ប្រែសម្រួលៈវាសនា៖ ខ្មាន់កាំភ្លើងដែលគេសង្ស័យថាជាពួកឧទ្ទាមបានសម្លាប់ទាហានឥណ្ឌា២នាក់ក្នុងអំឡុងពេលតាមប្រមាញ់ពួកឧទ្ទាមមួយនៅរដ្ឋកាស្មៀ កន្លែងដែលមនុស្ស២២នាក់បានស្លាប់នៅក្នុងអំពើហិង្សាដ៏រាលដាលនៅ២សប្តាហ៍មកនេះ។
វរសេនីយដេវេនដា អាណាន់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងកាលពីថ្ងៃសុក្រថា ទាហានបានដេញតាមពួកឧទ្ទាមនៅតំបន់ព្រៃមួយក្នុងរដ្ឋកាស្មៀខាងត្បូងនៅពេលការបាញ់គ្នាមួយបានផ្ទុះឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍។ការតាមស្វែងពួកឧទ្ទាមនេះកាន់តែបង្កើនទំហំបន្ទាប់ពីទាហាន៥នាក់ត្រូវបានសម្លាប់នៅក្បែរកន្លែងដដែលកាលពី៣ថ្ងៃមុន។
អំពើហិង្សានៅក្នុងទឹកដីដែលសំបូរជនអ៊ីស្លាមរស់នេះនេះ កាន់តែរីកធំចាប់តាំងពីសប្តាហ៍មុននៅពេលពួកសកម្មប្រយុទ្ធធ្វើការវាយប្រហារដែលបណ្តាលអោយជនស៊ីវិល៧នាក់ស្លាប់ រួមមាន៣នាក់មកពីក្រុមជនជាតិភាគតិចហិណ្ឌូ និងសហគមន៍ស៊ីង។
សមាជិកខ្លះក្នុងសហគមន៍ជនជាតិភាគតិច បានភៀសខ្លួនចេញពីជ្រលងភ្នំកាស្មៀដោយខ្លាចពួកគេជាសុខសញ្ញាវាយប្រហារដែលនាំអោយគេនឹកដល់អំពើហិង្សាក្នុងទសវត្សរ៍១៩៩០ដែលនាំអោយជនហិណ្ឌូនរាប់ពាន់នាក់ភៀសខ្លួនចេញពីតំបន់នេះ។
ជនដែលគេសង្ស័យថាជាពួកឧទ្ទាម៨នាក់ក៏ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នានិងការវាយឆ្មក់របស់យោធានៅ២សប្តាហ៍មកនេះ។នៅឆ្នាំនេះ មនុស្សជាង១២០នាក់ត្រូវបានសម្លាប់នៅកាស្មៀ។
សូមបញ្ជាក់ថា កាស្មៀ ត្រូវបានបែងចែកម្ខាងរបស់ឥណ្ឌានិងម្ខាងរបស់ប៉ាគីស្ថាន ចាប់តាំងពីពួកគេទទួលបានឯករាជ្យភាពពីអង់គ្លេសនៅឆ្នាំ១៩៤៧។តែប្រទេសមាននុយគ្លេអ៊ែរទាំងពីរចោទប្រកាន់គ្នា ថាម្ខាងធ្វើបាបជិះជាន់អ្នកកាន់សាសនាអ៊ីស្លាមនៅកាស្មៀនិងម្ខាងទៀតចោទថាចិញ្ចឹមបំប៉ននិងផ្តល់កន្លែងស្នាក់អាស្រ័យដល់ពួកភេរវករអ៊ីស្លាម។ដោយសារជម្លោះតំបន់ហេមពាន្តនេះ ប្រទេសទាំងពីរបានធ្វើសង្គ្រាមនឹងគ្នា២ដង។
ភាពតានតឹងក៏បានកើនឡើងចាប់តាំងពីរដ្ឋាភិបាលជាតិនិយមហិណ្ឌូរបស់ឥណ្ឌា បញ្ជប់ឋានៈពាក់កណ្តាលស្វ័យភាពរបស់កាស្មៀខាងឥណ្ឌា និងដាក់វានៅក្រោមការគ្រប់គ្រងយ៉ាងតឹងរឹងចាប់តាំងពីឆ្នាំ២០១៩មក៕
ទាហានឥណ្ឌានៅកាស្មៀ បង្កើនការប្រុងប្រយ័ត្ននៅពេលអំពើហិង្សាកើនឡើង