ដោយ​: ម៉េង​ឆៃ​/​ភ្នំពេញ​: ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរខេត្ត​មួយចំនួនបាន​បន្ត​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាលសម្រាប់​រយៈពេលចាប់ពីមួយអាទិត្យ ដល់ពីរ​អាទិត្យ​ទៀត ដោយ​គិត​ចាប់ពី​ថ្ងៃទី​១៥ ខែតុលា​តទៅ​។ ក្នុង​ការបន្ត​វិធានការ​រដ្ឋបាល​នេះ អាជ្ញាធរ​រាជធានី​ខេត្ត តម្រូវអោយ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​អាជីវកម្ម ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដូចជា រោងភាពយន្ត ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក និង​អាជីវកម្ម​ក្លឹប​កម្សាន្ត​គ្រប់​ប្រភេទ និង​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជនដែល មាន​មនុស្ស​ចូលរួម​លើសពី ៥០​នាក់​។

​ក្នុង​ការបន្ត​វិធានការ​រដ្ឋបាលចាប់ពី​ថ្ងៃទី​១៥ ខែតុលា ដោយ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដូចជា រោងភាពយន្ត ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក និង​អាជីវកម្ម​ក្លឹប​កម្សាន្ត​គ្រប់​ប្រភេទ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ក្នុង​វិធានការ​រដ្ឋបាល​នោះ អាជ្ញាធរ​រាជធានី​ខេត្ត ក៏បាន​កំណត់​ហាមឃាត់​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន ដែលមាន​មនុស្ស​ចូលរួម​លើសពី ៥០​នាក់ លើកលែងតែ​ការជួបជុំ ក្នុងចំណោម​សមាជិកគ្រួសារ ដែល​រស់នៅក្នុង​លំនៅឋាន ឬ​ទី​សំណាក់​ជាមួយគ្នា ការរៀបចំ​ពិធី​បុណ្យសព ដោយ​គោរព​តាម​ការកំណត់​របស់​អា​ជ្ញា​ធរមាន​សមត្ថកិច្ច ការជួបជុំ​របស់​ស្ថាប័ន​សាធារណៈ ការប្រមូលផ្តុំ​មនុស្ស និង​ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល ដែល​បំពេញការងារ​ផ្សេង និង​ការចាក់​វ៉ា​ក់​ការពារ​ជំងឺ​កូ​វីដ​-១៩ និង​ការជួបជុំ​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច បំពេញការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ជាដើម​។

​អាជ្ញាធរ​រាជធានី​ខេត្ត ក៏បាន​ព្រមាន​អនុវត្ត​ទណ្ឌកម្ម រដ្ឋបាល និង​ទណ្ឌកម្ម​ច្បាប់ រួមទាំង​ការផ្សព្វផ្សាយ​ជា​សាធារណៈ​ចំពោះ​បុគ្គល​ល្មើស ស្របតាម​ច្បាប់ ដោយ​គ្មាន​ការលើកលែង​ឡើយ ក្នុងករណី​រកឃើញថា​បុគ្គល ឬ​នីតិបុគ្គល​ទាំងឡាយណា ដែល​បំពាន​វិធានការ​រដ្ឋបាល​នេះ​ផងដែរ​។​

​ការសម្រេច​បន្ត​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន រយៈពេល​ពី ១​សប្តាហ៍ ទៅ ២​សប្តាហ៍ ចាប់ពី​ថ្ងៃទី​១៥ ខែតុលា​នេះ យ៉ាងហោចណាស់ ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ នៅ​ខេត្តកំពង់ចាម និង​នៅ​ខេត្តបន្ទាយមានជ័យ ជាដើម​។​

​ការបន្ត​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ រយៈពេលមួយ​អាទិត្យ ទៅពីរអាទិត្យ​ទៀត​នេះ ធ្វើឡើង ខណៈដែល​ក្រុមការងារ​អន្តរក្រសួងបានរៀបចំ​ផែនការ និង​គោលនយោបាយឈានទៅ​បើក​ប្រទេស​ឡើងវិញ លើ​គ្រប់​វិស័យ ដោយ​ចាប់ផ្តើម​ពី​វិស័យ​ទេសចរណ៍​។ គម្រោង​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យនេះ ត្រូវបាន​ដាក់ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ពិនិត្យ និង​សម្រេច ហើយ​យ៉ាងយូរ​ត្រឹម​ចុង​ឆ្នាំនេះ ឬក៏​ដើមឆ្នាំ​២០២២ អ្វីៗ​នឹង​ដំណើរការ​ឡើងវិញ​។​

​យ៉ាងណាក៏ដោយ ដាក់​សម្រេច​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល ពីមួយសប្តាហ៍ ទៅ ពីរសប្តាហ៍​នេះ ក៏​ធ្វើឡើង​ខណៈដែល​ត្រូវ​រង់​ចាំមើល​លទ្ធផល​នៃ​ការបើក​ដំណើរការ​សាកល្បង​ទេសចរ​ផ្ទៃក្នុង ដោយ​កាលពីពេល​បុណ្យ​ភ្ជុំបិណ្ឌ មាន​អ្នក​ដើរលេង​ច្រើន រហូតដល់​កន្លែង​ខ្លះ​កកស្ទះ និង​ប្រជ្រៀត​គ្នា​។ តែ​គេ​ត្រូវ​រង់ចាំ​ដល់ ២​សប្តាហ៍ ទៅ ៣​សប្តាហ៍ ក្រោយ​ភ្ជុំ ទើប​អាច​ដឹងថា តើ​ព្រឹត្តិការណ៍​កាលពីពេល​ភ្ជុំបិណ្ឌ មាន​អ្នក​ឆ្លង​កូ​វីដ ឬទេ​?

​មកដល់​ចុង​សប្តាហ៍​ទី​១ ក្រោយ​ភ្ជុំ​នេះ គឺ​មិនមាន​សេចក្តីរាយការណ៍​ពី​ករណី​ឆ្លង​កូ​វីដ​១៩ ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ នោះទេ​។ ក្នុងនោះ រៀងរាល់ថ្ងៃ ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ មាន​ក្នុង​រង្វង់​ជាង ២០០​នាក់ ក្នុងមួយ​ថ្ងៃៗ តែ​ក៏មាន​អ្នកជា​សះស្បើយ​ចាប់​ជាង ៣០០​នាក់ ទៅ​ជាង ៤០០​នាក់ ក្នុងមួយថ្ងៃ​។ រីឯ​ចំនួន​អ្នកស្លាប់ ដោយ​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន​ជាង ២០​នាក់ ក្នុងមួយ​ថ្ងៃ​។

​ការត្រៀម​ផែនការ​បើក​ប្រទេស​ឡើងវិញ រួមទាំង​ការបន្ត​វិធានការ​រដ្ឋបាល​នេះ ក៏បាន​ធ្វើឡើង ក្នុងពេល​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ ចាប់ពី​អាយុ ៦​ឆ្នាំ​ឡើងទៅ មាន​ចំនួន​ជាង ១៣​លាន ៥០​ម៉ឺន​នាក់ ដែល​ស្មើ​ជាង ៨៤​ភាគរយ នៃ​ប្រជាជន​សរុប ១៦​លាន​នាក់​។ ក្នុងនោះ យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ ក៏បាន​ចាប់ផ្តើម កាលពី​ថ្ងៃទី​១១ ខែតុលា នៅ​ភ្នំពេញ ហើយ​អាច​នៅក្នុង​ខែវិច្ឆិកា និង​ខែធ្នូ​ខាងមុខនេះ ដំណើរ​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ នឹង​បញ្ចប់​នៅ​ទូទាំងប្រទេស​។​

​ដូច្នេះ​បើសិនជា​រយៈពេល ២​សប្តាហ៍ ទៅ ៣​សប្តាហ៍​ក្រោយ​ភ្ជុំ មិនមាន​ផ្ទុះ​ករណី​ឆ្លង​កូ​វីដ ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​ទេ គឺ​ក្រោយពេល​បញ្ចប់​ការបន្ត​វិធានការ​រដ្ឋបាល នៅ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួនទៀត នៅពេលនោះ កម្ពុជា​អាច​នឹង​ប្រកាស​បើក​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​ទេសចរណ៍ ដោយ​សំដៅលើ​ទេសចរ​វ៉ាក់សាំង​។ ទេសចរ​វ៉ាក់សាំង ជា​ក្រុម​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ទើប​អនុញ្ញាត​ឲ្យ​ចូល​មកលេង​នៅ​កម្ពុជា និង​នៅតាម​រមណីយដ្ឋាន​នានា​។​

​ពេលនេះ ប័ណ្ណ​វ៉ាក់សាំង ក៏បាន​អនុវត្ត​នៅក្នុង​រាជធានី​ភ្នំពេញ​។ ពោលគឺ​រាល់​ការចេញចូល​សាលារៀន ផ្សារ និង​កន្លែង​អាជីវកម្ម​នានា តម្រូវ​ឲ្យ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​។ នោះ​គឺ​អ្នក​ចាក់​វ៉ាក់សាំង​រួច ទើប​អនុញ្ញាត​ឲ្យ​ចេញចូល​ទីតាំង​ទាំងអស់នោះ​។ វិធានការ​នេះ នឹង​អនុវត្ត​នៅ​បណ្តា​ខេត្ត​ផ្សេងទៀត មុននឹង​កម្ពុជា ឈានដល់​ការបើក​ទេសចរណ៍​វ៉ាក់សាំង​ឆាប់ៗ​ខាងមុខនេះ​៕​សរន