ប្រែសម្រួលៈវាសនា/ស៊ីដនី៖ ទីក្រុងស៊ីដនី របស់អូស្ត្រាលីនឹងបើកទទួលអ្នកដំណើរអន្តរជាតិដែលចាក់វ៉ាក់សាំងកូវីដ១៩ហើយ ចាប់ពីថ្ងៃ១វិច្ឆិកាដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ នេះបើតាមអភិបាលរដ្ឋញូវសោតវេលបានប្រកាសកាលពីថ្ងៃសុក្រ។
សូមបញ្ជាក់ថា អូស្ត្រាលីបានបិទព្រំដែនអន្តរជាតិរបស់ខ្លួនកាលពីខែមីនាឆ្នាំ២០២០ជាការឆ្លើយតបនឹងជំងឺឆ្លងកូវីដ១៩ ដោយអនុញ្ញាតអោយចូលតែពលរដ្ឋខ្លួននិងអ្នករស់នៅអចិបន្ត្រៃយ៍ដែលត្រូវធ្វើចត្តាឡីស័ក២សប្តាហ៍នៅសណ្ឋាគារក្រោមការចំណាយផ្ទាល់ខ្លួន។
អភិបាលរដ្ឋញូវសោតវេលស៍ ដែលបានទីក្រុងស៊ីដនីនៅក្នុងនេះ បាននិយាយថា« យើងត្រូវការចូលរួមជាមួយពិភពលោកឡើងវិញ។យើងមិនអាចរស់នៅទីនេះក្នុងព្រះរាជាណាចក្របង្ខាំងខ្លួនតែឯងទេ។យើងត្រូវបើកចំហ»។
នាយករដ្ឋមន្ត្រីអូស្ត្រាលីបាននិយាយមុននេះក្នុងខែនេះថាការធ្វើដំណើរអន្តរជាតិនឹងវិលមកធម្មតាវិញនៅពេលប្រជាជននៅក្នុងរដ្ឋអូស្ត្រាលីណាមួយបានចាក់វ៉ាក់សាំងការពារកូវីដ១៩បាន៨០ភាគរយឡើងតែដំបូងសំរាប់តែជនជាតិអូស្ត្រាលីនិងត្រូវដាក់ខ្លួនដាច់ពីគេនៅក្នុងផ្ទះ។
ទោះជាយ៉ាងណា អភិបាលរដ្ឋញូវសោតវេលស៍ បាននិយាយថា វាដល់ពេលបើករដ្ឋដើម្បីជួយរុញកំណើនសេដ្ឋកិច្ចដែលខូចខាតខ្លាំងដោយសារការបិទខ្ទប់ដើម្បីទប់ស្កាត់កូវីដ១៩ជិត៤ខែមកនេះ។លោកបាននិយាយថា «ចត្តាឡីស័កនៅសណ្ឋាគារ ឬនៅផ្ទះជារឿងពីអតីតកាល។យើងបើកទីក្រុងស៊ីដនីនិងរដ្ឋញូវសោតវេលស៍សំរាប់ពិភពលោក»។
រដ្ឋញូវសោតវេលស៍ត្រូវគេរំពឹងថានឹងចាក់វ៉ាក់សាំងបាន៨០ភាគនៅត្រឹមចុងសប្តាហ៍នេះ ដោយសំរេចគោលដៅបានមុនរដ្ឋអូស្ត្រាលីផ្សេងទៀត។
បើតាមលោកអភិបាលរដ្ឋ អ្នកមកដល់ស៊ីដនីដំបូងត្រូវបង្ហាញភស្តុតាងថាបានចាក់វ៉ាក់សាំងកូវីដ១៩ពេញលេញនិងការធ្វើតេស្តិ៍អវិជ្ជមានកូវីដ១៩នៅពេលមុនឡើងជិះយន្តហោះមកកាន់អូស្ត្រាលី។
រដ្ឋញូវសោតវេលស៍ នៅថ្ងៃសុក្រនេះបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣៩៩នាក់ ដោយចុះឆ្ងាយពីចំនួនឆ្លងប្រចាំថ្ងៃចំនួន១.៥៩៩នាក់កាលពីដើមខែកញ្ញា។
រដ្ឋក្បែរខាងបានរាយការណ៍អ្នកឆ្លងថ្មីដល់ទៅ២.១៧៩នាក់ ភាគច្រើននៅក្រុងមែលប៊ន ដោយចុះបន្តិចពីការឆ្លង២ .២៩៧នាក់កាលពីមួយថ្ងៃមុន។
ក្នុងពេលជាមួយគ្នា រដ្ឋធានីកង់បេរ៉ា នៅថ្ងៃសុក្រនេះបានចាកចេញពីការបិទខ្ទប់អស់ពេលជាង២ខែដោយអនុញ្ញាតអោយហាងកាហ្វេ ក្លិបនិងកន្លែងហាត់កីឡាបើកឡើងវិញក្រោមវិធានគម្លាតសង្គមយ៉ាងតឹងរឹង៕