ដោយ:ភ្នំខៀវ/ប៉ៃលិន:មន្ទីរធនធានទឹកនិងឧតុនិយមខេត្តប៉ៃលិនបានប្រកាសជូនដំណឹងដល់ពលរដ្ឋដែលរស់នៅតាមដងអូរ ដងស្ទឹង ឲ្យបង្កើនការប្រុងប្រយ័ត្នដោយសារស្ថានភាពបច្ចុប្បន្នទឹកជន់កើនឡើងជាបន្តបន្ទាប់។

នៅល្ងាចថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១នេះមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិនបានជូនដំណឹងបន្ទាន់ដល់បងប្អូន ប្រជាពលរដ្ឋពិសេសពលរដ្ឋដែលរស់នៅតាមដងអូរដងស្ទឹងទាំងអស់ក្នុងភូមិសាស្ត្រខេត្តប៉ៃលិនឲ្យបង្កើនការយកចិត្តទុកនិងប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពក៏ដូចជារៀបចំទុកដាក់សម្ភារឬទ្រព្យសម្បត្តិមានតម្លៃនានាទៅលើទីទួលផុតពីការប៉ះពាល់។

ការប្រកាសជូនដំណឹងភ្លាមៗដោយមន្ទីរជំនាញរួមទាំងអាជ្ញាធរនេះដោយសារមានទឹកភ្លៀងបានបន្តធ្លាក់ក្នុងរយ:ពេល ជាង ១០ម៉ោងនៅថ្ងៃទី ១៥ ខែតុលានេះបានធ្វើឲ្យកម្ពស់ទឹកភ្លៀងកើនឡើងពីចន្លោះ ៥០ ទៅ៦០មីលីម៉ែត្រជាហេតុ ធ្វើឲ្យទឹកនៅក្នុងអូរ និងក្នុងដងស្ទឹងហក់ឡើងខ្ពស់។

ប្រភពខាងលើបន្ថែមថាមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាននឹងកំពុងបន្តការតាមដានយ៉ាងចិត្តទុកដាក់អំពីស្ថានភាពកម្រិតទឹក នឹងជូនដំណឹងបន្តបន្ទាប់ទៀត ដើម្បីបញ្ចៀសការប៉ះពាល់ធ្ងន់ធ្ងរ៕សរន