​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​វ៉េ​អិន​អ៊ិច​ស្ព្រេ​ស​) ៖ នាយក​ប្រតិបត្តិ​សកល លោក ម៉ៃ​ឃើ​ល ឡូ​សែ​ល​ល័​រ បាន​និយាយថា ក្រុមហ៊ុន​ផលិត​រថយន្ត​វៀតណាម Vinfast​នឹង​ចាប់ផ្តើម​ទទួល​​ការបញ្ជា​ទិញ​ជា​មុន​នៅក្នុង​ទីផ្សារ​សហរដ្ឋ​អាម៉េរិក​សម្រាប់​រថយន្ត​ប្រភេទ SUV​អគ្គិសនី VF e35 និង e36 របស់​ខ្លួន​នៅ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ ២០២២ ។​

​លោក​បាន​និយាយ​នៅក្នុង​អ៊ីមែល​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា “​វា​នៅតែ​ឆាប់​ពេក​ក្នុងការ​ព្យាករណ៍​អំពី​ការលក់ ប៉ុន្តែ VinFast​នឹង​បង្ហាញ​នូវ​ម៉ូឌែល​រថយន្ត EV (​អគ្គិសនី​) ពីរ​ម៉ូ​ដែល​ចុងក្រោយបង្អស់​របស់​យើង គឺ VF e35 និង VF e36 នៅឯ​ពិព័រណ៍​រថយន្ត​ឡូ​ស​អេន​ជេ​ឡេស​២០២១ នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ដូច្នេះ​វា​នឹង​ក្លាយ​ជា​ការបង្ហាញ​រថយន្ត​ជា​ផ្លូវការ​​របស់​យើង​ចំពោះ​ទីផ្សារ​អាម៉េរិក​”​។​

​លោក​ឡូ​សែ​ល​ល័​រ ជា​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Volkswagen​និង​ក្រុមហ៊ុន Opel ដែល​ត្រូវបាន​តែងតាំង​ឱ្យ​កាន់​តំណែង​នៅ​ក្រុមហ៊ុន Vinfast កាលពី​ខែ​កក្កដា​បាននិ​​យាយ​ថា ក្រុមហ៊ុន​រំពឹង​ចាប់ផ្តើម​ចែកចាយ​រថយន្ត EV ដំបូង​របស់​ខ្លួន​នៅក្នុង​ប្រទេស​វៀតណាម​ចាប់​ពី​ខែ​ធ្នូ​។​

​លោក​បាន​និយាយថា ជា​ផ្នែក​នៃ​ការផលិត​យានយន្ត​របស់​ក្រុមហ៊ុន​យក្ស Vingroup របស់​វៀតណាម ក្រុមហ៊ុន Vinfast​មាន​ការិយាល័យ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ហើយ​រំពឹង​បើកសម្ពោធ​​បន្ទប់​តាំង​បង្ហាញ​ចំនួន ៦០ នៅ​សហរដ្ឋ​អាម៉េរិក​នៅ​ឆ្នាំក្រោយ​។​

​ក្រុមហ៊ុន Vinfast មាន​មហិច្ឆតា​ធំ​ដើម្បី​បើក​ដំណើរការ​ការលក់​រថ​យន្ត EV​នៅ​ទីផ្សារ​អាម៉េរិក​និង​អឺរ៉ុប​នៅ​ឆ្នាំក្រោយ​ដើម្បី​ប្រជែង​នឹង​ក្រុមហ៊ុន Tesla​និង​ក្រុមហ៊ុន​ផលិត​រថយន្ត​ផ្សេង​​ទៀត​។ អ្នក​ផ្តល់​មូលនិធិ​ដល់​គម្រោង​នោះ​គឺ​ក្រុមហ៊ុន Vingroup ដែល​មាន​ផលប្រយោជន៍​គ្របដណ្តប់​លើ​អចលនទ្រព្យ រមណីយដ្ឋាន សាលារៀន មន្ទីរពេទ្យ និង​ស្មា​ត​ហ្វូន​៕

​រថយន្ត VF e35 និង VFe36 នឹង​ត្រូវ​នាំ​ចេញ​ទៅ​ទីផ្សារ​អាម៉េរិក​ឆ្នាំក្រោយ