ភ្នំពេញ​:​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​-​កម្ពុជា​បាន​ចូលរួម​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​ការជំរុញឱ្យ​ប្រជាជន​ក្នុង​សហគមន៍​មានការ​យល់ដឹង​និង​អនុវត្ត​ទម្លាប់​លាងដៃ​ជាមួយ​សាប៊ូ​តាមរយៈ​កម្មវិធី​ទឹកស្អាត​និង​អនាម័យ​ជា​លទ្ធផល​ក្នុង​ឆ្នាំ​២០២១ គ្រួសារ​ជិត​៨០​ភាគរយ នៅក្នុង​តំបន់​គោលដៅ​ដែល​អង្គការ​ទស្សនៈ​ពិភពលោក​អនុវត្ត​គម្រោង មាន​កន្លែង​លាងដៃ​នឹង​សាប៊ូ​។​

Lingcher, 11 yo, is enjoying with pipe water at home.

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០២១​នេះ​បាន​បញ្ជាក់ថា​ទិវា​លាង​សម្អាត​ដៃ​ពិភពលោក​ត្រូវ​ប្រារព្ធ​នៅ​ថ្ងៃទី​១៥​ខែតុលា​ដែល​ឆ្នាំនេះ​ធ្វើឡើង​ក្រោម​ប្រធានបទ​«​អនាគត​យើង​ស្ថិតនៅលើ​ដៃ​យើង​- សូម​ចូលរួម​លាង​សម្អាត​ដៃ​ទាំងអស់គ្នា​»​។

​របាយការណ៍​វាយតម្លៃ​របស់​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​-​កម្ពុជា​ដែល​ធ្វើឡើង​ក្នុង​តំបន់​គោលដៅ​របស់ខ្លួន​នា​ឆ្នាំ​២០២១ បង្ហាញថា​គ្រួសារ​ចំនួន​៧៨.៣ ភាគរយ មាន​កន្លែង​លាងដៃ​នឹង​សាប៊ូ ដែល​តួលេខ​នេះ​មានការ​កើនឡើង​២៦.៦ ភាគរយ បើ​ប្រៀប​នឹង​ឆ្នាំ​២០១៨​។ លទ្ធផល​នេះ ក៏​ប្រហាក់ប្រហែល​នឹង​របាយការណ៍​អង្កេត​សេដ្ឋកិច្ច សង្គមកិច្ច​កម្ពុជា​ឆ្នាំ​២០២០ បង្ហាញថា​គ្រួសារ​ប្រមាណ​ជា​៨៦​ភាគរយ មាន​កន្លែង​លាងដៃ​នឹង​សាប៊ូ​។

Plalla, a 12 years old girl, happy with hand washing.

​ប្រភព​ដដែល​បន្តថា​ក​ម្ម​វិធី​ទឹកស្អាត និង​អនាម័យ (WASH) របស់​អង្គការ​ទស្សនៈ​ពិភពលោក កំពុង​អនុវត្ត​ក្នុងស្រុក​គោលដៅ​ចំនួន​២៤​ក្នុង​ខេត្ត​ចំនួន​៩​ដែល​រួមមាន​ខេត្តក្រចេះ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ និង​តាកែវ​។ យោងតាម​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​យូ​នី​សែ​ហ្វ ការ​លាងដៃ​នឹង​សាប៊ូ ជួយ​ឱ្យ​មនុស្ស​១៦៥ ០០០​នាក់ ជៀស​ផុតពី​ការស្លាប់​ដែល​បង្ករ​ឡើង​ដោយ​ជំងឺរាគ​។ ការលាង​សម្អាត​ដៃ​នឹង​សាប៊ូ ក៏បាន​ជួយ​ការពារ​មនុស្ស​ពី​ជំងឺ​អាសន្នរោគ រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ និង​ជំងឺ​កូ​វីដ​-១៩ ជាដើម​។

​លោក នង ដា​វីត អ្នកជំនាញ​ជាន់ខ្ពស់​ទទួលបន្ទុក​ក​ម្ម​វិធី​ទឹកស្អាត និង​អនាម័យ​នៃ​អង្គការ​ទស្សនៈ​ពិភពលោក​ថ្លែងថា អង្គការ បានរួម​ចំណែក​ជំរុញឱ្យមាន​ការលាង​សម្អាត​ដៃ​ជាមួយនឹង​សាប៊ូ តាមរយៈ​ការផ្តល់ សម្ភារៈ​លាង​សម្អាត​ដៃ ក៏ដូចជា​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​ការ​លាងដៃ​នឹង​សាប៊ូ​ដល់​ប្រជាជន​ក្នុង​សហគមន៍​។

​នា​ឆ្នាំ​២០២១ អង្គការ​ទស្សនៈ​ពិភពលោក បានផ្តល់​ជា​កញ្ចប់​សម្ភារៈ​អនាម័យ​ដែល​ក្នុងនោះ​មាន​សាប៊ូ​ដុស​ខ្លួន ម្សៅ​សាប៊ូ ច្រាស​ដុស​ធ្ម​ញ និង​ពាងទឹក​មាន​ក្បាល​រ៉ូ​ប៊ី​ណេ​សម្រាប់​បង្ហូរទឹក​លាងដៃ​ជាដើម ដល់​គ្រួសារ​ងាយ​រងគ្រោះ​ចំនួន ២៨ ១០០ គ្រួសារ​។ ក្រៅពីនេះ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ អង្គការ​ទស្សនៈ​ពិភពលោក បានផ្តល់​ជា​សាប៊ូ​លាងដៃ និង​សាប៊ូម្សៅ ដល់​ពលរដ្ឋ​ចំនួន​២៧៥ ០៨៨ គ្រួសារ​។

​សេចក្តីប្រកាស​ព័ត៌មាន​បាន​ស្រង់​សម្តី​លោក នង ដា​វីត មក​បញ្ជាក់ថា​៖« បើទោះបីជា​តួលេខ​នៃ​គ្រួសារ​ដែលមាន​កន្លែង​លាងដៃ​នឹង​សាប៊ូ​មានការ​កើនឡើង​យ៉ាងណាក្តី អង្គការ​ទស្សនៈ​ពិភពលោក នៅតែ​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​និង​ភាគី​ពាក់ព័ន្ធ​នានា ដើម្បី​ជំរុញ​ឱ្យ​ការ​លាងដៃ​នឹង​សាប៊ូ​ក្លាយជា​ទម្លាប់​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ក្នុង​សហគមន៍​»​។

​ជំទប់​ទី​២ ទទួលបន្ទុក​ស្ត្រី និង​កុមារ នៃ​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង លោក ស្រី ជុំ ពៅ មានប្រសាសន៍ថា​អង្គការ​ទស្សនៈ​ពិភពលោក​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុងការ​បណ្តុះបណ្តាល​ស្តីពី​ការលើកកម្ពស់​អនាម័យ​ផ្តល់​ជា​សាប៊ូ​ស៊ីទែន​ទឹក​ពាងទឹក​និង​អប់រំ​ផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍​នៃ​ការលាង​សម្អាត​ដៃ​នឹង​សាប៊ូ​ដល់​សហគមន៍​។

​លោកស្រី ជុំ ពៅ រៀបរាប់ថា​៖«​អង្គការ​បាន​ជួយ​ច្រើន ដែល​ធ្វើឱ្យ​កុមារ​ក្នុង​សហគមន៍​មានការ​ផ្លាស់​ប្រែជា​វិជ្ជមាន​។ និយាយ​រួម​ថា​ផ្លាស់​ទម្លាប់ ដែល​កាលពីមុន​ហូប​អី​ហើយ អត់​លាងដៃ ហើយ​ជូត​ខោ តែ​ឥលូវ​ពួកគាត់​អត់​ទេ​»​។
​កុមារី រស្មី សិស្ស​ទី​៨ នៃ​អនុវិទ្យាល័យ​មួយនា​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង និយាយថា​គាត់​លាងដៃ​នឹង​សាប៊ូ​ជាប្រចាំ​មុន​និង​ក្រោយពេល​ទទួល​អាហារ ក៏ដូចជា​ពេលដែល​ចេញពី​បន្ទប់ទឹក​ផងដែរ​។ កុមារី​វ័យ​១៤​ឆ្នាំ​រូបនេះ ប្រាប់ថា​ខ្លួន​យល់ដឹង​កាន់តែច្បាស់​ពី​អត្ថប្រយោជន៍​នៃ​ការ​លាងដៃ ក្រោយពី​ទទួលបាន​ការអប់រំ​ផ្សព្វផ្សាយ​អនាម័យ​ពី​បុគ្គលិក​អង្គការ​ទស្សនៈ​ពិភពលោក​ដែល​ចូលរួម​ធ្វើការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​។​
​កុមារី​រស្មី ប្រាប់​បន្ថែមថា​៖«​អង្គការ​បានផ្តល់​សាប៊ូ​លាងដៃ​ឱ្យ​ខ្ញុំ ដើម្បី​កម្ចាត់​មេរោគ​។ ពេល​ពុក​ម៉ែ​ខ្ញុំ រៀប​ហូបបាយ​ភ្លេច​លាងដៃ​អី ខ្ញុំ​ប្រាប់​គាត់​ថា​លាងដៃ​នឹង​សាប៊ូ​ផង​ម៉ែ​ពុក​»៕

(ប្រភព និង រូបថតអង្គការទស្សនៈពិភពលោក)