ដោយៈ ជា សីហៈ/ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្ត្រីអាស៊ាន លើកទី៤ រៀបចំដោយឥណ្ឌូ ណេស៊ី ដែលមានរដ្ឋមន្ត្រីក្រសួងបង្កើនភាពអង់អាចដល់ស្ត្រីនិងការពារកុមារ ជាប្រធានអង្គប្រជុំនេះ និងមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីកិច្ចការនារី នៃប្រទេស សមាជិកអាស៊ានទាំង១០ និង លេខាធិការដ្ឋានអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ។
ឆ្នាំនេះ កិច្ចប្រជុំរដ្ឋមន្ត្រីស្ត្រីអាស៊ានសម្រេចយកប្រធានបទ «សេដ្ឋកិច្ចឌីជីថល និងបរិយាប័ន្នហិរញ្ញវត្ថុ ដើម្បីពង្រឹងការប្រកួតប្រជែងស្ត្រីអាស៊ាន» ដើម្បីលើក កម្ពស់បរិយាប័ន្នហិរញ្ញវត្ថុរបស់ស្ត្រី តាមរយៈការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងផែនការស្តារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
កិច្ចប្រជុំ នេះ នឹងមានកិច្ចពិភាក្សាផ្តាស់ប្តូរនូវទស្សនៈ មេរៀន និងបទពិសោធន៍ រវាងរដ្ឋមន្ត្រីស្ត្រីអាស៊ានទាំង១០ប្រទេស ដើម្បីឈានទៅការដាក់ចេញនូវវិធានការ និងសកម្មភាពក្នុងការសម្រេចឱ្យបានសម្រេចចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ប្រកបដោយចីរភាព និងបរិយាប័ន្ន និងឆ្លើយតបទៅនឹងការអភិវឌ្ឍប្រកបដោយចីរភាព ដោយមិនទុក នរណាម្នាក់ឱ្យនៅឯកា ៕/PC