ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បាន​ឲ្យ​ដឹងថា តាម​របាយការណ៍ ពី​ក្រុមប្រឹក្សាឃុំ សង្កាត់ គិត​ត្រឹម​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ នេះ ចំនួន​ភ្នាក់ងារ​គណបក្សនយោបាយ ស្នើសុំ​សម្រាប់​សង្កេតមើល ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ សរុប​មាន​ចំនួន ៤.២៨៩ នាក់ ក្នុងនោះ ជា​ស្ត្រី​មាន​ចំនួន ១.១១៩ នាក់​។​

​ភ្នាក់ងារ​គណបក្សនយោបាយ ដែល​ត្រូវបាន​អនុញ្ញាត មានដូចជា ១.​គណបក្ស​ប្រជាជន កម្ពុជា មាន​ភ្នាក់ងារ ចំនួន ៤.១៦៧ នាក់ (​ស្រី​១.១០៥​នាក់​) នៅក្នុង ២៥ / ២៥ រាជធានី -​ខេត្ត និង ១.៥៧៧ / ១.៦៤៦ ឃុំ សង្កាត់​។ ២.​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មាន​ភ្នាក់ងារ ចំនួន ១០៨ នាក់ (​ស្រី​១៤​នាក់​) នៅក្នុង ១៣/២៥ រាជធានី​-​ខេត្ត និង ៧៨/១.៦៤៦ ឃុំ សង្កាត់ ។ ៣.​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ មាន​ភ្នាក់ងារ ចំនួន ១៤ នាក់ នៅក្នុង ៣/២៥ រាជធានី -​ខេត្ត និង ៧/១.៦៤៦ ឃុំ សង្កាត់​។ ចំនួន​ភ្នាក់ងារ ទាំង ៣ គណបក្ស សរុប​រួម ៤.២៨៩ នាក់ (​ស្រី​១.១១៩​នាក់​។​

​ការចុះឈ្មោះ​ភ្នាក់ងារ​គណបក្សនយោបាយ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២២ ។

​សូមបញ្ជាក់ថា ភ្នាក់ងារ​គណបក្សនយោបាយ ដែល​ចូលរួម​សង្កេតមើល ដំណើរការ ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ត្រូវគោរព​ច្បាប់ បទបញ្ជា ដែល​ពាក់ព័ន្ធ ជា​ធរមាន និង​ប្រកាន់ខ្ជាប់ នូវ​ក្រមសីលធម៌ សម្រាប់​គណបក្សនយោបាយ បេក្ខជន និង​ភ្នាក់ងារ​គណបក្សនយោបាយ ក្នុង​ដំណើរការ​បោះឆ្នោត​៕/V