ដោយ៖ ពៅនិមល/ភ្នំពេញ៖ កាលពីដើមខែតុលាកន្លងទៅ ខណៈដែលរដ្ឋបាលរាជធានីភ្នំពេញបានតម្រូវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តការណែនាំថ្មី គឺការបង្ហាញបណ្ណ ឬកាតវ៉ាក់សាំងកូវីដ-១៩ រាល់ពេលចេញចូលទីតាំងអាជីវកម្មនានានៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ក្រុមអាជីវករផ្សារបឹងកេងកងបានលើកឡើងស្រដៀងគ្នាថា មិនបង្ករផលប៉ះពាល់ ឬរំខានទេដល់ការលក់ដូរប្រចាំ ពោលធ្វើឲ្យការលក់មានភាពល្អប្រសើរជាងមុន។
អ្នកនាង ព្រំ សុធារដ្ឋ អាជីវករលក់គ្រឿងក្រអូប បានឲ្យរស្មីកម្ពុជាដឹងនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះថា ក្នុងរយៈពេលមួយសប្តាហ៍មកនេះក្រោយចប់ពិធីបុណ្យភ្ជុំបិណ្ឌ កត់សម្គាល់ឃើញថា សកម្មភាពលក់ដូរបស់អាជីវករ ក៏ដូចជាអតិថិជនចេញចូលផ្សារ គឺមានសភាពអ៊ូអ៊រជាងមុន។ អ្នកនាងឲ្យដឹងទៀត ចំពោះការលក់ដូរសព្វថ្ងៃក៏ល្អច្រើនជាងមុនដែរ ដោយក្នុងមួយថ្ងៃៗភ្ញៀវដែលមកទិញទំនិញនៅតូបកើនឡើងជាបន្តបន្ទាប់។
ដោយឡែក អាជីវករលក់ស្បែកជើង អ្នកស្រី សុខ ចាន់ណា បាននិយាយថា ការលក់ដូរពីមួយថ្ងៃទៅមួយថ្ងៃរបស់អ្នកស្រី គឺលក់ដាច់គ្រាន់បើជាងមុន ជាពិសេសក្រោយពីមានការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងការផ្សព្វផ្សាយពីគណៈកម្មការផ្សារជាញឹកញាប់អំពីវិធានការសុខាភិបាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩ ក៏ដូចជាអនុវត្តរាល់ពេលចេញចូលផ្សារ តម្រូវឲ្យបង្ហាញកាត ឬបណ្ណចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នាដើម្បីសុវត្ថិភាពជាចម្បង។ ជាមួយគ្នានេះ អ្នកស្រីបានបង្ហាញការអរគុណដល់រដ្ឋាភិបាល ក៏ដូចជាគណៈគ្រប់គ្រងផ្សារ ដែលតែងតែគិតគូរនិងយកចិត្តទុកដាក់ជាប់និច្ចអំពីវិធាននានា ដែលទប់ស្កាត់ទាន់ពេលវេលានូវការឆ្លងរាលដាលមេរោគកូវីដ១៩។
ជាមួយគ្នានេះ លោក ឯក និមល ប្រធានគណៈកម្មការផ្សារបឹងកេងកង បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃនេះការបើកតូបលក់របស់បងប្អូនអាជីវករផ្សារមានចំនួនប្រមាណជាង ៨០ភាគរយ ក្នុងចំណោមតូបសរុបជាង ១ពាន់តូប។ លោកបន្តថា ជាការកត់សម្គាល់ បន្ទាប់ពីអាជីវករផ្សារបានទទួលចាក់វ៉ាក់សាំងរហូតដល់ដុសជំរុញ និងមានការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញដែលតម្រូវឲ្យពលរដ្ឋទាំងអស់បង្ហាញកាត ឬបណ្ណចាក់វ៉ាក់សាំងរាល់ពេលចេញចូលទីតាំងអាជីវកម្ម គឺមានសភាពអ៊ូអ៊រ ជាងមុន ទាំងអាជីវករ ក៏ដូចជាអតិថិជនទូទៅ។ លោកបន្ថែមថា ការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នេះ សម្រាប់អាជីវករផ្សារ នឹងមិនអនុញ្ញាតឲ្យចូលលក់ដូរទេ ប្រសិនមិនមានកាតចាក់វ៉ាក់សាំង ឬលិខិតបញ្ជាក់ថាបានចាក់វ៉ាក់សាំងរួច។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមការងាររបស់លោកតែងតែរម្លឹក និងចុះធ្វើការត្រួតពិនិត្យជាប្រចាំទៅដល់អាជីវករ។ លោកឲ្យដឹងទៀតថា ដោយឡែកក្រៅពីអាជីវករ ចំពោះប្រជាពលរដ្ឋដែលចេញចូលផ្សារ ខាងផ្សារក៏បានណែនាំ និងតម្រូវឲ្យបង្ហាញកាត ឬបណ្ណចាក់វ៉ាក់សាំង ហើយការអនុវត្តនូវវិធានសុខាភិបាល ដូចជាតម្រូវឲ្យពាក់ម៉ាស់ វាស់កម្តៅ និងការលាងសម្អាតដៃជាមួយទឹកអាល់កុល ក៏បានអនុវត្តជាប្រចាំផងដែរសម្រាប់ផ្សារបឹងកេងកងនេះ ដើម្បីចូលរួមប្រយុទ្ធ និងទប់ស្កាត់ឲ្យបាននូវការរីករាលដាលមេរោគបប្លែងថ្មីកូវីដ១៩។
សូមបញ្ជាក់ថា កាលពីថ្ងទី៥ ខែតុលាកន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំបន្ថែមដល់ប្រជាពលរដ្ឋ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់ទីតាំង អាជីវករ និងសាធារណជនទាំងអស់ ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វាក់សាំងកូវីដ១៩ ឬបណ្ណចាក់វាក់សាំងបង្ការជំងឺកូវីដ១៩ ឬលិខិតបញ្ជាក់ការចាក់វាំកំសាំងបង្ការជំងឺកូវីដ១៩ រាល់ពេលចេញ-ចូលផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានាក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈសម្រាប់ការរស់នៅជាមួយជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី និងឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យនាពេលឆាប់ៗខាងមុខនេះ៕