ដោយៈ ជា សីហៈ​/​ភ្នំពេញៈ មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវ​:​ចម្រុះ បាន​អះអាងថា កម្ពុ​ជាមាន​វត្តមាន​ស​ត្វ​កំប្រុក​មួយ​ប្រភេទ ដែល​វា​មាន​រោម​អាច ប្រែ​ពណ៌​បាន ។

​ប្រភព​ដដែល​នេះ​បាន​អះអាងថា កំប្រុក​ពណ៍ គឺជា​កំប្រុក​មួយ​ប្រភេទ​ដែលមាន​ដើម កំណើត​នៅ​ប្រទេស​កម្ពុជា ថៃឡង​ដ៍ ភូមា លាវ និង​វៀតណាម​ប៉ុន្តែ​គេ​ក៏​អាច​ប្រទះ ឃើញ​ពួកវា​នៅ​ប្រទេស​សិង្ហ​បុរី ជប៉ុន ឬ​ប្រទេស​អ៊ីតាលី ដែល​ពួកវា​ត្រូវបាន​គេ​នាំ យកទៅ​។ នៅ​ប្រទេស​អ៊ីតាលី និង​ជប៉ុន កំប្រុក​នេះ​ត្រូវបាន​គេ​ចាត់ទុកជា​ប្រភេទ រាតត្បាត ដែល​កំពុងតែ​បង្ក​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រភេទ​ដើមឈើ​មួយចំនួន​។

​កំប្រុក​ប្រភេទ​នេះ​ចូលចិត្ត​រស់នៅ​ទី​គោក និង​នៅលើ​ដើមឈើ​ខ្ពស់ៗ​ដូច្នេះ​វិធី​ល្អ​បំផុត ត្រូវ​សម្លឹង​រកមើល​តាម​ដើមឈើ ប្រសិនបើ​លោកអ្នក​ចង់ឃើញ​ពួកវា​។ កំប្រុក​នេះ មានឈ្មោះ​ម្យ៉ាងទៀត​ជា​ភាសា​អង់គ្លេស​ថា (Variable Squirrel) ដែល​មានន័យថា (​កំប្រុក​ប្រែ​ពណ៍​) នេះ​គឺ​ដោយសារតែ​រោម​ខ្លួន​របស់​វា​មានការ​ប្រែប្រួល​ពណ៍ ទៅតាម​រដូវ​កាល​។

​ប្រភព​ដដែល​បាន​បន្តថា កំប្រុក​នេះ​មាន​ប្រភេទ​រង​ដែលមាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា ២​ប្រភេទ​គឺ (Callosciurus finlaysonii cinnamomeurs) និង (Callosciurus finlaysonii annelatus) ប្រភេទ​នីមួយៗ​មាន​ពណ៌​ក្រហម​ទាំងអស់ (​ជួនកាល​មាន​ក្បាល និង​ជើង​ពណ៍​ប្រផេះ​) និង មាន​បង្កង់​ពណ៍​ក្រហម​ត្នោត លាយ ពណ៍​ទឹកដោះគោ​នៅ គល់​កន្ទុយ​៕​/PC