​ដោយៈ ភ្នំ​ខៀវ / ប៉ៃលិនៈ កំណាត់​ផ្លូវ​មួយកន្លែង ត្រង់ចំណុច​អូរ​ខ្ទីង ក្នុង​ក្រុងប៉ៃលិន បាន​បិទ​ផ្អាក​ដំណើរការ ជា​បណ្តោះអាសន្ន ក្រោយ​ទឹកភ្លៀង បាន​ហូរ​គំហុក​ខ្លាំង​បុក​ផ្តាច់​។​

​លោក ស៊ុន យី អភិបាលក្រុង​ប៉ៃលិន បាន​ប្រាប់​ឲ្យ​ដឹង នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១ នេះ​ថា​÷ នៅថ្ងៃនេះ ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅ​ស្ទឹង​ប​រយ៉ា​ខា បាន​ហក់​ឡើង យ៉ាង​លឿន ធ្វើ​ឲ្យ​អំណាច​ទឹក បាន​ហូរ​បោក​បុក​ខ្លាំង បណ្ដាលអោយ​បាក់ លូបង្ហូរទឹក ១​កន្លែង ជាច្រើន​ម៉ែត្រ នៅត្រង់ចំណុច​អូរ​ខ្ទីង ភូមិ​ក្រចាប់​លើ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ចាំបាច់ ត្រូវ​បិទ​ផ្អាក ដំណើរការ​មួយរយៈ​ពេល​សិន រង់ចាំ​ទឹក​ស្រក​ចុះ ប្រសើរ​ឡើងវិញ​។​

​ទឹកជំនន់​ដែល​ជោរជន់​ខ្លាំង​នេះ បាន​ផ្តើមឡើង ដោយសារ​នៅមុន​ប៉ុន្មាន ថ្ងៃ​ចុងក្រោយ ទឹកភ្លៀង បាន​ធ្លាក់​គ្របដណ្តប់ រាយប៉ាយ ជា​បន្តបន្ទាប់ ច្រើន​ថ្ងៃ ទើប​ជាហេតុ​នាំ​ឲ្យ ទឹកភ្លៀង ហូរ​ចាក់​ចុះ​ទំនាប​ស្ទឹង ហើយ​ជន់​ឡើង​លឿន យ៉ាងគំហុក​បែបនេះ​។​

​ស្ថានភាព​ទឹកស្ទឹង ប​រយ៉ា​ខា ហក់​ឡើង​ខ្លាំង ខាងលើ បាន​បង្ខំ​ឲ្យ​អាជ្ញាធរ ក៏ដូចជា កងកម្លាំង​ទាំងបី គណ​:​បញ្ជាការ​ឯកភាព ត្រៀមលក្ខណៈ​ជាស្រេច ក្នុង​ការចុះ​អន្តរាគមន៍ សង្គ្រោះ​ប្រជាពលរដ្ឋ ពិសេស​ពលរដ្ឋ ដែល​រស់នៅ​ក្បែរ​តំបន់​នេះ ក្នុង​ប្រការ​រងគ្រោះ​ផ្សេងៗ ដែល​អាច​កើតមានឡើង ជាយថាហេតុ​៕/V​