​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ យោងតាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)​បានឱ្យដឹង​ថា​មាន​ករណី​ឆ្លងកូវី​ដតែ​ម្នាក់​ប៉ុណ្ណោះ​ក្នុងចំណោម​៧​នាក់​​នៅក្នុង​ទ្វីបអាហ្វ្រិក​ត្រូវបាន​រកឃើញ ដែល​មានន័យថា​ការ​ឆ្លងកូវី​ដ​១៩​នៅ​ទ្វីប​នេះ​អាច​មាន​ចំនួន​សរុប​ដល់​ទៅ​៥៩ លាន​នាក់​។​

​លោកស្រី ម៉ាត់​ស៊ី​ឌី​សូ មេ​អូ​ទី នាយក​តំបន់​របស់ WHO ប្រចាំ​ទ្វីបអាហ្វ្រិក​បាន​និយាយថា “​ជាមួយ​ការ​ធ្វើតេស្តិ៍​នៅមានកម្រិ​ត​យើង​នៅតែ​មិន​ដឹង​ចំនួន​ឆ្លង​ពិតប្រាកដ​នៅក្នុង​សហគមន៍​​ជាច្រើន​នៅ​ទ្វីប​អាហ្វ្រិក​”​។​

​ដើម្បី​ទទួលបាន​ចំនួន​ត្រឹមត្រូវ​នៃ​ការឆ្លង​ជំងឺ​នេះ​និង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​កាន់តែ​ប្រសើរ WHO​គ្រោង​បង្កើន​ការធ្វើ​រោគវិនិច្ឆ័យ​ដោយ​ការ​ធ្វើតេស្តិ៍​រហ័សនៅក្នុង​ប្រទេ​សអា​ហ្វ្រិ​ក​ចំនួន ៨ ជាមួយ​គោលដៅ​ធ្វើតេស្តិ៍​មនុស្ស ៧ លាន​នាក់​នៅ​ឆ្នាំក្រោយ​។​

​លោកស្រី​មេ​អូ​ទី​និយាយ​ថា​គំនិត​ផ្តួចផ្តើម​នេះ​គឺជា​វិធីសាស្ត្រ​ថ្មី​មួយ​ដែល​ផ្លាស់​ប្តូរ​ពី​ភាព​អសកម្ម​ទៅ​ជា​ការ​ឃ្លាំមើល​យ៉ាង​សកម្ម ដោយ​ធ្វើការ​ជាមួយ​សហគមន៍​។​

​លោកស្រី​បាន​និយាយ​ថា​ការធ្វើតេ​ស្តិ៍រហ័​ស​គឺ​មាន​តម្លៃ​សមរម្យ អាច​ជឿ​ទុកចិត្តបាន និង​ងាយស្រួល​ប្រើ​ហើយនឹង​ផ្តល់​លទ្ធផល​ក្នុង​រយៈពេល ១៥ នាទី​។​

​លោកស្រី​បាន​និយាយថា ករណី​ឆ្លង​ចំនួន ៣៦០.០០០ បន្ថែម​ទៀត​រំពឹង​រក​ឃើញ​ដោយ​ការប្រើ​តេស្តិ៍​រហ័ស ដែល​ប្រហែល ៧៥​ភាគរយ​នៃ​ករណី​ទាំង​នោះ​អាច​មិន​មាន​រោគ​សញ្ញា​ឬ​មាន​​កម្រិត​ស្រាល​៕

ស្ត្រី​ម្នាក់​កំពុង​ទទួល​វ៉ាក់សាំង​កូ​វីដនៅ​អាហ្វ្រិក​ខាងត្បូង