឆ្នាំ​ក៏​ផ្លាស់​ទៅ​នៅ​ជាំ​សា​ងុំ​ា​។ ខ្ញុំ​រស់​នៅលើ​ភ្នំ​រហូតដល់​ឆ្នាំ​១៩៩០ តា​ម៉ុក បញ្ជា​ឲ្យ​ប្រជាជន​ចុះមក​នៅ​អន្លង់វែង ហើយ​ខ្ញុំ​ទៅ​សង់ផ្ទះ​រស់នៅ​ក្នុងភូមិ​លំ​ទង​។​
​នៅ​ឆ្នាំ​១៩៩៣ អ៊ុនតាក់​ចូលមក​ដល់​ទឹកដី​អន្លង់វែង​។ ខ្ញុំ​រួមទាំង​ប្រជាជន​មួយចំនួនធំរ​ត់ទៅ​នៅ ជំរំ​ភូ​ណ​យ ក្នុង​ទឹកដី​ថៃ​វិញ​។ ការរស់នៅ​ក្នុង​ជំរំ​ភូ​ណ​យ​ប្រជាជនមាន​ការហូបចុក​គ្រប់គ្រាន់​។ អាហារ​ហូបចុក​ទាំងអស់ មានដូចជា អង្ករ អំបិល ប៊ីចេង ទឹកដោះគោ ត្រីខ មី ខ្លាញ់ ជាដើម គឺ តា​ម៉ុក ជា​អ្នកបើក​ឲ្យ​។ ប្រជាជន​អាច​ទៅ​លក់ដូរ​ជាមួយ​ជនជាតិ​ថៃ និង​អាច​រកប្រាក់​ចំណូល​បាន​ថែមទៀត​។ ខ្ញុំ​រស់នៅក្នុង​ជំរំ​ភូ​ណ​យ​រហូតដល់​ឆ្នាំ​១៩៩៨ តំបន់​អន្លង់វែង​ចាប់ផ្ដើម​ដំណើរការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​បញ្ចប់​នូវ​សង្គ្រាម​ក្នុងប្រទេស​។ កាលណោះ តា​ម៉ុក បញ្ជា​កងកម្លាំង​ចែក​ដី​ឲ្យ​ប្រជាជន​ដែល​រស់នៅ​ក្នុងស្រុក​អន្លង់វែង​ក្នុង​មួយ​គ្រួសារ​ចំនួន​៥០​ម៉ែត្រ​ដើម្បី​ធ្វើជា​ផ្ទះសម្បែង​សម្រាប់​រស់នៅ​។ បន្ទាប់ពី​អន្លង់វែង​ទទួលបាន​សន្តិភាព​ហើយ ខ្ញុំ​ត្រឡប់មក​រស់នៅ​ក្នុងភូមិ​អូរ​គគីរ​កណ្ដាល​វិញ​។ នៅក្នុង​ឆ្នាំ​១៩៩៩ ខ្ញុំ​ចាប់ផ្ដើម​ចូល​បង្រៀន​ក្មេងៗ​ថ្នាក់​ម​តេ្ត​យ្យ​ដោយ​ស្ម័គ្រចិត្ត​។ ដោយសារតែ​ខ្ញុំ​មានចំណេះដឹង​បន្តិចបន្តួច ហើយ​មាន​ការគោរព​ស្រឡាញ់​ពី​ប្រជាជន ទើប​ប្រជាជន​ជ្រើសរើស​ខ្ញុំ​ឲ្យ​ឡើងជា​ប្រធានភូមិ​នៅក្នុង​ឆ្នាំ​២០០៦​។ ខ្ញុំ​បន្ត​បង្ហាត់បង្រៀន​សិស្ស និង​ធ្វើជា​មេភូមិ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ​៕សរន