ដោយៈមុនីរ័ត្ន/ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២២ខាងមុខ ក្នុងនាមប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ កម្ពុជានឹងខិតខំសម្របសម្រួល និងដោះស្រាយបញ្ហាពិភព លោក និងក្នុងតំបន់ និងសាមគ្គីភាពដ៏រឹងមាំជាមួយនឹងប្រទេសសមាជិកអាស៊ាន និងការគាំទ្រពីដៃគូខាងក្រៅ កម្ពុជានឹងបន្តជំរុញការកសាងសហគមន៍ និងថែរក្សាតួនាទីរបស់អាស៊ាន ដែលជាទម្លាប់ដ៏សារៈសំខាន់សម្រាប់ពិភពលោក។
ការបញ្ជាក់នេះនៅក្នុងជំនួបសន្ទនាជាមួយលោកទេសរដ្ឋមន្ត្រី Dato Seri Hishamudin Bin Tun Hussein រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី តាមរយៈប្រព័ន្ធវិដេអូកាលពីរសៀលថ្ងៃទី១៤ខែតុលាឆ្នាំ២០២១។
ប្រភពបញ្ជាក់ថា ថ្លែងក្នុងជំនួបនេះសម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយក្រសួងការពារជាតិម៉ាឡេស៊ី ឲ្យកាន់តែប្រសើរឡើងតាមរយៈការបណ្តុះបណ្តាលពង្រឹងសមត្ថភាពធនធានមនុស្ស ការចែករំលែកព័ត៌មាននៃការគំរាមគំហែងអំពើភេរវកម្ម ដោយខិតខំលើកទឹកចិត្តនាយទាហាន និងរិះរកគ្រប់វិធីប្រកបដោយភាពច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ក្រោយវិបត្តិកូវីដ១៩ មានភាពធូរស្រាល ដើម្បីផ្តល់ផលប្រយោជន៍ប្រទេសទាំងពីរ កម្ពុជានិងម៉ាឡេស៊ី រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅលើសកលលោក។
សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការអបអរសាទរចំពោះវត្តមានលោក Dato Seri Hishamudin Bin Tun Hussein ដែលរដ្ឋាភិបាលម៉ាឡេស៊ី មានទំនុកចិត្តតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី នាខែសីហាកន្លងមកនេះ។
សម្តេចពិជ័យសេនាបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានផ្តល់ជំនួយសម្ភារប្រឆាំងជម្ងឺកូវីដ១៩ មួយចំនួនជូនដល់រាជរដ្ឋាភិបាល តាមរយៈស្ថាប័នចារកម្មនៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ សម្តេចពិជ័យសេនា បានលើកឡើងថា ជំងឺកូវីដ១៩ ឈានមកដល់ត្រីមាសទី៣ នៃឆ្នាំ២០២១នេះ នៅតែបន្តប្រឈមក្នុងភាពមិនប្រាកដប្រជា ដោយសារហានិភ័យនៃរលកការបំម្លែងថ្មីៗ នៃមេរោគកូវីដ១៩ ដែលមានសភាពការណ៍កាន់តែកាចសាហាវ និងបន្តរំខានដល់សកម្មភាពសង្គមសេដ្ឋកិច្ចទូទៅ។ ប្រការនេះ កម្ពុជាយល់ឃើញថាប្រទេសទាំងអស់ ត្រូវបន្តប្រឹងប្រែង និងរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចគោលដៅដ៏ចម្បងមួយ ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយ ជៀសវាងឲ្យបានក្នុងការប្រយុទ្ធប្រឆាំងជំងឹកូវីដ១៩ ធ្វើជារបៀបវីរៈនយោបាយ និងបម្រើដល់នយោ បាយរបស់ខ្លួន។ ហើយកម្ពុជាបន្តចូល រួមយ៉ាងសកម្មតាមលទ្ធភាពរបស់ខ្លួនជាមួយនឹងបណ្តាប្រទេសទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩នេះ ដើម្បីនាំសកលលោកវិលទៅរកភាពសុខដុមរមនាឡើងវិញ។
ចំណែកលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីវិញ បានសម្តែងការអបអរសាទរកម្ពុជា ដែលបានធ្វើការយ៉ាងជោគជ័យ ក្នុងការឆ្លើយ តបទៅនឹងបញ្ហាការប្រឈមដ៏លំបាក ដែលកន្លងមកនេះយើងមានការលំបាកច្រើនហើយសុទ្ធតែដោះស្រាយការលំបាកនេះបាន។
ទាក់ទងនឹងជំងឺកូវីដ- ១៩ រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីបញ្ជាក់ថា ជំងឺកូវីដ-១៩ សុទ្ធតែជាមេរោគមើលមិនឃើញ ដូច្នេះគឺពិតជាការលំបាកបំផុត ដែលបានពុះពាល់ទាំងម៉ាឡេស៊ី ទាំងកម្ពុជា និងពិភពលោក។ វិបត្តិនេះ ក៏ជាឱកាសមួយដែលធ្វើឲ្យយើងត្រូវខិតខំប្រឹងប្រែងថែមទៀត ដើម្បីជំរុញទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់ខ្លាំងក្លាឡើងដើម្បីដោះស្រាយបញ្ហាទាំង អស់នេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីបានមានប្រសាសន៍ថា បច្ចុប្បន្នប្រទេសម៉ាឡើស៊ី មានគោលនយោបាយ ដោយបានចាប់ផ្តើមបើកការធ្វើដំណើរឆ្លងព្រំដែនរដ្ឋផ្ទៃក្នុងរបស់ម៉ាឡេស៊ី បន្ទាប់ មកបើកឲ្យប្រជាជនចេញទៅបរទេស នៅសប្តាហ៍ក្រោយបើកឲ្យសាលាដំណើរការ និងបើកនៅថ្នាក់សកលវិទ្យាល័យ និងឧត្តមសិក្សាឡើងវិញ។ ចំពោះវិស័យសេដ្ឋកិច្ចក៏បានបើកដំណើរការជាបណ្តើរៗជាច្រើនហើយដែរដែលយើងសង្កេត ឃើញថា តួរលេខឆ្លងនៅម៉ាឡេស៊ីធ្លាក់ ចុះ ដែលពីមុន ក្នុង១ថ្ងៃមានរហូតដល់ជាង ២ម៉ឺននាក់ ហើយឥឡូវធ្លាក់មកនៅ ៦ពាន់ និង៧ពាន់នាក់ ដែលជាឱកាសឈានទៅបើកដំណើរការឡើងវិញ៕សរន