ដោយៈ មុនី​រ័ត្ន / ភ្នំពេញ​៖ ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ នរោត្តម រតនាទេវី ព្រះ​បុត្រី ជា​ព្រះ​តំណាង ដ៏​ខ្ពង់ខ្ពស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ព្រមទាំង​សហជីវិន សហជីវិនី ជា​ថ្នាក់ដឹកនាំ មកពី​រាជធានី​-​ខេត្ត បាន​ប្រារព្ធ​ព្រះរាជ​ពិធី ឧទ្ទិស​ព្រះមហា​កុសល គម្រប់​ខួប ៩ ឆ្នាំ ថ្វាយ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១ នៅ​ទីស្នាក់ការ​កណ្តាល គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​

​សូម​រម្លឹកថា ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ បាន​យាង​សោយ​ទិវង្គត នៅ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន កាលពី​វេលា​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២​។ ប្រជាពលរដ្ឋ​ខ្មែរ ទូទាំង​នគរ បានបង្ហាញ ក្តី​វិយោគ ស្រណោះស្រណោក​ពន់ពេក​ក្រៃ ចំពោះ​ការបាត់បង់ អង្គ​ព្រះមហាក្សត្រ ដែល​បាន​បន្សល់​នូវ ស្នា​ព្រះ​ហ​ស្ថ​ដ៏​ច្រើន សម្រាប់​ជាតិ​កម្ពុជា​។ ព្រះអង្គ គឺជា​តួអង្គ និង​ជា​សាក្សី​ដ៏​សំខាន់​មួយ ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ សម័យ​ទំនើប ក្រោយពី​ឡើង​សោយរាជ្យ នៅ​ឆ្នាំ​១៩៤១ ព្រះអង្គ បាន​តស៊ូ​ទាមទារ​ឯករាជ្យ ពី​បារាំង រហូត​បានសម្រេច នៅ​ឆ្នាំ ១៩៥៣​។ ២ ឆ្នាំ ក្រោយមក ព្រះអង្គ ទ្រង់​បានដាក់​រាជ្យ​ថ្វាយ​ព្រះបិតា របស់​ទ្រង់ គឺ​ព្រះបាទ នរោត្តម សុរាម្រិត នៅ​ខែមេសា ឆ្នាំ​១៩៥៥ ដើម្បី​បំពេញបេសកកម្ម នយោបាយ គឺ​ការបង្កើត និង​ដឹកនាំ​ចលនា «​សង្គមរាស្ត្រនិយម​»​។ នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣ ព្រះអង្គ បាន​ឡើង​គ្រងរាជ្យ ម្តងទៀត ក៏ប៉ុន្តែ ការ​គ្រងរាជ្យ ជា​លើក​ទី​ពីរ​នេះ គឺធ្វើឡើង ក្នុង​ក្របខ័ណ្ឌ នៃ​របបរាជានិយម អាស្រ័យ​រដ្ឋធម្មនុញ្ញ ដែលមាន​ចែង ក្នុង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​ទី​២ គឺ​ព្រះមហាក្សត្រ ទ្រង់​គ្រងរាជ្យ តែ​មិន​កាន់អំណាច​។ សោយរាជ្យ បាន​រយៈពេល ១១ ឆ្នាំ ព្រះអង្គ ក៏បាន​ប្រកាស​ដាក់ពាក្យ សារជាថ្មី​ម្តងទៀត នៅ​ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០០៤ ទៅ​ឲ្យ​ព្រះបាទ នរោត្តម សីហមុនី​៕/V​