ដោយៈ រិ​ទ្ធិ​សែន / ពោធិ៍សាត់ៈ សត្វ​ពស់ថ្លាន់ ៨៧ ក្បាល ត្រូវបាន​មន្ត្រី​ឧុ​ទ្យា​ន​នុ​រក្ស សត្វព្រៃ​ភ្នំ​តា​ម៉ៅ នាំយកមក​លែង​ចូល​ព្រៃ ក្នុង​តំបន់​អភិរ​ក្យ​ធម្មជាតិ ចំណុច​ឡូ​ត៌​អភិរក្ស ជលផល (​អតីត​ឡូត៍​នេសាទ​លេខ​៦) ស្ថិតក្នុង​ភូមិ​កោះ​ក្អែក ឃុំ​រាំង​ទិល ស្រុក​កណ្តៀង​វិញ នៅ​ថ្ងៃទី​១៤ តុលា ២០២១ ម្សិលមិញ ដើម្បីឱ្យ​សត្វ​ពស់ថ្លាន់ ទាំងអស់នេះ បាន​បង្កើត​ពូជ បន្តទៀត ។​

​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តពោធិ៍សាត់ លោក ភុំ វិមល បានអោយដឹង​នៅ​រសៀល​ថ្ងៃទី​១៥ តុលា ២០២១ នេះ​ថាៈ សត្វ​ពស់ថ្លាន់ ទាំង ៨៧ ក្បាល​នេះ ត្រូវបាន​ក្រុម​ឧ​ទ្យា​នុ​រក្ស​សត្វព្រៃ ភ្នំ​តា​ម៉ៅ ប្រមូលយក​ចេញពី​ភ្នំ​តា​ម៉ៅ ដោយ​នាំយកមក​លែង នៅក្នុង​តំបន់​អភិរក្ស​ព្រៃ​ធម្មជាតិ ក្នុង​បឹង​ទន្លេសាប​វិញ​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល នៃ​មន្ទីរ​កសិកម្ម ខេត្តពោធិ៍សាត់ បាន​អំពាវនាវ ដល់​បងប្អូន ប្រជាពលរដ្ឋ នៅក្នុង​តំបន់​ខាងលើនេះ​ក្ដី នៅក្រៅ​តំបន់​នេះ​ក្ដី សូម​មេត្តាជួយ​ថែរក្សា​ការពារ និង​អភិរក្ស​សត្វព្រៃ គ្រប់​ប្រភេទ កុំ​ចាប់ ឬ​កុំ​ជួញដូរ ឬ​សម្លាប់សត្វ និង​កុំ​កាប់​ដុត​ឆ្ការ រុករាន ទន្ទ្រាន​ដីព្រៃ ដែល​ជំ​ជា​រក​ជីវចម្រុះ​គ្រប់​ប្រភេទ សូម​ចូលរួម​ថែរក្សា ធនធានធម្មជាតិ​រប​ស់ ជាតិ​យើងទាំងអស់គ្នា សូមកុំ​ជួញដូរ​សត្វព្រៃ ជា​អំពើ​ផ្ទុយ​នឹង​ច្បាប់​៕/V​